ទូត​បារាំង​ថា​​មិន​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ​នាំ​ខ្លួន​សម​រង្ស៊ី​ទេ

អ្នក​នាំ​ពាក្យ​ស្ថានទូត​បារាំង លោក​ស្រី ឡូរិនស៍ ប៊ើណាឌី (Laurence Bernardi) មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មិថុនា​នេះ​ថា ស្ថានទូត​នៅ​មិន​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ ដើម្បី​នាំ​ខ្លួន​លោក សម រង្ស៊ី ពី​ប្រទេស​បារាំង​នៅ​ឡើយ​ទេ។

0:00 / 0:00

លោក​ស្រី​បាន​សរសេរ​សារ​អេឡិចត្រូនិក (Email) ថា ស្ថាន​ទូត​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង និង​ជួប​ទាក់​ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់ លោក សម រង្ស៊ី ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អឿង សៀង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០ នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​កម្ពុជា ធ្វើ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ពី​បទ​មជ្ឈិម និង​ឧក្រិដ្ឋ ដែល​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ។

លោក​បន្ថែម​ថា លោក សម រង្ស៊ី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​លិខិត​ក្លែង​ក្លាយ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត ប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០។

លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ក្រោយ​ពេល​ដែល​លោក​បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ​ផែនទី​របស់ Google Earth ថា​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ខ្មែរ និង​វៀតណាម លេខ​១៨៤, ១៨៥, ១៨៦ និង ១៨៧ នាំ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មិថុនា​ថា លោក​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​រឿង​តុលាការ​នៅ​កម្ពុជា​ទេ ពី​ព្រោះ​ករណី​របស់​លោក គឺ​ករណី​នយោបាយ។

លោក សម រង្ស៊ី បាន​អះអាង​ថា ៖ «រឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ​រវាង​ប្រទេស​វៀតណាម និង​រូប​ខ្ញុំ សម រង្ស៊ី។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​គ្រាន់តែ​ការពារ​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​មាន​ភស្តុតាង​ច្បាស់លាស់​ថា យួន​បាន​បង្ខិត​ព្រំដែន​ដោយ​ខុស​ច្បាប់​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា»

លោក សម រង្ស៊ី ថា​លោក​នឹង​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​លោក​នឹង​ប្រមូល​ការ​គាំទ្រ​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​លោក ៖ «រឿង​ធំ​គឺ​រឿង​ប្រទេស​ជាតិ ដែល​យើង​ត្រូវតែ​ដោះស្រាយ​លើ​ឆាក​អន្តរជាតិ តាម​ផ្លូវ​ទូត តាម​ផ្លូវ​នយោបាយ។ កុំ​យក​រឿង​តុលាការ​អាយ៉ង​យក​មក​លេង​សើច យក​មក​ធ្វើ​ជា​ធំ!»

អ្នក​នាំ​ពាក្យ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី លោក ទិត សុធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មិថុនា​នេះ លោក សម រង្ស៊ី នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ប្រសិន​បើ​គាត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ ប៉ុន្តែ​អាជ្ញាធរ​នឹង​មិន​សើ្ន​ឲ្យ​អាជ្ញាធរ​បារាំង​ចាប់​ខ្លួន​លោក សម រង្ស៊ី នៅ​បារាំង​ទេ។ លោក​ថា គ្មាន​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ណា​មួយ​ទៅ​លើ​តុលាការ​កម្ពុជា​ទេ ចំពោះ​ករណី​លោក សម រង្ស៊ី។

លោក ទិត សុធា បាន​បញ្ជាក់​ថា ៖ «មិន​មែន​ជា​កិច្ច​ការងារ​នយោបាយ​ដូច​លោក សម រង្ស៊ី លើក​ឡើង​នោះ​ទេ! ហើយ​ក៏​មិន​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ណា​មួយ ដែល​រាជ​រដ្ឋាភិបាល​នឹង​ត្រូវ​ជជែក​ពិភាក្សា​ជាមួយ​នឹង​បុគ្គល​លោក សម រង្ស៊ី នេះ​ដែរ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មិថុនា​នេះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ថា​តើ​ក្រសួង​នឹង​ធ្វើ​សំណើ​ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​នាំ​ខ្លួន​លោក សម រង្ស៊ី មក​កាន់​តុលាការ​កម្ពុជា ឬ​យ៉ាង​ណា​នោះ​ទេ៕