នៅឯវត្តអង្គរំដេញ ដែលលោក សម រង្ស៊ី បានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមប្រមាណ៣០០នាក់ស្ដីពីបញ្ហាព្រំដែន ហើយក្រោយពីបានស្ដាប់នូវការត្អូញត្អែររបស់ប្រជាពលរដ្ឋ លោក សម រង្ស៊ី បានអះអាងថា ការបាត់បង់ដីស្រែដោយសារតែការវាស់វែងព្រំដែននោះ ហើយលោកក៏បានចុះទៅដល់ដីស្រែជាមួយប្រជាពលរដ្ឋប្រមាណ១០០នាក់ រួចក៏សម្រេចដកបង្គោលឈើចំនួន៦ដើមចេញពីដីស្រែរបស់ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «ខ្ញុំអ្នកណែនាំឲ្យដកបង្គោលហ្នឹងគ្រវែងចោល ជានិមិត្តរូបថា អ្នកស្នេហាជាតិដែលគណបក្សសមរង្ស៊ីធ្វើជាតំណាងថ្ងៃនេះ គឺអត់ទទួលស្គាល់ព្រំដែនដែលបរទេសឈ្លានពានយកមកបោះយ៉ាងកំរោលមកលើដីស្រែរបស់ប្រជារាស្ត្រខ្មែរ ដីស្រែកសិករខ្មែរ ជាទឹកដីរបស់ខ្មែរ។ ខ្ញុំសូមអំពាវនាវឲ្យជនជាតិខ្មែរទាំងអស់ដែលមានឈាមជ័រជាខ្មែរដែលមានព្រលឹងជាខ្មែរ សូមបងប្អូនរួបរួមគ្នាការពារទឹកដីយើងឲ្យបានគង់វង្ស ទឹកដីយើងកាន់តែរួញតូចទៅៗហើយ»។
លោក ព្រហ្ម ជា អាយុ៤៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង បានឲ្យដឹងថា លោកបានបាត់បង់ដីស្រែចំនួន២ហិកតារ ព្រមទាំងដីស្រែរបស់ប្រជាពលរដ្ឋនៅក្នុងឃុំសំរោងទាំងមូលជាច្រើនហិកតារទៀត។
លោក ព្រហ្ម ជា បានឲ្យដឹងថា ៖ «លោកប៉ូលិស លោកទាហាន កងកម្លាំងរបស់គាត់ហ្នឹងចេះតែថាអ៊ីចេះ ចេះតែថាអ៊ីចុះ គាត់អត់ដែលបានមកពិនិត្យផង គេបំភាន់ គេមកវាស់ គេបន្លំ។ ខាងតំណាងភាគីខ្មែរយើងយកមកដាក់ពីកើត១០០ម៉ែត្រអ៊ីចឹង វាយកទៅលិច២០០ម៉ែត្រ។ យូរៗទៅវាច្រានយើងចេញលែងឲ្យមកជិតបង្គោល ជិតព្រំដែនរបស់យើងតែម្ដង។ គេធ្វើស្រេចតែអំពើចិត្តរបស់គេ»។
ទាក់ទិននឹងបញ្ហានេះ អភិបាលខេត្តស្វាយរៀង លោក ជាង អំ បានមានប្រសាសន៍ថា លោកទើបតែបានទទួលដំណឹងពីអាជ្ញាធរស្រុកចន្ទ្រាស្ដីពីការដែលលោក សម រង្ស៊ី ដកបង្គោលនោះ។ លោក ជាង អំ បានបន្តថា ការបោះបង្គោលព្រំដែនជាការងារបច្ចេកទេស ហើយលោកបានសម្ដែងនូវចម្ងល់ចំពោះការសម្រេចចិត្តរបស់លោក សម រង្ស៊ី។
លោក ជាង អំ បានមានប្រសាសន៍ថា ៖ «ទោះបីខ្ញុំក៏អត់ហ៊ានប៉ះដែរ។ អាហ្នឹងគណៈកម្មការបច្ចេកទេសរបស់ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម គេធ្វើការហ្នឹង គេកំណត់អាប់ស៊ីស កូអ័រដោណេយ៉ាងម៉េច លើផែនទីអីយ៉ាងម៉េច អាហ្នឹងវាសុទ្ធតែមានប្រដាប់ ឧបករណ៍វាស់វែងអីត្រឹមត្រូវ គេមិនធ្វើតែពាសទេ!»។
ការបោះបង្គោលសម្រាប់កំណត់ព្រំដែនដែលធ្វើឡើងរវាងអាជ្ញាធរខ្មែរនិងវៀតណាមបានចាប់ផ្ដើមតាំងពីប៉ុន្មានឆ្នាំមុននេះ ហើយការកំណត់ព្រំដែននោះត្រូវបានអ្នកស្រុកដែលជាប្រជាពលរដ្ឋខ្មែរបានអះអាងថា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ដីធ្លី ស្រែចម្ការរបស់ពួកគាត់ដែលបន្សល់ទុកជាច្រើនតំណរួចមកហើយ៕