មន្ត្រីសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានប្រគល់របាយការណ៍ ជុំវិញករណីឆែកឆេរ និងពិនិត្យឈើស្តុកទុកនៅក្នុងឃ្លាំងខេត្តសៀមរាបរបស់ឧកញ៉ា សុខ គង់ ក្រុមហ៊ុន សូគីម៉ិច មកដល់ដៃតុលាការហើយ ដែលត្រៀមនឹងពិនិត្យលើអាជ្ញាប័ណ្ណអនុញ្ញាតឲ្យមានការទិញឈើស្តុកនោះ តើត្រឹមត្រូវឬយ៉ាងណា។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រ ទី២៦ ខែមីនា ថា លោកបានទទួលរបាយការណ៍ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកាលពីព្រឹកថ្ងៃសុក្រ ជុំវិញការឆែកឆេររកឃើញគំនរស្តុកឈើរបស់លោកឧកញ៉ា សុខ គង់ ហើយ ប៉ុន្តែនៅមិនទាន់បានពិនិត្យលើអាជ្ញាប័ណ្ណដែលអនុញ្ញាតឲ្យមានការស្តុកឈើជាង ១០០ម៉ែត្រគូបនោះ ឲ្យដឹងថា យ៉ាងណានៅឡើយទេ។
លោក ទី សុវិនថាល់ បានអះអាងថា ៖ «មកដល់ហើយ ប៉ុន្តែខ្ញុំចុះមកណេះខ្ញុំមិនទាន់ផ្ទៀងផ្ទាត់អាជ្ញាប័ណ្ណដឹកជញ្ជូន អាជ្ញាប័ណ្ណទិញឈើ ប្រមូលអនុផលព្រៃឈើបាន ដោយលក់ឡាយឡុងអីហ្នឹងណា! មិនទាន់បានពិនិត្យអស់ទេ ខ្ញុំចុះមកណេះហើយ។ ទើបបានទទួលព្រឹកមិញហ្នឹង»។
ទោះយ៉ាងណាមិនអាចស្វែងរកទំនាក់ទំនងជាមួយលោកឧកញ៉ា សុខ គង់ ដើម្បីបំភ្លឺជុំវិញករណីស្តុកឈើទាំងនោះបាននៅឡើយ។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានសហការចុះឆែកឆេរឃ្លាំងឈើនោះ លោកញឹម សិលា បានមានប្រសាសន៍ថា តាមលោកដឹងពីមន្ត្រីរដ្ឋបាលព្រៃឈើថា ការស្តុកឈើនៅក្នុងឃ្លាំងរបស់លោកឧកញ៉ា សុខ គង់ គឺមានអាជ្ញាប័ណ្ណស្របច្បាប់ សម្រាប់យកឈើទាំងនោះបម្រុងទុកទៅសាងសង់សណ្ឋាគារនៅលើភ្នំបូកគោ ក្នុងខេត្តកំពត។
ទោះយ៉ាងណាមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា គេមិនបានឃើញអាជ្ញាប័ណ្ណនោះផ្ទាល់ភ្នែក និងមិនបានដឹងពីកាលបរិច្ឆេទនៃការចេញអាជ្ញាប័ណ្ណនោះតាំងពីពេលណាទេ។
លោក ញឹម សិលា បានបញ្ជាក់ថា ៖ «កម្លាំងខ្ញុំគ្រាន់តែសហការចូលទៅជាមួយព្រះរាជអាជ្ញា មន្ត្រីរដ្ឋបាលព្រៃឈើអ៊ីចឹង ប៉ុន្តែឮរដ្ឋបាលព្រៃឈើថា គាត់មានអាជ្ញាប័ណ្ណដើម្បីយកទៅសាងសង់អូតែលនៅភ្នំបូកគោ។ ការកត់ត្រារបស់គេកត់ទុកអ៊ីចឹង ឃ្លាំងណាមានចំនួនប៉ុន្មានៗ អ៊ីចឹងទៅណា៎! ខ្ញុំដូចជាអត់ទាន់បានឃើញ ប៉ុន្តែឮថា រដ្ឋបាលព្រៃឈើប្រហែលជាគេដឹងណា គេឃើញ!»។
មន្ត្រីរដ្ឋបាលព្រៃឈើចាប់ពីថ្នាក់ខណ្ឌរហូតដល់នាយផ្នែក មិនបានលើកទូរស័ព្ទដើម្បីអធិប្បាយរឿងនោះយ៉ាងណាទេ ពេញមួយថ្ងៃសុក្រ។
កាលពីរសៀលថ្ងៃទី២៤ ខែមីនាកន្លងមក មន្ត្រីសមត្ថកិច្ចចម្រុះខេត្តសៀមរាប មានព្រះរាជអាជ្ញា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ និងនគរបាល បានចុះឆែកឆេរ និងពិនិត្យឃ្លាំងទុកឈើរបស់លោកឧកញ៉ា សុខ គង់ ក្រុមហ៊ុន សូគីម៉ិច រកឃើញឈើជាង ១០០ម៉ែត្រគូប និងឃ្លាំងស្តុកឈើរបស់ឧកញ៉ា ឡៅ ម៉េងឃីន ក្រុមហ៊ុន ស៊ូកាគូ រកឃើញឈើជាង ១០០ម៉ែត្រគូប និងកាលពីរសៀលថ្ងៃទី២៥ ខែមីនា សមត្ថកិច្ចបានចុះឆែកឆេរកន្លែងស្តុកឈើរបស់លោក គោ ស៊ុំសារឿត ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ រកឃើញឈើប្រមាណ ១០ម៉ែត្រគូប។
កាលពីរសៀលថ្ងៃសុក្រ ទី២៦ ខែមីនា សមត្ថកិច្ចចម្រុះបានចុះឆែកឆេរនៅអតីតបន្ទាយទាហាននៃតំបន់ប្រតិបត្តិការសឹករង ខេត្តសៀមរាប មួយកន្លែងទៀត នៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ បានរកឃើញកន្លែងស្តុកឈើប្រណីតប្រភេទធ្នង់ ផ្ចឹក និងសុក្រំ ដ៏ធំសម្បើមមួយទៀត ជាច្រើនរយម៉ែត្រគូប ដែលតាមការសាកសួររបស់សមត្ថកិច្ចឲ្យដឹងថា ជារបស់លោកឧកញ៉ាម្នាក់ឈ្មោះ អាំង ទ្រី តែគេមិនទាន់ច្បាស់ពីក្រុមហ៊ុនឡើយ៕