ប្រវត្តិ​នយោបាយ និង​ជីវិត​របស់​លោក លី ម្យ៉ុងបាក់

ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ នេះ មេ​ដឹកនាំ​បណ្ដា​ប្រទេស​ធំៗ​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន ដូច​ជា ចិន ជប៉ុន ឥណ្ឌា និង​កូរ៉េខាងត្បូង ធ្វើ​ដំណើរ​មក​កម្ពុជា។

0:00 / 0:00

ក្នុង​ចំណោម​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ទាំង​នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទំនាក់​ទំនង​ពិសេស​នឹង​កម្ពុជា ជាង​គេ ព្រោះ​ថា លោក លី ម្យ៉ុងបាក់ បច្ចុប្បន្ន​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

តើ​លោក លី ម្យ៉ុងបាក់ មាន​ប្រវត្តិ​នយោបាយ និង​ជីវិត​ឯកជន​យ៉ាង​ណា​ខ្លះ?

ប្រធានាធិបតី​ទី១០ របស់​ប្រទេស​កូរ៉េខាងត្បូង លោក លី ម្យ៉ុងបាក់ (Lee Myong Bak) វ័យ ៧១​ឆ្នាំ កើត​នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​១៩៤១ មាន​ប្រវត្តិ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ជំនួញ និង​នយោបាយ។

យោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ ឲ្យ​ដឹង​ថា លោក លី ម្យ៉ុងបាក់ ជា​កូន​ទី៥ ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី ៦នាក់ របស់​លោក លី ចុងអូ (Lee Choung-U) និង​អ្នកស្រី ចេ តេវ៉ុន (Chae TeeWoon) មាន​មុខ​របរ​ជា​កសិករ​ចិញ្ចឹម​សត្វ​ពាហនៈ នៅ​ក្នុង​ទីក្រុង​អូសាកា (Osaka) ប្រទេស​ជប៉ុន។ ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ក្រុម​គ្រួសារ​របស់​លោក លី ម្យ៉ុងបាក់ បាន​ត្រឡប់​មក​រស់នៅ​ទីក្រុង​ប៉ូហាំង (Pohang) ប្រទេស​កូរ៉េ វិញ។

កាល​ពី​នៅ​យុវវ័យ មេ​ដឹកនាំ​កូរ៉េ រូប​នេះ រៀន​បណ្ដើរ ធ្វើ​ការ​ជា​កម្មករ​បោស​សំអាត​បណ្ដើរ ជា​អ្នក​រំដោះ​គ្រួសារ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ។ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា "ភាព​ក្រីក្រ​មិន​អាច​បាត់​សូន្យ​ពី​ជីវិត​យើង​ឡើយ វា​នៅ​តែ​តាម​លង​បន្លាច​គ្រួសារ​ធំ​របស់​ខ្ញុំ រហូត​ខ្ញុំ​មាន​អាយុ ២០​ឆ្នាំ"។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​មិន​ដែល​អស់​សង្ឃឹម​នោះ​ឡើយ។

បន្ទាប់​ពី​បញ្ចប់​បរិញ្ញាបត្រ យុវជន លី ម្យ៉ុងបាក់ បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​វិស្វកម្ម និង​សំណង់​ឈ្មោះ ហីហាន់ដាយ (Hyundai) ជា​បុគ្គលិក​ធម្មតា រហូត​ក្រុមហ៊ុន​ដំឡើង​ឋានៈ​ជា​នាយក​ផ្នែក ក្នុង​ពេល​ដែល​លោក​ធ្វើ​ការ​បាន ៥ឆ្នាំ ហើយ​ទទួល​បាន​តំណែង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ នៅ​ពេល​ដែល​លោក​ធ្វើ​ការ​បាន ១២ឆ្នាំ។

ក្នុង​តំណែង​ជា​អ្នក​គ្រប់គ្រង​ចាត់​ចែង​ទូទៅ​នៅ​ក្រុមហ៊ុន​ហីហាន់ដាយ លោក លី ម្យ៉ុងបាក់ បាន​ចងក្រង​បណ្ដាញ​​ទំនាក់​ទំនង​តាម​រយៈ​ការ​ផ្តល់​កិត្តិ​ប័ណ្ណ​សរសើរ​ជូន​មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន ដូច​ជា លោក លី ក្វាន់យូ ដែល​កាល​ណោះ​ជា​នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក មហាធៀ ប៊ីនមហាម៉ាត់ ជា​ប្រធានាធិបតី​ប្រទេស​ម៉ាឡេស៊ី លោក ហ្សាង ហ្សឺមីង ប្រធានាធិបតី​ចិន លោក មីហាល ហ្គោបេកឆូវ (Mikhail Gobachev) ប្រធានាធិបតី​សហភាព​សូវៀត។

លោក លី ម្យ៉ុងបាក់ ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក្នុង​វ័យ ៥១​ឆ្នាំ ដោយ​ជាប់​ជា​សមាជិក​សភា​មក​ពី​គណបក្ស​កូរ៉េ​ថ្មី (The New Korea Party)។ នៅ​ឆ្នាំ​២០០២ លោក លី ម្យ៉ុងបាក់ បាន​ចូល​រួម​ឈរ​ឈ្មោះ និង​ជាប់​ជា​ចៅហ្វាយ​ក្រុង​សេអ៊ូល ដោយ​លោក​បាន​ប្រកាស​ថា "ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សេអ៊ូល ប្រសើរ​គ្រប់​យ៉ាង"។ កាសែត​កូរ៉េ រាយការណ៍​ថា មនុស្ស​ជាច្រើន​សង្ស័យ​នឹង​សមត្ថភាព​របស់​លោក​អភិបាល​ក្រុង​លី ប៉ុន្តែ​លោក​បាន​ធ្វើ​ការងារ​ដ៏​ល្អ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​ការពារ​បរិស្ថាន​នៅ​ទីក្រុង​សេអ៊ូល។

បន្ទាប់​ពី​លោក​ធ្វើ​ការងារ​ជា​អភិបាល​ក្រុង​បាន ២ឆ្នាំ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ក្រុង​សេអ៊ូល ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​អភិវឌ្ឍន៍​កំពូល ក្នុង​ពិភពលោក ហើយ ៣ឆ្នាំ​បន្ទាប់​ទៀត គឺ​នៅ​ខែ​តុលា ឆ្នាំ​២០០៧ លោក លី ម្យ៉ុងបាក់ ត្រូវ​បាន​ទស្សនាវដី្ត​ល្បី​ឈ្មោះ​អាមេរិក ជ្រើស​រើស​ជា​វីរបុរស​បរិស្ថាន​ប្រចាំ​ឆ្នាំ។

នៅ​ខែ​ធ្នូ ឆ្នាំ​២០០៧ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី លោក លី ម្យ៉ុងបាក់ ជា​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​មហាជាតិ (Grand National Party) ហើយ​លោក​ត្រូវ​បាន​មហាជន​ជិត ៥០% បោះ​ឆ្នោត​គាំទ្រ។ លទ្ធផល​នេះ ធ្វើ​ឲ្យ​លោក​មាន​សំឡេង​គាំទ្រ​លើស​គូ​ប្រជែង​ជាង ២០%។ លោក លី ម្យ៉ុងបាក់ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី១០ របស់​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០០៨។

ក្នុង​នាម​ជា​ប្រធានាធិបតី​ក្នុង​តំណែង លោក លី ម្យ៉ុងបាក់ នៅ​តែ​បន្ត​អនុវត្ត​គោល​នយោបាយ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​សហរដ្ឋ​អាមេរិក ដូច​មេ​ដឹកនាំ​មុនៗ​ដដែល ហើយ​ថែម​ទាំង​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ពិភពលោក។ សារព័ត៌មាន​អន្តរជាតិ​ជាច្រើន រាយការណ៍​ថា ក្នុង​អាណត្តិ​របស់​លោក លី ម្យ៉ុងបាក់ កូរ៉េខាងត្បូង បាន​ធ្វើ​ការ​អត់ធ្មត់​យ៉ាង​ច្រើន​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​អាវុធ​តប​នឹង​កូរ៉េខាងជើង ទោះ​បី​ជា​ប្រទេស​មាន​ការ​សង្ស័យ​ថា​កូរ៉េខាងជើង ជា​អ្នក​បាញ់​ពន្លិច​នាវា​របស់​ខ្លួន កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ ក៏ដោយ។

ទោះ​យ៉ាង​ណា​ក្តី ឥទ្ធិពល​នយោបាយ​របស់​លោក លី ម្យ៉ុងបាក់ ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​សារ​រឿង​អាស្រូវ​របស់​សាច់ញាតិ។ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ បង​ប្រុស​បង្កើត​របស់​លោក លី ម្យ៉ុងបាក់ ឈ្មោះ​លោក លី សាង ឌឹក (Lee Sang-Deuk) មាន​វ័យ ៧៦​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ដោយ​តុលាការ​រក​ឃើញ​ថា រូប​គាត់​ទទួល​សំណូក​ពី​ធនាគារ​ប្រាក់​សន្សំ​ចំនួន​ពីរ ដែល​មាន​ទឹកប្រាក់​ជាង ៥០​ម៉ឺន​ដុល្លារ ពី​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១ ជា​ថ្នូរ​នឹង​ការ​មិន​ត្រួត​ពិនិត្យ និង​មិន​ដាក់​ពិន័យ​លើ​ធនាគារ​ទាំង​នោះ។

ប៉ុន្តែ គេ​មិន​ទាន់​អាច​ទស្សន៍ទាយ​បាន​នៅ​ឡើយ​ទេ​ពី​វាសនា​នយោបាយ​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូប​នេះ ព្រោះ​ថា បច្ចុប្បន្ន កូរ៉េខាងត្បូង នៅ​តែ​រក្សា​លំនឹង​ក្នុង​វិស័យ​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ ហើយ​លោក លី ម្យ៉ុងបាក់ ក៏​បាន​ដឹកនាំ​កូរ៉េខាងត្បូង ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​មិន​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​២០១២ ទៀត។

លោក លី ម្យ៉ុងបាក់ បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សេដ្ឋកិច្ច​ពី​បណ្ដា​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កូរ៉េ កាហ្សាក់ស្ថាន និង​ម៉ុងហ្គោលី។ លោក​ក៏​ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​មួយ​ចំនួន ជ្រើស​រើស​ជា​វីរបុរស​បរិស្ថាន មេ​ដឹកនាំ​ឆ្នើម និង​រង្វាន់​ជាច្រើន​ទៀត ក្នុង​វិស័យ​ជំនួញ។

ទស្សនវិស័យ​របស់​លោក លី ម្យ៉ុងបាក់ ដែល​ត្រូវ​បោះ​ពុម្ព​ជា​សៀវភៅ​នៅ​ឆ្នាំ​២០០២ មាន​ចំណង​ជើង​ថា "ក្តី​សង្ឃឹម​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​គ្រប់​គ្នា​និយាយ​ថា បាត់​បង់​ក្តី​សង្ឃឹម" ស្រប​ពេល​លោក​ជាប់​ឆ្នោត​ជា​ចៅហ្វាយ​ក្រុង​សេអ៊ូល។

បច្ចុប្បន្ន​នេះ លោក លី ម្យ៉ុងបាក់ រស់នៅ​ជាមួយ​ភរិយា​ឈ្មោះ គីម យុនអ៊ុក (Kim yoon ok) ដែល​មាន​កូន​ចំនួន ៤នាក់ ប្រុស​ម្នាក់ ស្រី ៣នាក់។ ប្រធានាធិបតី​កូរ៉េខាងត្បូង ជិត​ផុត​អាណត្តិ​រូប​នេះ កំពុង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ នៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​រក​គុណ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។