ក្រុមអ្នកសេដ្ឋកិច្ច និងអ្នកជំនាញខាងមុខជំនួញលក់ដី លក់ផ្ទះ ឬហៅថា រកស៊ីអចលនទ្រព្យ បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែមីនា ថា ទោះបីប្រមុខរដ្ឋាភិបាល និងអ្នកសេដ្ឋកិច្ចធនាគារពិភពលោក បានសរុបរបាយការណ៍បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជា មានដំណើរចម្រើនឡើងវិញក្នុងឆ្នាំ២០១០ ដោយចំណូលទុនក្នុងស្រុកសរុប ឬហៅថា ជីឌីភី (GDP) បានកើនដល់ ៦,៧% ក៏ដោយ ក៏មុខជំនួញខាងអចលនទ្រព្យមិនទាន់មានការប្រែប្រួលភ្លាមៗដូចការចង់បាននោះឡើយ។
លោក ស៊ឹង ប៊ុណ្ណា ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុជាតិកម្ពុជា និងជានាយកក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប បានមានប្រសាសន៍នៅថ្ងៃទី២៣ មីនា ថា កាលណាសេដ្ឋកិច្ចមានការរីកចម្រើន និងកើនឡើង វាជាសញ្ញាបង្ហាញថា ជំនួញវិស័យអចលនទ្រព្យមុខជាមានការកើនឡើងដែរ ពីព្រោះសេដ្ឋកិច្ចកើនឡើង មានន័យថា ប្រជាពលរដ្ឋមានចំណូលច្រើនជាងមុន ជាចំណូលដែលបានមកពីសកម្មភាពសេដ្ឋកិច្ចដើរ ហើយប្រជាពលរដ្ឋអាចមានលុយយកទៅទិញដី ផ្ទះថ្មីៗជាមិនខាន។
ប៉ុន្តែលោក ស៊ឹង ប៊ុណ្ណា បានថ្លែងថា នៅកម្ពុជា ទោះបីជាសេដ្ឋកិច្ចដើរ មានសកម្មភាពជាងមុន ហើយផលទុនសរុបក្នុងស្រុកប្រចាំឆ្នាំ២០១០ មានតួលេខកើនដល់ ៦,៧% ក៏ដោយ ក៏ជំនួញអចលនទ្រព្យមិនទាន់មានប្រែប្រួលជាកំណើននៅឡើយទេ ពីព្រោះអ្នកទិញដី ផ្ទះ នៅកម្ពុជា ភាគច្រើនជាអ្នកវិនិយោគទុនមកពីបរទេស ឬអ្នកដែលបានលុយមកពីការវិនិយោគពីបរទេស។ ដូច្នេះសេដ្ឋកិច្ចមានកំណើនមែន តែបើមិនមានការវិនិយោគទុនពីបរទេសកើនទេ នោះជំនួញដីធ្លី មិនមានសកម្មភាពច្រើនឡើយ។
លោក ស៊ឹង ប៊ុណ្ណា មានប្រសាសន៍បន្ត ៖ «បច្ចុប្បន្ននេះ អ្វីដែលយើងបានឃើញ គឺអ្នកទិញក្នុងចំណោម ១០នាក់ មាន ៨នាក់ជាអ្នកក្នុងស្រុក អ៊ីចឹងយើងទើបតែបាន២ វាអត់ទាន់គ្រប់គ្រាន់ធ្វើឲ្យទីផ្សារយើងមានសកម្មភាពខ្លាំងក្លាកើតទេ។យើងទាល់តែមានការវិនិយោគពីខាងក្រៅកើនឡើង ទើបវិស័យរបស់យើងទៅមុខបាន»។
លោក ស៊ឹង ប៊ុណ្ណា បានមានប្រសាសន៍រៀបរាប់អំពីប្រវត្តិនៃការធ្លាក់ចុះ និងជាប់គាំងនៃជំនួញដីធ្លីឲ្យដឹងថា ការធ្លាក់ចុះនៃជំនួញដីធ្លីនៅកម្ពុជា បានកើតមាននៅពាក់កណ្ដាលឆ្នាំ២០០៨។ ការធ្លាក់ចុះត្រូវបានប៉ាន់ស្មានថា មានប្រហែលពី ៥០ ទៅ ៦០% គឺនៅពេលនោះ ការសាងសង់ថ្មីមួយចំនួនបានឈប់ទាំងស្រុង ហើយសំណង់ដែលសាងសង់ហើយបានត្រូវសល់មិនមានអ្នកទិញ មិនមានការសង់បង្ហើយសំណង់មួយចំនួន និងដីធ្លីមិនមានអ្នកសួររកទិញទៀតឡើយ។ ម្ចាស់សំណង់មួយចំនួនសឹងតែរកប្រាក់បង់ការប្រាក់ធនាគារមិនបានទៀតផង។
លុះដល់ឆ្នាំ២០១០ ជំនួញខាងដីធ្លី ឬហៅថា អចលនទ្រព្យមានសល់សកម្មភាពលក់ដូរតិចតួច ប្រហែលពី ៤% ទៅ ៥% និងដល់ដើមឆ្នាំ២០១១នេះ សកម្មភាពជួញដូរអចលនទ្រព្យមានប្រហែលពី ៨ ទៅ ១០% ៖ «ភាគច្រើន បច្ចុប្បន្ននេះ ដោយសារតម្រូវការក្នុងស្រុក អ៊ីចឹងផ្ទះដែលដាច់ជាប្រភេទផ្ទះសម្រាប់ការរស់នៅ ជាប្រភេទនៅក្នុងទីប្រជុំជន និងសមស្របលទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ហើយប្រភេទផ្ទះរស់នៅ។ ចំពោះប្រភេទវិនិយោគមួយចំនួនមកពីខាងក្រៅ គឺផ្ដោតអារម្មណ៍ទៅលើ Commercial (ពាណិជ្ជកម្ម) គឺផ្ដោតទៅលើតាមដងផ្លូវធំៗ ដើម្បីគេប្រើប្រាស់យកទៅធនាគារ យកទៅធ្វើការិយាល័យ ធ្វើជាភោជនីយដ្ឋានអី»។
លោក ស៊ឹង ប៊ុណ្ណា បានលើកឡើងថា នៅឆ្នាំ២០១១នេះ លោកមើលឃើញថា ជំនួញខាងអចលនទ្រព្យមានសង្ឃឹមឡើងវិញខ្លះៗ ប្រៀបដូចជាមេឃចាប់ផ្ដើមស្រឡះ ក្រោយពេលមានភាពអាប់អួដោយពពកបិទបាំងជាយូរមកហើយ។
លោក ស៊ឹង ប៊ុណ្ណា បានអំពាវនាវថា ដើម្បីឲ្យជំនួញវិស័យអចលនទ្រព្យមានសកម្មភាពបានខ្លាំង ទាល់តែមានការចូលរួមពីផ្នែកមួយចំនួន និងពីសំណាក់រដ្ឋាភិបាលជួយជំរុញផងដែរ បានការរកស៊ីវិស័យអចលនទ្រព្យមានការរីកចម្រើនបាន។ លោកបានលើកថា មានកត្តា ៣ ដែលអាចធ្វើឲ្យជំនួញអចលនទ្រព្យមានការរឹងមាំ គឺទី១ រដ្ឋត្រូវពង្រឹងការអនុវត្តច្បាប់ការពារទ្រព្យសម្បត្តិ ដើម្បីឲ្យមានការទុកចិត្តពីអ្នកវិនិយោគិន ទី២ មានការអនុវត្តឲ្យបានត្រឹមត្រូវលើការយកពន្ធដីមិនប្រើប្រាស់ និងទី៣ គឺការលើកទឹកចិត្តតាមរយៈធនាគារឲ្យខ្ចីប្រាក់មានការប្រាក់ទាប ដើម្បីយកទៅទិញអចលនទ្រព្យ។
លោក ស៊ឹង ប៊ុណ្ណា មានប្រសាសន៍បន្ថែម ៖ «ប្រសិនបើយើងមានដីមិនប្រើប្រាស់ច្រើនមានន័យថា អ្នកវិនិយោគក៏លំបាកចូលស្រុកយើងដែរ។ បានន័យថា ដីមិនប្រើប្រាស់នោះវាបង្កភាពអវិជ្ជមានដល់សេដ្ឋកិច្ចយើងដែរ គឺត្រូវធ្វើម៉េចយើងត្រូវយកចិត្តទុកដាក់ទៅលើដីមិនប្រើប្រាស់ឲ្យបានច្រើនមែនទែន។ បើសិនជាមិនយកចិត្តទុកដាក់ទេ គឺអ្នកវិនិយោគពិតប្រាកដមិនអាចចូលស្រុកយើងចុះទេ»។
ទាក់ទងនឹងការរីកចម្រើនសេដ្ឋកិច្ច និងសកម្មភាពជំនួញអចលនទ្រព្យនេះ លោក ជា ហួត អ្នកជំនាញការសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានមានប្រសាសន៍ថា នៅកម្ពុជា ការងើបឡើងវិញនៃជំនួញអចលនទ្រព្យនេះ មានភាពយឺតយ៉ាវ មិនដូចនៅប្រទេសចិន ម៉ាឡេស៊ី ហុងកុង សិង្ហបុរីនៅឡើយទេ បើទោះបីជាកំណើនសេដ្ឋកិច្ចចាប់ផ្ដើមមានឡើងវិញក៏ដោយ។
លោក ជា ហួត បន្តដូច្នេះ ៖ «ស្រុកគេរងគ្រោះកាលពីវិបត្តិឆ្នាំ២០០៨ ឆ្នាំ២០០៩ ដូចគ្នា ឥឡូវគេងើបឡើងខ្លាំងមែនទែន ប៉ុន្តែយើងមិនទាន់ងើបឡើងខ្លាំងដូចយើងបានឃើញនៅប្រទេសទាំងនោះទេ។ ដូច្នេះយើងត្រូវការពេលមួយរយៈទៀត ដើម្បីងើបឡើងបានដូចគេ វាហាក់ដូចជាយឺតមែនទែនសម្រាប់ប្រទេសខ្មែរយើង។ ការសាងសង់ងើបបានប្រហែល ១០% កាលពីឆ្នាំ២០១០ កន្លងមកនេះ»។
លោក ជា ហួត បានលើកឡើងអំពីមូលហេតុនៃការងើបមកវិញយឺតនៃវិស័យជំនួញអចលនទ្រព្យនេះថា មកពីលំហូរទុនពីបរទេសមកកម្ពុជា មិនទាន់មានកម្រិតខ្ពស់ និងខ្លាំងដូចការហូរចេញកាលពីឆ្នាំ២០០៩ កន្លងទៅ។
អ្នកជំនួញមួយរូបខាងក្រុមហ៊ុនអចលនទ្រព្យ ដែលសុំមិនចេញឈ្មោះបានមានប្រសាសន៍ឲ្យដឹងថា លោកកត់សម្គាល់ឃើញថា សកម្មភាពជំនួញអចលនទ្រព្យចាប់ផ្ដើមមានឡើងវិញក្នុងដើមឆ្នាំ២០១១នេះ ជាពិសេសសកម្មភាពទិញលំនៅឋានរស់នៅ និងចំពោះដីវិញ គឺប្រភេទដីកសិកម្មដែលមានទំហំធំៗ ដើម្បីធ្វើចម្ការ ដោយមានការបណ្តាក់ទុនពីបរទេស។ លោកបានបញ្ជាក់ថា នៅពេលសេដ្ឋកិច្ចមានកំណើននោះ មុខជំនួញក៏មានសង្ឃឹមដែរ។
កាលពីថ្ងៃទី២១ ខែមីនា ការិយាល័យធនាគារពិភពលោកនៅប្រទេសកម្ពុជា បានចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចទាក់ទងប្រទេសកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១០នេះ មានកំណើន ៦,៧% គឺលើសការព្យាករទុក ហើយកំណើននេះបានមកដោយសារមានកត្តា៣ ជាសំខាន់ គឺកត្តាទី១ វិស័យកសិកម្មកម្ពុជា មានកំណើន ៥,៣% ការប្រមូលស្រូវបានផលល្អ កត្តាទី២ ការនាំចេញមានការរីកចម្រើន ដូចជាលើវិស័យកាត់ដេរមានការកើន ២៤% បន្ទាប់ពីធ្លាក់ចុះ ២០% កាលពីឆ្នាំ២០០៩ ការនាំចេញផលិតផលស្បែកជើងកើនឡើង ៦០% វិស័យទេសចរណ៍កើនឡើង ១៦% ដោយមានភ្ញៀវមកទស្សនាប្រទេសកម្ពុជា កើនដល់ចំនួន ២,៥លាននាក់ និងកត្តាទី៣ ប្រទេសកម្ពុជា បានធ្វើពិពិធកម្ម ឬការបម្លែងលើផលិតផលក្នុងស្រុកនាំចេញរបស់ខ្លួនឲ្យកាន់តែល្អ និងនាំចេញបានច្រើន ដូចជាការនាំចេញអង្ករបានកើនឡើង ៣ដងលើសមុនជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី១៦ ខែមីនា ក្នុងឱកាសចូលរួមសន្និសីទស្ដីពីទស្សនវិស័យកម្ពុជាឆ្នាំ២០១១ ថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងដំណើរការយ៉ាងល្អប្រសើរ។ កំណើនសេដ្ឋកិច្ចឆ្នាំ២០១០ អនុវត្តបាន ៥,៩% ធៀបជាមួយការព្យាករទុកចំនួន ៥,៥% ហើយកំណើននេះមានការព្យាករទុកថា កើនចន្លោះពី ៦ ទៅ ៧% ក្នុងមួយឆ្នាំ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជានឹងទាញចំណេញពីលំហូរវិនិយោគ និងសាច់ប្រាក់ក្នុងពិភពលោក ដែលផ្ដោតលើអាស៊ី ដោយសារតែការធ្លាក់ចុះនៃតម្រូវការក្នុងតំបន់ផ្សេងទៀតលើពិភពលោក។
របាយការណ៍សេដ្ឋកិច្ចរបស់ធនាគារពិភពលោក បានព្យាករទុកថា នៅឆ្នាំ២០១១នេះ កំណើនសេដ្ឋកិច្ចកម្ពុជា អាចដល់ ៦,៥% ហើយការប្រើប្រាស់ទំនិញមានការកើនឡើងជាមិនខាន។ ផលទុនក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា គិតជាទឹកប្រាក់ក្នុងឆ្នាំ២០១០ មានប្រមាណ ១២.០០០លានដុល្លារអាមេរិក៕