សមរង្ស៊ី​ប្ដឹង​ហ៊ុនសែន​ទៅ​តុលាការ​អាមេរិក

សំណុំ​រឿង​ឃាតកម្ម​គប់​គ្រាប់​បែក​ដៃ​កាល​ពី​ឆ្នាំ​១៩៩៧ កន្លង​ទៅ ត្រូវ​បាន​មេ​ដឹក​នាំ​គណបក្ស សម រង្ស៊ី បាន​លើក​មក​ជា​ថ្មី ដើម្បី​ធ្វើ​ជា​កម្មវត្ថុ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​តុលាការ​នៅ​កម្ពុជា បាន​កាត់​ទោស​កំបាំង​មុខ​ជា​បន្តបន្ទាប់​ឲ្យ​លោក សម រង្ស៊ី ជាប់​គុក​ចំនួន​សរុប ១២​ឆ្នាំ។

0:00 / 0:00

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថៃ្ង​ទី​២៤ ខែ​កញ្ញា បាន​ប្រកាស​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ផ្លូវការ​ហើយ ទៅ​តុលាការ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក ដោយ​បាន​ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ពាក់ព័ន្ធ​ក្នុង​អំពើ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​ជិត ២០​នាក់ និង​រង​របួស​ជាង ១០០​នាក់។

លោក​ក៏​បាន​ប្តឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដដែល​នេះ​ទៅ​តុលាការ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ (Spain) ផង​ដែរ នៅ​ថៃ្ង​ទី​២៣ ខែ​កញ្ញា។

ជនជាតិ​អាមេរិកាំង​ម្នាក់ គឺ​លោក រ៉ុន អាបនី (Ron Abney) ដែល​បាន​រង​របួស​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ត្រូវ​បាន​លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា បាន​ដាក់​ពាក្យ​បណ្ដឹង​ផង​ដែរ​ទៅ​តុលាការ​ក្រុង​ញូវយ៉ក​នោះ។

ការ​ប្រកាស​ប្តឹង​នេះ បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តាម​រយៈ​វីដេអូ ខនហ្វើរេនស៍ (Video Conference) ពី​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង មក​ទីស្នាក់ការ​គណបក្ស​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​ទី​២៤ ខែ​កញ្ញា។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​តែ​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចង់​បាន​សំណង​ជំងឺ​ចិត្ត​អ្វី​ទេ​ក្រៅ​ពី​ការ​ផ្ដន្ទា​ទោស ៖ «ថា​ចង់​សម្លាប់​តែ​ខ្ញុំ សម រង្ស៊ី ម្នាក់​ឯង​ណា? ធ្វើ​បែប​ហ្នឹង​សម្លាប់​គេ ស្លាប់​គេ​ស្លាប់​ឯង​ច្រើន។ អា​ហ្នឹង​ចូល​ទៅ​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។ ហ្នឹង​ទោះ​ជា​ធ្វើ​ប្រមុខ​រដ្ឋ ធ្វើ​ស្ដេច ធ្វើ​ស្អី​ក៏ដោយ ធ្វើ​ហ្លួង ធ្វើ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី​ដល់​ណា​ក៏ដោយ តែ​គេ​តាម​ចាប់ បទ​ឧក្រិដ្ឋ​បែប​ហ្នឹង​គេ​អាច​ចាប់​បាន។ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា តុលាការ​នៅ​សហរដ្ឋ​អាមេរិក ពេល​ដែល​យើង​កំពុង​តែ​និយាយ​គ្នា​នេះ គឺ​គេ​ចាំ​ទទួល​លោក ហ៊ុន សែន នៅ​ទីក្រុង​ញូវយ៉ក​ដែរ»

លោក សម រង្ស៊ី បាន​ផ្អែក​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​កន្លង​មក ឬ​ហាត់​ថា អេហ្វ.ប៊ី.អាយ (FBI)។ គេ​បាន​ចែក​ចាយ​ពាក្យ​បណ្ដឹង​នៃ​សំណុំ​រឿង​ចោទ​ប្រកាន់​នោះ​ឲ្យ​អ្នក​សារ​ព័ត៌មាន​នានា នៅ​ក្នុង​សន្និសីទ​កាសែត​នោះ អំពី​របាយការណ៍​របស់​អេហ្វ.ប៊ី.អាយ និង​ឈ្មោះ​មេធាវី​របស់​លោក។

ការ​ប្តឹង​របស់​លោក សម រង្ស៊ី ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ គឺ​នៅ​គ្រា​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រតិភូ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​អាស៊ាន-​សហរដ្ឋ​អាមេរិក លើក​ទី​២ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក និង​ការ​ចូល​រួម​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។

មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក គៀត ចន្ថារិទ្ធ បាន​មាន​ប្រសាសន៍​ថា សំណុំ​រឿង​ឃាតកម្ម​នេះ​មិន​ទាន់​បាន​បិទ​នៅ​ឡើយ​ទេ ៖ «បើ​សិន​ជា​រឿង​ហ្នឹង​ចប់​ចុង​ចប់​ដើម បាន​វា​ចប់។ បើ​វា​អត់​ចប់​ទេ យើង​អត់​បញ្ចប់​ទេ។ មនុស្ស​មួយ​ចំនួន​គេច​ខ្លួន ឧទាហរណ៍​អ៊ីចឹង​ណា! រឿង​ហ្នឹង​ចប់​ចុង​ចប់​ដើម​មាន​ន័យ​ថា មុខ​សញ្ញា​ពាក់ព័ន្ធ​ប៉ុន្មាន​ត្រូវ​បាន​រក​ឃើញ និង​ឃាត់​ខ្លួន​ទាំង​អស់ អា​ហ្នឹង​វា​ចប់​ហើយ»

កាល​ពី ១៣​ឆ្នាំ​កន្លង​ទៅ នៅ​ថៃ្ង​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ជាតិ​ខែ្មរ បច្ចុប្បន្ន​ជា​គណបក្ស សម រង្ស៊ី) បាន​ដឹក​នាំ​បាតុកម្ម​នៃ​កម្មករ​ជា​ច្រើន​រយ​នាក់​នៅ​ខាង​សភា​ជាតិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​យុត្តិធម៌ និង​ប្រឆាំង​អំពើ​ពុករលួយ ប៉ុន្តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​គប់​គ្រាប់​បែក​ដៃ​ចំនួន ៤​គ្រាប់ មក​លើ​ហ្វូង​បាតុករ បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​ជិត ២០​នាក់ និង​រង​របួស​ជាង ១០០​នាក់។

មក​ដល់​ពេល​នេះ គេ​មិន​ទាន់​បាន​ឃើញ​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ។

លោក សម រង្ស៊ី បាន​រង​ការ​ប្ដឹង​រួច​ម្ដង​ទៅ​ហើយ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៤ កន្លង​ទៅ ក្រោម​បទ​បរិហារ​កេរ្តិ៍ និង​ជេរ​ប្រមាថ ដោយសារ​តែ​ការ​ចោទ​ប្រកាន់​រឿង​នេះ​កន្លង​មក៕