រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ខ្មែរ​ស្នើ​ឲ្យ​កាសែត​បរទេស​កែ​តម្រូវ​កំហុស​ឆ្គង

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ខ្មែរ​បាន​ស្នើ​ដល់​សារព័ត៌មាន​បរទេស​ដែល​ដកស្រង់​សម្ដី​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​យក​ទៅ​ចុះ​ផ្សាយ ត្រូវ​សរសេរ​ពាក្យ​ជា​ភាសា​បរទេស​ឲ្យ​ត្រូវ​អត្ថន័យ​តាម​ខ្លឹមសារ​ដើម ដើម្បី​បញ្ចៀស​ភាព​ច្របូក​ច្របល់ និង​អាប់ឱន​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​ប្រទេស។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​ក្រសួង​ព័ត៌មាន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១៥ កុម្ភៈ ២០១០។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​ក្រសួង​ព័ត៌មាន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១៥ កុម្ភៈ ២០១០។ (RFA/Den Ayuthyea)

0:00 / 0:00

ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ទាន់​មួយ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា នៅ​ក្នុង​ដំណើរ​ចុះ​សួរ​សុខ​ទុក្ខ​កងទ័ព​កម្ពុជា​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ពាក្យ​ទៅ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយក​រដ្ឋមន្ត្រី​ថៃ ថា ឲ្យ​អាភីស៊ិត​ស្បថ តើ​ឈ្លានពាន​ខ្មែរ​ឬ​អត់? មិន​មែន​ប្រើ​ពាក្យ​ដាក់​បណ្តាសា​ទៅ​អាភីស៊ិត ដូច​កាសែត​បរទេស​មួយចំនួន​ប្រើ​ពាក្យ​ខុស​នោះ​ទេ។

លោក​ស្នើ​ឲ្យ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​​ទាំង​អស់​ត្រូវ​ប្រើ​ពាក្យ​ឲ្យ​ចំ​ន័យ ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​ច្របូក​ច្របល់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ៖ «កន្លង​មក​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ច្រើន​ណាស់! អ៊ីចឹង​សូម​មេត្តា​ធ្វើ​យ៉ាង​ណា​ជួយ​កែ​ពាក្យ​ហ្នឹង។ សម្ដេច​នាយក​រដ្ឋមន្ត្រី​មិន​បាន​ដាក់​បណ្ដាសា​ទេ សម្ដេច​នាយក​រដ្ឋមន្ត្រី​គឺ​ឲ្យ​អាភីស៊ិត​ស្បថ តើ​ឈ្លានពាន​ខ្មែរ​ឬ​អត់? បើ​អត់​ឈ្លានពាន​មែន​ឲ្យ​ស្បថ​ទៅ! អ៊ីចឹង​ការ​នេះ​វា​ធ្វើ​ឲ្យ​មាន​សភាពការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​ច្របូក​ច្របល់ ហើយ​វា​ប៉ះពាល់​ដល់​រូបភាព​នៃ​ប្រមុខ​រាជ​រដ្ឋាភិបាល​របស់​កម្ពុជា​យើង គឺ​ជា​បញ្ហា​មួយ​ដែល​វា​ទាក់ទង​ធ្ងន់​ណាស់»

លោក​រដ្ឋមន្ត្រី​បន្ត​ថា ដោយ​មាន​កំហុស​ឆ្គង​ក្នុង​ការ​ប្រើ​ពាក្យ​មិន​ចំ​ន័យ​ធ្ងន់ធ្ងរ​របស់​កាសែត​បរទេស​មួយចំនួន​កន្លង​មក បាន​នាំ​ឲ្យ​កាសែត​ថៃ ឬ​អ្នក​នយោបាយ​ថៃ យក​ចំណុច​អវិជ្ជាមាន​នៃ​ការ​ប្រើ​ពាក្យ​មិន​ចំ​អត្ថន័យ​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា និង​បាន​ចោទ​កម្ពុជា​ថា បាន​លូក​ដៃ​ចូល​ជ្រៅ​ទៅ​ក្នុង​​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ថៃ។

លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា ៖ «ដោយសារ​បញ្ហា​នេះ​កន្លង​មក​ទៀត​ឃើញ​ថា កាសែត​ថៃ​បាន​យក​ចំណុច​មួយចំនួន​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ជា​ច្រើន ទាំង​អ្នក​នយោបាយ​ក្ដី ជា​ពិសេស​គេ​បាន​សង្កត់​ថា នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ មាន​តែ​រដ្ឋាភិបាល​កម្ពុជា​ទេ​បាន​ប្រកាស​លូក​ដៃ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មួយ​ទៀត​ដែល​ជា​សមាជិក​អាស៊ាន​ដូច​គ្នា។ សូម​ជម្រាប​ថា មក​ដល់​ពេល​នេះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​អត់​មាន​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ថៃ​ត្រូវតែ​ដូរ​អាភីស៊ិត ឬ​ត្រូវតែ​ដូរ​ស្អី​នោះ​ទេ! សម្ដេច​នាយក​រដ្ឋមន្ត្រី​មិន​ដែល​និយាយ​សោះ! លោក​មាន​ប្រសាសន៍​ថា បញ្ហា​ការ​ជជែក​រឿង​ព្រំដែន​ឥឡូវ​វា​ខ្ជិល​នឹង​ជជែក ពីព្រោះ​អី​ចាំ​ឲ្យ​រដ្ឋាភិបាល​ថ្មី ហេតុ​អី​បាន​សម្ដេច​មាន​ប្រសាសន៍​អ៊ីចឹង? បើ​រដ្ឋាភិបាល​ចាស់​ប្ដូរ​នយោបាយ​អំពី​បញ្ហា​កម្ពុជា... បញ្ហា​ដោយសារ​អាភីស៊ិត រដ្ឋាភិបាល​នេះ​បាន​ផ្ដួល​រដ្ឋាភិបាល​សាម៉ាក់ ដោយ​យក​មូលហេតុ​ធំ រឿង​បញ្ហា​ព្រះវិហារ។ រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន ខ្លួន​ឯង​មិន​អាច​ចរចា​បាន​ជាមួយ​ក្រុម​អាភីស៊ិត បើសិន​ជា​នៅតែ​យក​បញ្ហា​ព្រះវិហារ​ជា​មូលហេតុ​ធំ»

នៅ​ក្នុង​សន្និសីទ​កាសែត លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើក​ឈ្មោះ​កាសែត​បរទេស​ក្នុង​ស្រុក​មួយ​ដែល​កន្លង​មក​បាន​ប្រើ​ពាក្យ​ក្នុង​ភាសា​អង់គ្លេស​ខុស​អត្ថន័យ​យក​មក​ចុះ​ផ្សាយ​ដូច្នេះ ៖ «ជា​ការ​ពិត​ហើយ​កាល​ណា​យើង​ធ្វើ​កាសែត ទាំង​វិទ្យុ ទាំង​កាសែត​បោះពុម្ព ទាំង​ទូរទស្សន៍ ដំណឹង​វា​មក​ផ្ទួនៗ​ណាស់ ហើយ​វា​រហ័ស​ណាស់​ដែល​វា​ទាមទារ​ឲ្យ​យើង​ត្រូវតែ​បក​(បកប្រែ)​ភ្លាមៗ ប៉ុន្តែ​មាន​ពេល​ខ្លះ​នៅ​ពេល​ដែល​យើង​ដាក់​ខុស មាន​ប្រតិកម្ម​អវិជ្ជមាន​ច្រើន​ពេក... អ៊ីចឹង​បាន​ជា​កន្លង​មក​ខ្ញុំ​បាន​ជួប ចក្រា នៅ​ភ្នំពេញ​ប៉ុស្តិ៍ គាត់​បាន​បក "ក្រពើ​ភ្នំ"... ពាក្យ​បច្ចេកទេស គាត់​បក​ថា "ក្រពើ​សៀម" តាម​ពិត​យើង​មាន​ពាក្យ​របស់​យើង​គឺ "ក្រពើភ្នំ"»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ខៀវ កាញារីទ្ធ បាន​ស្នើ​ទៅ​ស្ថាប័ន​ព័ត៌មាន​បរទេស​ទាំងអស់ ប្រសិន​បើ​ស្រពិច​ស្រពិល ឬ​មិន​ច្បាស់​ទៅ​លើ​ពាក្យ​បច្ចេកទេស​ណា​មួយ ត្រូវ​ធ្វើ​ទំនាក់​ទំនង​មក​កាន់​ក្រសួង​ព័ត៌មាន​ដើម្បី​ចៀសវាង​ភាព​ច្របូក​ច្របល់ ឬ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដោយសារ​កំហុស​ឆ្គង​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ខ្លួន​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ៕