លោក សម រង្ស៊ី បានធ្វើលិខិតមួយទៅប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីសុំឲ្យមានការលុបចោលចំពោះការដកអភ័យឯកសិទ្ធិនោះចេញ។
មកទល់នឹងព្រឹកថ្ងៃអាទិត្យនេះរដ្ឋសភានៅតែរក្សានៅឡើយទេនូវសេចក្ដីសម្រេចដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី ចេញពីអ្នកតំណាងរាស្ត្រ បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដកពាក្យបណ្ដឹងទៅហើយក្ដី។
លោក សម រង្ស៊ី បានថ្លែងចោទថា ការដកអភ័យឯកសិទ្ធិចេញពីរូបលោកគឺជាសកម្មភាពគំរាមកំហែងមួយចង់បំបិទសំឡេងគណបក្សប្រឆាំង។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ៖ «គេធ្វើអ្វីហ្នឹងគឺខុសច្បាប់យ៉ាងតក់ក្រហល់ដើម្បីប៉ុនប៉ងគំរាមកំហែងស្មារតីអ្នកប្រឆាំង»។
ប្រតិកម្មរបស់លោក សម រង្ស៊ី គឺបន្ទាប់ពីលោកបានធ្វើលិខិតមួយជូនប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីស្នើសុំឲ្យលុបចោលការសម្រេចដកអភ័យឯកសិទ្ធិនោះចេញ។
គួររំឭកថា ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានសម្រេចតាមសេចក្ដីស្នើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលសុំឲ្យដកអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោក សម រង្ស៊ី។
ការស្នើដកអភ័យឯកសិទ្ធិនេះគឺធ្វើឡើងក្នុងបំណងនាំខ្លួន លោក សម រង្ស៊ី ឡើងទៅតុលាការពាក់ព័ន្ធនឹងបណ្ដឹងដែលតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់ចំនួន១០លានរៀល ក្រោមការចោទប្រកាន់ថាបានប្រើពាក្យសម្ដីប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងយុទ្ធនាការបោះឆ្នោត។
សូមបញ្ជាក់ថា នៅថ្ងៃដែលសម្រេចដកអភ័យឯកសិទ្ធិនោះច្រើនម៉ោងបន្ទាប់មកគណបក្សសមរង្ស៊ីក៏បានយកលុយ១០លានរៀលទៅបង់តាមការទាមទារ។ ក្រោយពីការបង់ប្រាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ឈប់ការប្ដឹង លោក សម រង្ស៊ី ហើយអ្វីដែលនៅសេសសល់គឺរដ្ឋសភានៅមិនទាន់លុបចោលការដកអភ័យឯកសិទ្ធិនោះនៅឡើយទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា លោកបានសរសេរលិខិតមួយទៅប្រធានសភាជាតិ លោក ហេង សំរិន ជុំវិញបញ្ហានោះ។
លោក សម រង្ស៊ី បានឲ្យដឹងថា ៖ «ខ្ញុំបានឃើញលិខិតមួយរបស់លោក អ៊ឹម សួស្ដី ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក អ៊ឹម សួស្ដី បានសរសេរលិខិតមួយទៅព្រះរាជអាជ្ញាអមតុលាការដំបូងភ្នំពេញដើម្បីបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដកពាក្យបណ្ដឹងរបស់គ.ជ.ប. ពាក្យបណ្ដឹងចំពោះរូបខ្ញុំ។ ដូច្នេះចំពោះគ.ជ.ប.គឺថាបញ្ហានេះចប់សព្វគ្រប់ហើយ ហើយគ.ជ.ប.ក៏ស្នើឲ្យតុលាការបញ្ចប់រឿងនេះផងដែរ។ អ៊ីចឹងខ្ញុំក៏បានសរសេរលិខិតមួយច្បាប់ទៅជូនសម្ដេច ហេង សំរិន អ៊ីចឹងដែរ ថាឥឡូវនេះដោយគ.ជ.ប.បានដកពាក្យបណ្ដឹងរបស់ខ្លួនហើយ រដ្ឋសភាត្រូវផ្ដល់អភ័យឯកសិទ្ធិឲ្យខ្ញុំវិញយ៉ាងប្រញាប់»។
កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះគឺមិនទាន់អាចទាក់ទងបានទេប្រធានរដ្ឋសភានិងក្រុមមន្ត្រីដែលបានសម្រេចព្រមព្រៀងដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី៕