សម រង្ស៊ី សង្ឃឹម​ថា​នឹង​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​-​ក្រុង ខណ្ឌ​-​ស្រុក

ប្រធាន​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា​បាន​ថ្លែង​សង្ឃឹម​ថា គណបក្ស​លោក​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការបោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ខាង​មុខ​នេះ។

ជាមួយ​គ្នា​នេះ​ប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ទោះ​បី​ជា​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ជា​ការបោះឆ្នោត​អសកល​ក៏​ដោយ លោក​ថា នេះ​ជា​ឱកាស​មួយ​ដែល​បើក​ឲ្យ​សមាជិក​គណបក្ស​របស់​លោក​ចូល​បម្រើ​ការ​ក្នុង​ស្ថាប័ន​ថ្នាក់​ជាតិ​កាន់តែ​ច្រើន​ឡើង។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «អ្វី​ដែល​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដែល​ស្រឡាញ់​យុត្តិធម៌​មាន​ឱកាស​ងើប​ឈរ​ដើម្បី​ការពារ​ប្រជារាស្រ្ដ​ដែល​រងគ្រោះ​ដោយសារ​អំពើ​អយុត្តិធម៌​វា​គ្រាន់បើ វា​ជា​ជាង​អត់​ដែរ។ យើង​ចង់​ឲ្យ​មាន​ការបោះឆ្នោត​សកល បោះឆ្នោត​រើស​តាំង​ពី​មេ​ភូមិ​ឡើង​ទៅ គ្រប់​ជាន់​ថ្នាក់ យើង​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​សកល គឺ​ប្រជាពលរដ្ឋ​បោះឆ្នោត​ផ្ទាល់ រើស​តំណាង​ខ្លួន​ឯង តំណាង​ខ្លួន​គឺ​ថ្នាក់​ភូមិ ថ្នាក់​ឃុំ ថ្នាក់​ស្រុក ថ្នាក់​ខេត្ត ថ្នាក់​ជាតិ ប៉ុន្តែ​ឥឡូវ​យើង​មិន​ទាន់​បាន​ដូច​ក្ដី​ប្រាថ្នា​របស់​យើង តែ​អ្វី​ដែល​គេ​មាន​រៀបចំ​មក​ទល់​នឹង​សព្វថ្ងៃ យើង​ត្រូវតែ​ឆ្លៀត​យក​ឱកាស​ហ្នឹង ដើម្បី​ធ្វើ​ម៉េច​ឲ្យ​តំណាង​ប្រជារាស្រ្ដ​ដែល​មាន​គោល​ជំហរ​ច្បាស់លាស់ ចូល​កាន់​តំណែង​នៅ​ថ្នាក់​រាជធានី ថ្នាក់​ក្រុង ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក»

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក។ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា ការបោះឆ្នោត​អសកល​នេះ​មាន​មណ្ឌល​បោះឆ្នោត​សរុប​២១៧​មណ្ឌល និង​មាន​៤​គណបក្ស​ចូលរួម ដែល​ក្នុង​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមសង្ស៊ី គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ។

ការបោះឆ្នោត​អសកល​ខាង​មុខ​នេះ​នឹង​មាន​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បោះឆ្នោត​គឺ​ប្រជាជន​ទូទៅ​នឹង​មិន​បាន​ចូលរួម​បោះឆ្នោត​រើស​តំណាង​របស់​ខ្លួន​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា គេ​បាន​ដឹង​លទ្ធផល​មុន​រួច​ទៅ​ហើយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ច្រើន​នោះ​នឹង​ឈ្នះ​បាន​សំឡេង​ឆ្នោត​ច្រើន​ដែរ។

ប៉ុន្តែ លោក សម រង្ស៊ី នៅតែ​អះអាង​ថា គណបក្ស​លោក​ក៏​នឹង​អាច​ឈ្នះ​បាន​សំឡេង​ដែរ ៖ «ខ្ញុំ​មិន​ត្រឹមតែ​មាន​សង្ឃឹម​ទេ ខ្ញុំ​មាន​ជំនឿ ពីព្រោះ​គណបក្ស​កាន់​អំណាច​គេ​ប្រើ​ទឹក​លុយ តែ​ចំពោះ​គណបក្ស​សមរង្ស៊ី​រំពឹង​លើ​ទឹក​ចិត្ត។ ហើយ​ខ្ញុំ​ជឿ​ថា កម្លាំង​ចិត្ត​ឈ្នះ​កម្លាំង​លុយ ដូច្នេះ​គណបក្ស​សមរង្ស៊ី​នឹង​ទទួល​លទ្ធផល​បាន​ល្អ លទ្ធផល​ដែល​ឆ្លុះ​បញ្ចាំង​ទឹក​ចិត្ត​ស្នេហា​ជាតិ ទឹក​ចិត្ត​ស្រឡាញ់​យុត្តិធម៌​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​កម្ពុជា»

សូម​ជម្រាប​ថា ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​៤​គណបក្ស​ទាំង​បេក្ខជន​ពេញ​សិទ្ធិ​និង​បេក្ខជន​បម្រុង​មាន​សរុប​១៧,២៩០នាក់៕