អ្នកស្រុក​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ជម្លោះ​ក្បែរ​ព្រះវិហារ​កំពុង​ជួប​ការ​លំបាក

ការ​ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​រយៈ​ខ្លី​រវាង​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ កាល​ពី​ថ្ងៃ​៣ មេសា កន្លង​មក​នេះ បាន​បង្ក​ឲ្យ​មាន​ជន​ភៀស​សឹក​ខាង​ខ្មែរ​ដល់​ទៅ​ជាង ៣០០​គ្រួសារ។

0:00 / 0:00

ពលរដ្ឋ​ជាង​៣០០​គ្រួសារ​រស់​នៅ​ភូមិ​ខាង​ក្រោម​ប្រាសាទ​ព្រះវិហារ​ដែល​ជា​ជន​ភៀស​សឹក​ភៀស​ខ្លួន​ ចេញ​ពី​តំបន់​ប៉ះ​ប្រយុទ្ធ​គ្នា ទៅ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ភូមិ​ស្រអែម​នៃ​ឃុំ​កន្ទួត​ស្រុក​ជាំក្សាន្ត​ខេត្ត​ព្រះវិហារ កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ស្បៀង​អាហារ លំនៅ សម្លៀក​បំពាក់​និង​ចាន​ឆ្នាំង​ប្រើ​ប្រាស់ បន្ទាប់​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ជាង​២៥០​ខ្នង​ត្រូវ​បាន​ឆេះ​បំផ្លាញ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​មក។

ក្រុម​ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ​និង​ក្នុង​អគារ​ទីផ្សារ​មួយ​កន្លែង បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មេសា​ថា ទ្រព្យ​សម្បត្តិ សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​អគ្គីភ័យ​ឆេះ​បំផ្លាញ​ដោយសារ​ត្រូវ​គ្រាប់​ផ្លោង​របស់​កង​ទាហាន​ថៃ។

ពលរដ្ឋ​ភៀស​ខ្លួន​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ
RFA Photo/Uy Sophea

បុរស​ចំណាស់​ឈ្មោះ ស៊ីវ អូន ដែល​កំពុង​អង្គុយ​ជ្រក​ក្រោម​តង់​កៅស៊ូ​បាន​មាន​ប្រសាសន៍​ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​ឆេះ ហើយ​ទ្រព្យ​សម្បត្តិ​និង​សម្ភារៈ​គិត​ជា​ទឹក​ប្រាក់​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក​ត្រូវ​បាត់​បង់ ៖ «អស់​ផ្ទះ អស់​អីវ៉ាន់ បើ​គិត​ជា​លុយ​វា​ជាង​១​ម៉ឺន​[ដុល្លារ] អត់​មាន​បាន​យក​អី​ចេញ​ទេ ចេញ​តែ​ខ្លួន ព្រោះ​អាង​ថា​មិន​អី​ទេ»

ស្រ្តី​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​មាន​ប្រសាសន៍​ដោយ​បង្ហូរ​ទឹក​ភ្នែក​ថា ផ្ទះ​សម្បែង​និង​របស់​របរ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​បាន​ឆេះ​គ្មាន​សល់ ហើយ​ពេល​រត់​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ប៉ះ​ប្រយុទ្ធ​មិន​មាន​អ្វី​ទាំង​អស់​គឺ​បាន​តែ​កូន​និង​ខោ​អាវ​មួយ​ចង្កេះ​ប៉ុណ្ណោះ ៖ «ខ្ញុំ​អស់​រលីង សូម្បី​តែ​ខោ​ខ្លី​កូន​មួយ​ក៏​គ្មាន ខ្ញុំ​មក​នៅ​ទី​នេះ​១០​ឆ្នាំ​តាម​ប្ដី គ្រាប់​វា​បាញ់​សម្រុក​មក​បុក​ត្រូវ​ទាំង​ផ្ទះ​ទាំង​ផ្សារ។ ខ្ញុំ​អាយុ​ថ្លៃ បើ​សិន​ខ្ញុំ​មិន​បាន​រត់​ចូល​ត្រង់សេ​[លេណដ្ឋាន]​ទាន់​ទេ ប្រាកដ​ជា​ធ្លុះ​ដូច​រន្ធ​គេ​រោយ​នំបញ្ចុក​អ៊ីចឹង។ ខ្ញុំ​ឈឺ​ចាប់​ជាមួយ​សៀម​ហ្នឹង​ខ្លាំង​ណាស់ ខ្ញុំ​មិន​ដឹង​ស្រែក​ប្រាប់​អ្នក​ណា មាន​តែ​សុំ​អង្វរ​ឲ្យ​សម្ដេច​តេជោ ជួយ​ឲ្យ​ប្រជាជន​មាន​មុខ​របរ​លក់​ដូរ​ឡើង​វិញ»

តាម​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ភៀស​សឹក​រាប់​ពាន់​នាក់ កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​ជា​ច្រើន ដូច​ជា​ខ្វះ​ខាត​ស្បៀង ចាន​ឆ្នាំង​ស្លាបព្រា​គ្មាន​សម្លៀក​បំពាក់​គ្រប់គ្រាន់​គ្មាន​ទី​ជម្រក​និង​ប្រឈម​មុខ​បញ្ហា​សុខភាព។

អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ស ថាវី បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ប្រជា​ពលរដ្ឋ​ទាំង​នោះ​កំពុង​ខ្វះខាត​សព្វ​គ្រប់​ទាំង​អស់ ដែល​លោក​សូម​អំពាវនាវ​ដល់​អង្គការ​មនុស្សធម៌​នានា​ជួយ​ផ្តល់​ជំនួយ​មក​ឲ្យ​ពួកគេ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក ស ថាវី ថ្លែង​ដូច្នេះ​ថា ៖ «គាត់​ឆេះ​អស់​ហើយ សប្បុរស​ជន​មាន​អី យក​ហ្នឹង​មក គាត់​មិន​ដែល​ទៅ​ប្រកែក​អី មាន​តង់​មាន​អី​គឺ​ជា​ការ​ប្រសើរ»

តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិ​សម្បទា​និង​កាកបាទ​ក្រហម​របស់​ខេត្ត​ព្រះវិហារ​បាន​ផ្ដល់​ស្បៀង​អាហារ ចែក​មុង​និង​តង់​កៅស៊ូ​មួយ​ចំនួន​ដែល​ជា​ជំនួយ​បន្ទាន់​ម្តង​មក​ហើយ ក៏​ប៉ុន្តែ​ជំនួយ​នោះ​មិន​ទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ជន​ភៀស​សឹក​ទាំង​នោះ​នៅ​ឡើយ។

សូម​បញ្ជាក់​ថា ជន​ភៀស​សឹក​ទាំង​នោះ​ត្រូវ​បាន​កង​ទាហាន​ខ្មែរ​ជម្លៀស​ចេញ​ទៅ​រក​ទី​សុវត្ថិភាព​តាំង​តែ​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​មេសា បន្ទាប់​ពី​មាន​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​នៅ​តំបន់​ជម្លោះ​វាល​ឥន្ទ្រីយ៍​និង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ៕