អតីត​ទាសករ​ខ្មែរ​ទទួល​រង្វាន់​កិត្តិយស​ពី​អាមេរិក

អតីត​ទាសករ​ខ្មែរ​មួយ​រូប​បាន​ទទួល​រង្វាន់​កិត្តិយស​ដ៏​ឆ្នើម​មួយ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

0:00 / 0:00

រង្វាន់​កិត្តិយស​ដែល​សហរដ្ឋ​អាមេរិក ផ្ដល់​អោយ​ទៅ​សកម្មជន​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ពី​ប្រទេស​ចំនួន ១០ រួម​ទាំង​កម្ពុជា​ផង​នោះ មាន​ឈ្មោះ​ថា «រង្វាន់​សម្រាប់​អ្នក​ក្លាហាន​ដែល​ធ្វើ​សកម្មភាព​លុបបំបាត់​អំពើ​ទាសភាព​សម័យ​ទំនើប​ឆ្នាំ​២០១២ (2012 Hero-Acting-to End- Modern –Day Slavery Award)»។

ព្រហ្ម វណ្ណៈ មាន​ទី​លំនៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ គឺ​ជា​អតីត​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​ថៃ ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៩។

នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៩ មិថុនា ឆ្នាំ​២០១២ លោក ព្រហ្ម វណ្ណៈ អាណន្ត បាន​ចូល​ខ្លួន​មក​ទទួល​រង្វាន់​កិត្តិយស​ជា​វីរបុរស​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដែល​បាន​ផ្ដល់​ដោយ​ផ្ទាល់​ដៃ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton)។

ក្រោយ​ពី​ទទួល​បាន​រង្វាន់ អតីត​កម្មករ​ចំណាក​ស្រុក និង​ជា​អតីត​ទាសករ​លើ​ទូក​នេសាទ​ថៃ លោក ព្រហ្ម វណ្ណៈ សំដែង​ទឹក​មុខ​រីករាយ ហើយ​ថ្លែង​ថា លោក​រំភើប​ណាស់ ព្រោះ​ជា​លើក​ដំបូង​សម្រាប់​ជីវិត​លោក ដែល​ធ្លាប់​តែ​ជួប​ប្រសព្វ​តែ​ការ​លំបាក​វេទនា ឥឡូវ​នេះ​បាន​មក​ទទួល​រង្វាន់​ពិសេស​ហុច​ដោយ​ផ្ទាល់​ដៃ​ពី​មេដឹកនាំ​អាមេរិក​ជាន់​ខ្ពស់​មួយ​រូប។

លោក ព្រហ្ម វណ្ណៈ បាន​ចាញ់​បោក​មេខ្យល់ ហើយ​បាន​ធ្លាក់​ខ្លួន​ទៅ​ធ្វើ​ការ និង​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ អស់​រយៈពេល ៣​ឆ្នាំ ទើប​លោក​អាច​រត់​គេច​ខ្លួន​ពី​ទេសភាព​នេះ​បាន។ ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​បង្ហាញ​ពី​បទពិសោធន៍​លំបាក​របស់​លោក លោក ព្រហ្ម វណ្ណៈ បាន​គូរ​គំនូរ​រៀប​រាប់​ពី​ប្រវត្តិ​ទុក្ខ​លំបាក​របស់​លោក ពេល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ។

នេះ​ជា​រង្វាន់​មួយ​ដែល​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ក្នុង​ឱកាស​បង្ហាញ​ពី​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន ១៨៦​ប្រទេស​សម្រាប់​ឆ្នាំ​២០១២ នេះ។

ក្នុង​ពិធី​នេះ​មាន​វីរជន​ចំនួន ១០​នាក់ ដែល​បាន​មក​ទទួល​រង្វាន់។ ក្នុង​ចំណោម​អ្នក​ទាំង ១០​នាក់​នោះ សុទ្ធ​តែ​ជា​មន្ត្រី ឬ​សកម្មជន​ដែល​មាន​ស្នាដៃ​ក្នុង​ការងារ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស មាន​តែ​លោក ព្រហ្ម វណ្ណៈ ម្នាក់​ប៉ុណ្ណោះ ជា​ជន​រង​គ្រោះ​មក​ពី​ប្រទេស​កម្ពុជា ព្រោះ​លោក​មាន​ស្នាដៃ​ក្នុង​ការ​គូរ​គំនូរ​រៀបរាប់​ពី​បទពិសោធន៍​ដ៏​ជូរចត់​របស់​លោក​នៅ​​លើ​ទូក​នេសាទ​ថៃ រយៈពេល​ជាង​បី​ឆ្នាំ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ព្រហ្ម វណ្ណៈ បាន​អំពាវនាវ​ផ្ដាំ​ផ្ញើ​ដល់​បង​បង​ប្អូន​ខ្មែរ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ចាញ់​បោក​គេ៖ «មុន​ទៅ​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ដិតដល់ កុំ​ឲ្យ​ដូច​ខ្ញុំ។ ដោយសារ​គិត​ខ្លី​ហ្នឹង​ហើយ​បាន​ខ្ញុំ​ធ្លាក់​ក្នុង​ការ​ជួញដូរ​ដ៏​លំបាក​បំផុត​នៅ​លើ​ទូក​នេសាទ​អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ...»

លោក ព្រហ្ម វណ្ណៈ អោយ​ដឹង​ថា លោក​នឹង​បន្ត​ចូល​រួម​ប្រឆាំង និង​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​តាម​រយៈ​ថ្វីដៃ​គូរ​គំនូរ​របស់​លោក តាម​តម្រូវ​ការ​របស់​អង្គការ និង​ស្ថាប័ន​នានា៕

ស្ដាប់​​បទសម្ភាសន៍​បន្ថែមOpens in new window ]

ទស្សនា​វីដេអូ​ដែល​ទាក់ទងOpens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។