លោក សម រង្ស៊ី សុំ​ព្រះរាជ​អន្តរាគមន៍​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ

លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ប្រាថ្នា​មក​ចូល​រួម​រំលែក​ទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបរមសព អតីត​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង។

0:00 / 0:00

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី១៨ តុលា លោក​បាន​ផ្ញើ​លិខិត​ថ្វាយ​ទៅ​ព្រះមហាក្សត្រ នរោត្តម សហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លិខិត​ទាំង​ពីរ​នោះ មាន​ខ្លឹម​សារ​ដូច​គ្នា គឺ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ចង់​ឃើញ​ព្រះ​ភ័ក្ដ្រ​អតីត​ព្រះមហាក្សត្រ​ជា​លើក​ចុង​ក្រោយ។

លោក សម រង្ស៊ី បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ការ​អញ្ជើញ​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នោះ អាស្រ័យ​លើ​ព្រះ​រាជានុញ្ញាត និង​ការ​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​តម្កល់​ព្រះបរមសព​របស់​អតីត​ព្រះមហាក្សត្រ​នៅ​ក្នុង​ព្រះបរមរាជវាំង​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ាង សុផល្លែត ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ តុលា ឆ្នាំ​២០១២។

រីឯ​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា ករណី​ស្នើសុំ​នេះ​ជា​សិទ្ធិ​របស់​លោក សម រង្ស៊ី ព្រះអង្គ​មិន​អាច​មាន​បន្ទូល​ថា​យ៉ាង​ណា​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​បញ្ជាក់​ថា លោក សម រង្ស៊ី ធ្លាប់​បាន​ដង្ហែ​តាម​អតីត​ព្រះ​មហា​វីរក្សត្រ​ពី​មុន​មក ពិសេស​លោក​ធ្លាប់​បម្រើ​នយោបាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

រីឯ​អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​សម្ដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ ដើម្បី​បើក​ឱកាស​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ពីព្រោះ​ថា គោល​នយោបាយ​ដ៏​សំខាន់​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​បង្រួម​បង្រួម និង​ផ្សះផ្សា​ជាតិ។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។ ប៉ុន្តែ ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ។ រីឯ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​ថា ការ​កាត់​ទោស​លោក សម រង្ស៊ី ជា​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។