មេដឹកនាំបក្សប្រឆាំងគឺលោក សម រង្ស៊ី បានឲ្យដឹងថា លោកនិងមេធាវីរបស់លោកនឹងប្រមូលឯកសារនិងភស្តុតាងនានាបន្ថែមទៀតដើម្បីតទល់ក្តីជាមួយនឹង លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស នៅគ្រាដែលតុលាការសាលាឧទ្ធរណ៍ក្នុងប្រទេសបារាំងបានសម្រេចពន្យារការបើកសវនាការរហូតដល់ខែមីនា ឆ្នាំ២០១០ ដោយសារតែមេធាវីលោកខ្វះឯកសារនិងភស្តុតាង។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការពន្យារពេលនោះគឺជាឱកាសល្អក្នុងការប្រមូលឯកសារនិងភស្តុតាងបន្ថែមទៀត។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «តុលាការកំពុងតែគិតពិចារណារឿងលើកពេល ពន្យារហ្នឹង ស្រាប់តែមានព័ត៌មានថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅទីក្រុងភ្នំពេញ មានចៅក្រមអន្តរជាតិម្នាក់បានធ្វើសេចក្ដីសម្រេចកោះហៅអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ៦នាក់។ ក្នុងចំណោមអ្នកទាំង៦នោះមានលោក ហោ ណាំហុង ធ្វើជាសាក្សី ដឹងរឿងច្រើនទាក់ទងទៅនឹងថ្នាក់ដឹកនាំខ្មែរក្រហម»។
តាមគម្រោងដើម តុលាការសាលាឧទ្ធរណ៍នៅក្នុងប្រទេសបារាំងត្រូវបើកសវនាការនោះនៅថៃ្ងទី៨ ខែតុលាថ្មីៗនេះ ហើយលោក សម រង្ស៊ី បានទៅកាន់ប្រទេសបារាំងសម្រាប់រយៈពេល២សប្តាហ៍កន្លងទៅដើម្បីចូលរួមនៅក្នុងសវនាការនោះ។
លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាដើមបណ្តឹងកន្លងមក បានមានប្រសាសន៍ប្រតិកម្មប្រាប់វិទ្យុអាស៊ីសេរីនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ជុំវិញបញ្ហាខាងលើនេះថា ៖ «លោក សម រង្ស៊ី សុំតុលាការលើកដោយយកសំបុត្រពេទ្យក្លែងក្លាយថាគាត់ឈឺធ្ងន់។ នេះបង្ហាញឲ្យឃើញថា គាត់មានការខ្លាច។ ភស្តុតាងថ្មីគឺខ្ញុំអត់រវល់ប៉ុនសរសៃសក់ ដោយសារវាអត់មាន។ សូមនិយាយថា សិទ្ធិបញ្ចេញមតិ ខុសគ្នា មិនមែនបរិហារកេរ្តិ៍ទៀត អានេះចោទប្រកាន់ខ្ញុំជាឧក្រិដ្ឋករ»។
លោក ហោ ណាំហុង ធ្លាប់បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០០៨កន្លងទៅ ក្នុងបទសម្ភាសន៍មួយថា ការចោទប្រកាន់របស់លោក សម រង្ស៊ី ថា លោកជាមេខែ្មរក្រហមនោះបានធ្វើឲ្យលោកមានការឈឺចាប់ មិនអាចទទួលយកបានទ្បើយ។
លោក ហោ ណាំហុង បានថ្លែងថា ៖ «ខ្ញុំមិនដែលស្គាល់ មិនដែលឮ មិនដែលប៉ះពាល់អីបន្តិចបន្តួចជាមួយខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ដឹងច្បាស់ថា ខ្ញុំជាអ្នកការទូត»។
សូមជម្រាបថា តុលាការសាលាដំបូងនៅក្នុងប្រទេសបារាំងកាលពីខែមករា ដើមឆ្នាំ២០០៩កន្លងទៅនេះ បានកាត់សេចក្តីឲ្យលោក ហោ ណាំហុង ឈ្នះក្តីជាមួយនឹងលោក សម រង្ស៊ី ក្រោមបទបរិហារកេរ្តិ៍ដោយបានទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនអឺរ៉ូ ពីលោក សម រង្ស៊ី ប៉ុន្តែតុលាការក្នុងប្រទេសបារាំងបានតម្រូវឲ្យលោក សម រង្ស៊ី សងជាប្រាក់ចំនួន១អឺរ៉ូ ដូច្នេះហើយគេបានបន្តក្តីនេះទៅតុលាការសាលាឧទ្ធរណ៍ទៀតនៅក្នុងប្រទេសបារាំងនោះ។
លោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំង គឺក្រោយពីលោក សម រង្ស៊ី បានធ្វើអត្ថាធិប្បាយមួយកាលពីថៃ្ងទី១៧ ខែមេសា ឆ្នាំ២០០៨កន្លងទៅ នៅឯវាលពិឃាតបឹងជើងឯក ជាយទីក្រុងភ្នំពេញ ជាមួយនឹងការចោទប្រកាន់ថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាជាប្រធានគុកបឹងត្របែកនៅក្នុងរបបខែ្មរក្រហម និងចោទប្រកាន់ឥស្សរជននយោបាយមួយចំនួនទៀតនៅក្នុងរដ្ឋាភិបាលកម្ពុជាថាជាអតីតខែ្មរក្រហម៕