អ្នក​ភូមិ​នៅ​រតនគិរី​ហែ​ក្បួន​ឲ្យ​មាន​ការ​ជួយ​ថែរក្សា​ទន្លេ

នៅ​ឯ​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១១ អ្នក​ភូមិ​ជាង ២០០​នាក់​ដែល​រស់​នៅ​តាម​ដង​ទន្លេ​នានា នៃ​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​ហែ​ក្បួន​ដាស់​ស្មារតី​ឲ្យ​មាន​កិច្ច​ការពារ​ទន្លេ ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា ជា​អាយុ​ជីវិត និង​ជា​អ្នក​មាន​គុណ​ផ្ដល់​ភាព​សុខសាន្ត​ដល់​អ្នក​ភូមិ។

ការ​ហែ​ក្បូន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន ទន្លេ​ស្រែពក ទន្លេ​សេកុង ទន្លេ​មេគង្គ មាន​ខេត្ត​ស្ទឹងត្រែង រតនគិរី ក្រចេះ មណ្ឌលគិរី និង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​សាប រួម​ទាំង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​៩ នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី នៅ​ភូមិ​បានហ្វាំង ឃុំ​ប៉ុង ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី។

នៅ​ក្នុង​ចំណាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល សុទ្ធតែ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ និង​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ត្រី និង​ជីវចម្រុះ​ក្នុង​ទន្លេ​ជា​ច្រើន​នា​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ពី​ប្រទេស​នៅ​តំបន់​ទន្លេ​ខ្សែ​ទឹក​ខាង​លើ ជា​ពិសេស​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​យ៉ាលី នៅ​ប្រទេស​វៀតណាម តាំង​ពី​ឆ្នាំ​១៩៩៩ មក និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ជា​បន្ត​បន្ទាប់​ទៀត​នៅ​តាម​ដង​ទន្លេ​ពី​ប្រទេស​ជិត​ខាង និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។

តំណាង​សហគមន៍​រស់​នៅ​តាម​ដង​ទន្លេ​សេសាន អ្នកស្រី ហ្វយ ទឹត្យ មាន​ប្រសាសន៍​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ថា ៖ «នៅ​ស្រុក​យើង​វា​មាន​ការ​ព្រួយ​បារម្ភ​ច្រើន ពីព្រោះ​ថា សហគមន៍​យើង ដោយសារ​ស្អី? មូលហេតុ​មក​ពី​ទឹក​ជំនន់​ធំ។ ទឹក​ទន្លេ​យើង​មាន​តែ​ទឹក​ទទេ​ហ្នឹង​ហើយ តែ​ត្រី​អត់​មាន​ទេ​តាំង​ពី​គាត់​សាងសង់​ទំនប់​យ៉ាលី​មក គឺ​យើង​អត់​ទាំង​អស់ ពេល​ទឹក​ជំនន់​មក​ម្តងៗ​ស្រែក​រក​តែ​ឲ្យ​គេ​ទៅ​សង្គ្រោះ​ហ្នឹង អត់​មាន​ទូក​អត់​មាន​ចង្វា​ទេ មិន​ដឹង​ទៅ​កន្លែង​ណា»

ដូច​គ្នា​នេះ​ដែរ អភិបាល​រង​ស្រុក​វ៉ឺនសៃ អ្នកស្រី ខាំ ណាវ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ៖ «ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ រួច​ហើយ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ពេល​ដែល​មាន​ទឹក​ជំនន់​ម្តងៗ​តែងតែ​មាន​ផលវិបាក។នាង​ខ្ញុំ​ដឹង​ថា ការ​លំបាក​វា​មាន​លំបាក​យ៉ាង​ណា?»

យ៉ាង​នេះ​ក្ដី​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​យល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ បាន​សម្ដែង​ការ​គាំទ្រ​គម្រោង​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ ក៏​ប៉ុន្តែ​អ្នក​ភូមិ​សំណូមពរ​សុំ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ទាំង​ឡាយ​ណា​ដែល​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ភូមិ ហើយ​ត្រូវ​ធ្វើការ​ដោះស្រាយ​ដោយ​សម​ស្រប​បំផុត​ចំពោះ​ផល​ប៉ះពាល់​ទាំង​ឡាយ​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍន៍​ទាំង​អស់​នោះ ជា​ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ទំនប់​វារីអគ្គិសនី​ទាំង​ឡាយ​នៅ​តាម​ដង​ទន្លេ ទាំង​តំបន់​ខ្សែ​ទឹក​ខាង​លើ និង​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ពិធី​ហែ​ក្បួន​ដើម្បី​សុំ​ឲ្យ​កិច្ច​ជួយ​ការពារ​ទន្លេ​អ្នក​ភូមិ​បាន​ធ្វើ​ពិធី​លែង​កូន​ត្រី​ជាង​មួយ​ម៉ឺន​កូន និង​ពូជ​បង្កង​ជាង ៥០០​កូន។ ជាមួយ​នោះ​ដែរ​ក៏​មាន​ក្រុម​កុមារ​សូត្រ​កំណាព្យ​ស្ដីពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ បរិស្ថាន​តាម​ដង​ទន្លេ​នោះ​ទៀត​ផង៕