ពលរដ្ឋឈ្មោះ កែន សែម នៅក្នុងឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង បានថែ្លងថា អាជ្ញាធរជលផលនៃខេត្តព្រៃវែងបានចាប់រឹបអូសគោយន្តរបស់ប្រជាពលរដ្ឋចំនួន ២គ្រឿង ដោយរាប់ទាំងគោយន្តមួយគ្រឿងរបស់លោកផងកាលពីពេលថ្មីៗនេះ ដើម្បីជំរិតទារប្រាក់ដោយបានចោទប្រកាន់ថា លោកបានភ្ជួររាស់លើដីធ្លីរបស់អាជ្ញាធរជលផល។
លោក កែន សែម បានឲ្យដឹងថា ៖ «គេថា គោយន្តរបស់ខ្ញុំរាស់នៅលើដីឡូត៍របស់គេ ហើយគេឃាត់គោយន្តខ្ញុំទៅ។ គេឲ្យខ្ញុំបង់ចំនួនគោយន្តមួយ ១លាន(រៀល) ហើយគោយន្តពីរ ២លាន។ ខ្ញុំអត់ទាន់បង់ផង ព្រោះឥឡូវបង់លុយក៏គេលែងយកដែរ មិនដឹងគេចង់យ៉ាងម៉េចទេ! ជលផលដើរឃាត់ប្រជាពលរដ្ឋយើងច្រើនណាស់ ហើយទីកន្លែងហ្នឹងមិនមែនខ្ញុំទើបតែធ្វើឥឡូវទេ ម៉ែឪខ្ញុំ ដូនតាខ្ញុំ ក៏គាត់ធ្វើ បង្កបង្កើនផលនៅទីកន្លែងនេះដែរ អាស្រ័យជីវិតបានដោយសារធ្វើស្រែនៅម្ដុំហ្នឹងដែរ»។
លោក នង សារិន ជាប្រធានសម្ព័ន្ធសារព័ត៌មានកម្ពុជា សាខាខេត្តព្រៃវែង ដែលបានទទួលពាក្យបណ្តឹងពីគ្រួសារប្រជាពលរដ្ឋរងគ្រោះ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើនរយគ្រួសារកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរមិនអាចភ្ជួររាស់នៅលើដីធ្លីកសិកម្មនោះបាន។
លោក នង សារិន បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋគាត់ធ្វើស្រែ ធ្វើស្រែតាំងពីឆ្នាំ១៩៨៦មក ក្នុងដីឡូត៍លេខ២០ហ្នឹង ហើយប្រជាពលរដ្ឋមានចំនួន ៤២៦គ្រួសារហ្នឹងជានិច្ចកាលគាត់តែងតែប្រកបរបរកសិកម្ម ធ្វើស្រែក្នុងដីឡូត៍ហ្នឹង ប៉ុន្តែត្រូវទទួលការគាបសង្កត់ពីម្ចាស់ឡូត៍ មិនឲ្យបូមទឹក មិនឲ្យបូមបាច។ ម្ចាស់ឡូត៍ហ្នឹងគាត់ឃុបឃិតជាមួយមន្ត្រីជលផលចាប់ប្រជាពលរដ្ឋបង់លុយ ចាប់ពី ១លាន ទៅ ២លានរៀលឡើងទៅ!»។
ប្រតិកម្មទៅនឹងការរិះគន់ខាងលើនេះ ប្រធានជលផលខេត្តព្រៃវែង លោក ប៊ុន ស៊ីណា បានមានប្រសាសន៍បំភ្លឺថា ដីធ្លីចំនួន ៦០០ហិកតាជាដែនការពារព្រៃលិចទឹកតែងតែរងការទន្រ្ទានដោយគ្រួសារកសិករទាំងនោះ។
លោក ប៊ុន ស៊ីណា បានអះអាងថា ៖ «ដីនេះវាស្ថិតនៅក្នុងដីរង្វង់ព្រៃលិចទឹក ដែលមាន ៦០០ហិកតា ហើយដល់ក្រោយមកគេកាប់រម្លើងព្រៃលិចទឹកអស់ទៅ យើងការពារ ២០០ហិកតាហ្នឹងបានប៉ុន្មានឆ្នាំហើយ។ ក្រោយមកប្រជាពលរដ្ឋគាត់ចេះតែទៅទន្ទ្រានយកដីហ្នឹង បបួលគ្នាទៅលើកជាប្រព័ន្ធច្បាមយកដីហ្នឹង ហើយជលផលបានការពារតាំងពីឆ្នាំ២០០៤-២០០៥។ ដល់ពេលមកឆ្នាំ២០០៨-២០០៩នេះ គាត់សម្រុកចូលធ្វើដីក្នុង ២០០ហិកតាដែលវារីរុក្ខជាតិនិងមានព្រៃលិចទឹកតូចៗដុះ»។
មន្រ្តីជលផលដដែលបានឲ្យដឹងទៀតថា ម៉ាស៊ីនគោយន្តចំនួន ២គ្រឿងនោះ លោកកំពុងតែរក្សាទុកនៅកន្លែង បស់លោក រង់ចាំការដោះស្រាយពីថ្នាក់លើទៀត និងអាចមានការដោះស្រាយសំណុំរឿងនេះនៅតុលាការតាមមាត្រាទី១០១ នៃច្បាប់ស្តីពីជលផល។
ប្រជាពលរដ្ឋបានអះអាងថា គ្រួសារកសិករចំនួន ៤២៦គ្រួសារនៅក្នុងភូមិទួលជ័យ ភូមិទួលកណ្តាល និងភូមិថ្មី នៅក្នុងឃុំព្រះស្តេច ស្រុកព្រះស្ដេច ខេត្តព្រៃវែងនោះ បានធ្វើកសិកម្មនៅទីនោះចាប់តាំងពីឆ្នាំ១៩៨៦មកម៉្លេះ ប៉ុន្តែមានភាពតានតឹងនៅឆ្នាំនេះ៕