មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី នៅថ្ងៃ៣១ ឧសភា បានអះអាងថា លោក សម រង្ស៊ី ពុំមានគម្រោងការណាមួយវិលមកប្រទេសកម្ពុជាវិញទេ នៅគ្រាដែលមានសេចក្ដីរាយការណ៍នានា ឲ្យដឹងថា តុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញដីកានាំខ្លួន លោក សម រង្ស៊ី បន្ទាប់ពីតុលាការនេះបានចេញដីកាកោះហៅជាច្រើនលើកកន្លងមក ដើម្បីសាកសួរចម្លើយនានាជុំវិញបណ្ដឹងរបស់រដ្ឋាភិបាល។
មេធាវីរដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្ដឹងប្តឹង លោក សម រង្ស៊ី កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ ក្រោមបទក្លែងបន្លំឯកសារផែនទី និងបទផ្សាយព័ត៌មានមិនពិត ក្រោយពីលោកបានធ្វើសន្និសីទកាសែតតាមរយៈ Video Conference ពីប្រទេសបារាំងកន្លងមក ចោទប្រកាន់ថា ការបោះតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង លេខ១៨៤, លេខ១៨៥, លេខ១៨៦ និងលេខ១៨៧នោះ គឺបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរវាងពី ២០០ម៉ែត្រ ទៅ ជាង ៥០០ម៉ែត្រ ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥។
រដ្ឋាភិបាលកម្ពុជាបានប្ដឹងលោក សម រង្ស៊ី តាមមាត្រាទី៤៩ នៃច្បាប់អន្តរកាលសម័យអ៊ុនតាក់ ក្រោមបទក្លែងបន្លំឯកសារសាធារណៈ និងមាត្រាទី៦២ នៃច្បាប់ដដែលនេះ ក្រោមបទផ្សាយព័ត៌មានមិនពិត។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាមន្ត្រីអ្នកនាំពាក្យ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលដីកានាំខ្លួនលោក សម រង្ស៊ី នោះនៅឡើយទេ ប៉ុន្តែលោកបានដឹងរឿងនេះហើយ វាជារឿងនយោបាយ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ៖ «ទុកឲ្យខាងតុលាការធ្វើយ៉ាងម៉េច ធ្វើទៅ! ទៅតាមសិទ្ធិអំណាចរបស់គាត់ ប៉ុន្តែខ្ញុំចាត់ទុកថា វាជារឿងឆាកល្ខោនទាំងអស់ វាអត់មានការពិត ហើយមិនមែនជាការផ្ដល់យុត្តិធម៌ជូនទៅឯកឧត្ដមប្រធានពិតប្រាកដ»។
មេធាវីរបស់រដ្ឋាភិបាលកម្ពុជា លោក គី តិច ដែលបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី២៦ ខែកុម្ភៈ បានមានប្រសាសន៍ថា លោកសាទរចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ៖ «អ៊ីចឹងនីតិវិធីតម្រូវឲ្យតុលាការត្រូវតែចេញដីកានាំខ្លួន»។
សុខ សេរី ៖ តើលោកចង់ឃើញឲ្យមានការបើកសវនាឆាប់ៗទេ លើសំណុំរឿងនេះ? គី តិច ៖ ចំពោះខ្ញុំ គឺខ្ញុំយល់ថា ការបើកសវនាការគួរតែធ្វើឲ្យបានឆាប់ ដើម្បីកុំឲ្យស្ទះដំណើរការរបស់គណៈកម្មការកិច្ចការព្រំដែន ដែលគេកំពុងតែធ្វើការនោះ។
លោក ជូង ជូងី មេធាវីរបស់លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកត្រៀមខ្លួនការពារក្តីនេះ ៖ «ពេលដែលបានទទួលជាផ្លូវការ ទើបខ្ញុំពិចារណាត្រូវធ្វើម៉េចទៀត»។
បណ្ដឹ្តងព្រហ្មទណ្ឌរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងលោក សម រង្ស៊ី នៅតុលាការក្រុងភ្នំពេញនោះ គឺជាសំណុំរឿងទី២ ហើយក្រោយពីតុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខ ឲ្យលោក សម រង្ស៊ី ជាប់គុករយៈពេល ២ឆ្នាំ និងផាកពិន័យជាប្រាក់ជាច្រើនលានរៀល កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនេះ ក្រោមបទចោទថា លោកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ នៅគ្រាដែលលោកបាននាំប្រជាពលរដ្ឋ ២នាក់ គឺលោក ព្រំ ជា និងលោកស្រី មាស ស្រី ដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅក្នុងភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថៃ្ងទី២៩ ខែតុលា ឆ្នាំ២០០៩កន្លងទៅ។
ការដកនោះ ដោយសារតែប្រជាពលរដ្ឋបានអះអាងថា តម្រុយបង្គោលព្រំដែនលេខ១៨៥នោះ បានបោះនៅលើដីស្រែរបស់ប្រជាពលរដ្ឋ៕