អធិការប៉ូលិសស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ មានប្រសាសន៍ថា ការដោះលែងធ្វើឡើងដោយយោគយល់មិត្តភាពតាមរយៈអាជ្ញាធរស្រុកនៃប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នាដើម្បីធ្វើការអប់រំអ្នកភូមិវៀតណាមដែលបានប្រព្រឹត្តខុស។
លោក ម៉ា វិចិត្រ បានឲ្យដឹងថា ៖ «រវាងស្រុកនិងស្រុកធ្វើការសហប្រតិបត្តិការមិត្តភាពកម្ពុជាវៀតណាម។ ប្រជាពលរដ្ឋនៅតាមព្រំដែនគាត់មិនសូវជាយល់ផ្លូវច្បាប់ អ៊ីចឹងទេបានជាគាត់ឆ្លងមកខុសច្បាប់។ ឆ្លងយោបល់មកថ្នាក់លើវាសុំគោលការណ៍បញ្ជូនទៅវិញ»។
ក៏ប៉ុន្តែការដោះលែងនេះមិនត្រូវបានក្រុមសហគមន៍អ្នកការពារព្រៃឈើនៃភូមិឡំយល់ស្របជាមួយឡើយ។ អ្នកភូមិបានចោទថា ទុកការដោះលែងនោះជាអំពើឃុបឃិតគ្នាបំផ្លាញព្រៃឈើរបស់ខ្មែរដោយសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ការពារព្រំដែននៅតំបន់នោះ។
តំណាងសហគមន៍អ្នកការពារព្រៃឈើបញ្ជាក់ថា ជាច្រើនលើកហើយដែលសកម្មភាពលួចកាប់ឈើចម្ងាយ៥គីឡូម៉ែត្រពីភូមិឡំ និងចម្ងាយ៣គីឡូម៉ែត្រពីតំបន់ព្រំដែនត្រូវសហគមន៍រកឃើញហើយការដឹកជញ្ជូនឈើឆ្លងកាត់ប៉ុស្តិ៍ប៉ូលិសការពារព្រំដែនត្រូវតែមានការទទួលខុសត្រូវ។
តំណាងសហគមន៍បានបញ្ជាក់ថា ៖ «គេទៅចាប់ពួកវៀតណាមហ្នឹង គេចាប់លើកទី១ គេបង់ផាកបន្តិចបន្តួច ហើយនិងទី៣ ទី៤ទៀត។ ដល់ឥឡូវហ្នឹងគេចង់អន្តរាគមន៍ឲ្យកាត់ទោសពួកបទល្មើសកាប់ព្រៃឈើនៅខ្មែរយើងឲ្យវារាងម្ដង»។
តំណាងសហគមន៍បានឲ្យដឹងថា ពួកគាត់បានបន្តរឹបអូសវត្ថុតាងរថយន្តរ៉េវស្ទូចឈើធុនមធ្យមមួយគ្រឿងផ្ទុកដោយឈើមូលប្រភេទឈើក្រំ១០ដើមដែលគេអារជាឈើជ្រុងមុខកាត់ពី៤០០ទៅ៦០០សង់ទីម៉ែត្រ បណ្តោយជាង៣ម៉ែត្រ បើទោះបីប្រធានប៉ុស្តិ៍ប៉ូលិសការពារព្រំដែនភូមិឡំ ឈ្មោះ ណាង កាលពីយប់ថ្ងៃសុក្របានព្យាយាមសម្របសម្រួលឲ្យអ្នកភូមិទទួលប្រាក់១០លានដុងនិងឲ្យអ្នកភូមិរក្សាទុករថយន្ត១០ថ្ងៃដើម្បីប្រើប្រាស់ក្នុងភូមិក៏ដោយ។
មន្ត្រីប៉ូលិសស្រុកអូរយ៉ាដាវមិនព្រមបញ្ជាក់ពីអត្តសញ្ញាណនិងហេតុផលនាំឲ្យមានការលួចកាប់ឈើដោយជនជាតិវៀតណាមទាំង៤នាក់នោះទេ ក៏ប៉ុន្តែប្រភពអ្នកភូមិអះអាងថា អ្នកទាំង៤ឆ្លើយបញ្ជាក់ប្រាប់ប៉ូលិសមូលដ្ឋានថា ប៉ូលិសប៉ុស្តិ៍ការពារព្រំដែនភូមិឡំត្រូវរ៉ូវជាមួយតម្រួតព្រំដែនវៀតណាមអនុញ្ញាតឲ្យពួកគេចូលមកកាប់ឈើនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយប៉ូលិសប៉ុស្តិ៍ការពារព្រំដែនភូមិឡំដើម្បីបំភ្លឺសេចក្តីចោទបានទេ ក៏ប៉ុន្តែស្នងការរងប៉ូលិសខេត្តរតនគិរី លោក ស៊ូវ៉ាន់ ខាំវ៉ាន់ មានប្រសាសន៍ថា លោកបានចាត់មន្ត្រីមួយក្រុមឲ្យស៊ើបអង្កេតករណីនេះហើយនៅថ្ងៃសៅរ៍ ទី៩ ឧសភា ឆ្នាំ២០០៩នេះ។
ចំណែកនាយសង្កាត់ព្រៃឈើអូរយ៉ាដាវ លោក កង ប៊ុនថេរ៉ូ មានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះទេ យ៉ាងណាក្តីលោកថានឹងចាត់មន្ត្រីចុះពិនិត្យករណីនេះ។
គួរជម្រាបជូនផងដែរថា តាមប្រភពអ្នកភូមិអះអាងថា ការលួចចូលមកកាប់ព្រៃឈើនៅខេត្តរតនគិរីរបស់ខ្មែរពីសំណាក់ជនជាតិវៀតណាមកើតមានជាហូរហែ។ ក្រុមសហគមន៍អ្នកការពារព្រៃតែងតែចាប់បាន ប៉ុន្តែគេកម្រឃើញអាជ្ញាធរដាក់ទោសទណ្ឌដល់អ្នកទាំងនោះណាស់៕