សហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហម បានលើកឡើងនៅថ្ងៃទី២៩ ខែមីនា ថា អង្គជំនុំជម្រះសាលាដំបូងរបស់ អ.វ.ត.ក. មានកំហុសច្បាប់ ព្រោះមិនបានផ្ដន្ទាទោសបទល្មើសមួយចំនួន ហើយថែមទាំងចាត់ទុកការរំលោភសេពសន្ថវៈនៅគុកទួលស្លែង ទៅជាប្រភេទទារុណកម្មទៅវិញ។
សហព្រះរាជអាជ្ញាអន្តរជាតិ លោក អង់ឌ្រូ ធី ខេឡី (Andrew T. Cayley) ថ្លែងថា ដោយសារតែភាពធ្ងន់ធ្ងរនៃបទល្មើសជាក់លាក់ក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លោកបានស្នើសុំឱ្យតុលាការដាក់ទោស ឌុច យ៉ាងតិច ៤៥ឆ្នាំ។
លោក អង់ឌ្រូ ធី ខេឡី បានលើកការប្រៀបធៀបដល់អង្គជំនុំជម្រះថា ជនជាប់ចោទក្នុងបទឧក្រិដ្ឋកម្មនៅតុលាការព្រហ្មទណ្ឌអន្តរជាតិដទៃទៀត ត្រូវបានផ្ដន្ទាទោសអស់មួយជីវិត លើកលែងតែ ឌុច ប៉ុណ្ណោះ ដែលសាលាក្ដីខ្មែរក្រហមផ្តន្ទាទោស ៣៥ឆ្នាំ។
លោកបន្តថា ដោយសារតែមានកំហុសផ្លូវច្បាប់ខ្លះ ទើបព្រះរាជអាជ្ញាសុខចិត្តឱ្យមានការបន្ថយទោស ៖ "យើងស្នើសុំឱ្យមានការដាក់ពន្ធនាគារមួយជីវិតមែន ប៉ុន្តែយើងត្រូវការបន្ថយរយៈពេលនោះមកត្រឹមរយៈពេលកំណត់ ដោយសារតែការឃុំខ្លួនខុសច្បាប់ដោយតុលាការយោធា។ យើងមិនជំទាស់ទេ ប្រសិនបើអង្គជំនុំជម្រះមានការកំណត់រយៈពេលជាក់លាក់ណាមួយ គឺគួរតែឱ្យវាស្របទៅតាមអ្វីដែលយើងស្នើ ៤៥ឆ្នាំ ឬក៏អាចលើសពីនេះ"។
លោក អង់ឌ្រូ ធី ខេឡី បានព្យាយាមលើកឡើងបទឧក្រិដ្ឋនានា ដែលកើតមាននៅក្នុងគុកទួលស្លែង ធ្វើជាធាតុផ្សំដើម្បីឱ្យអង្គជំនុំជម្រះតុលាការកំពូល ពិចារណាអំពីការចោទប្រកាន់ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ មានជាអាទិដូចជា មនុស្សឃាត ការដាក់ជាទាសករ ការឃុំឃាំង ការធ្វើទារុណកម្ម និងការរំលោភសេពសន្ថវៈជាដើម។
ចៅក្រមអន្តរជាតិមានប្រសាសន៍ថា ច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ អ.វ.ត.ក. មិនមែនដាច់ដោយឡែកពីច្បាប់ជាតិកម្ពុជាទេ។ ច្បាប់ អ.វ.ត.ក. បានកំណត់ទោសពី ៥ឆ្នាំ រហូតអស់មួយជីវិត ហើយក្រមព្រហ្មទណ្ឌថ្មីក៏មានចែងអំពីការផ្ដន្ទាទោសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិអស់មួយជីវិតដែរ។
ទាក់ទងនឹងបញ្ហានេះ មេធាវីការពារក្ដីឱ្យ ឌុច លោក កង ឫទ្ធារី បានលើកឡើងថា អ.វ.ត.ក. អនុវត្តប្រព័ន្ធច្បាប់ស៊ីវិល ហើយក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា បានលុបចោលបទល្មើសមួយចំនួនដែលបានផ្ដល់ផលប្រយោជន៍ដល់ ឌុច ហើយគ្មានច្បាប់ណាមួយអាចមករារាំងពីការទទួលបានផលប្រយោជន៍នោះទេ។ ដូច្នេះការលើកការអនុវត្តរបស់តុលាការយុត្តិធម៌ប្រទេសដទៃមកដាក់ទោស ឌុច ឱ្យជាប់ពន្ធនាគារមួយជីវិត ជារឿងមិនសមហេតុផលទាល់តែសោះ។
ចំពោះការបន្ថយទោសច្រើនពេក លោកមេធាវី កង ឫទ្ធារី ឆ្លើយតបថា មកពីសាលាដំបូងមានហេតុផលសមស្របមួយចំនួន ក្នុងនោះគឺជនជាប់ចោទការសហការល្អ និងជួយដោយស្មោះសរដល់សាលាក្តី ភាគីផ្សេងៗ និងសហគមន៍កម្ពុជា ព្រមទាំងផ្ដល់សក្ខីកម្ម ផ្ដល់ភស្តុតាងនានា ដោយស្មោះត្រង់ និងផ្ចិតផ្ចង់ ដើម្បីកុំឱ្យសហគមន៍ជាតិ និងអន្តរជាតិភ័ន្តច្រឡំពីប្រវត្តិសាស្ត្រពិត។
លោកមេធាវី កង ឫទ្ធារី បញ្ជាក់ដូច្នេះ ៖ «តាមពិតទៅទោសនេះកំណត់ត្រឹមអប្បបរមានៃស្ថានសម្រាលទោសដែលផ្ដល់ដោយអង្គជំនុំជម្រះស្របតាមមាត្រា ៩៥ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា ត្រឹមតែ ១៥ឆ្នាំ គឺគ្រប់គ្រាន់ណាស់ទៅហើយ»។
លោកបានលើកសំអាងថា មាត្រា ៩៥ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា បានកំណត់ថា កាលបើជនជាប់ចោទទទួលទោសគុកអស់មួយជីវិត ហើយទទួលស្ថានសម្រាលទោសនោះ ទោសត្រូវកំណត់ពី ១៥ ទៅ ៣០ឆ្នាំ ប៉ុន្តែលោកកត់សម្គាល់ថា អង្គជំនុំជម្រះសាលាដំបូងបានដាក់ទោស ឌុច ដល់ទៅ ៣៥ឆ្នាំ ដែលលោកបានហៅការដាក់ទោសកូនក្ដីរបស់លោកលើសការកំណត់ដល់ទៅ ៥ឆ្នាំ៕