គណៈប្រតិភូ​ព្រឹទ្ធសភា ចុះ​ពិនិត្យ​ករណី​ជម្លោះ​ដីធ្លី​នៅ​អមលាំង ខេត្ត​កំពង់ស្ពឺ

បញ្ហា​ជម្លោះ​ដី​នៅ​ខែត្រ​កំពង់ស្ពឺ​ជា​ច្រើន​កន្លែង បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ សម​ស្រប​ពី​អាជ្ញាធរ​ខែត្រ​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ព្រឹទ្ធសភា​បាន​ចុះ​ទៅ​សាក​ សួរ និង​ស្រាវជ្រាវ​អំពី​ករណី​ជម្លោះ​ដីធ្លី​នីមួយៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា។

0:00 / 0:00

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខែត្រ​កំពង់ស្ពឺ បាន​ថ្លែង​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១០ ឧសភា មន្ត្រី​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា បាន​ចុះ​ទៅ​ជួប​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​បី រួម​មាន​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លីកាដូ អង្គការ​វីជីលែន និង​តំណាង​អ្នក​ភូមិ​ដែល​មាន​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ខែត្រ​កំពង់ស្ពឺ។

លោក សែម ចៅ​សុខ ជា​មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា គោល​បំណង​ដែល​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា បាន​ចុះ​ទៅ​ជួប​មន្ត្រី​សិទ្ធិ​មនុស្ស និង​តំណាង​អ្នក​ភូមិ ដែល​មាន​បញ្ហា​ជម្លោះ​ដី​នៅ​ស្នាក់​ការ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​គោល​បំណង​រក​ដំណោះ​ស្រាយ​ជួន​ប្រជា​ពលរដ្ឋ ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ​ដី នៅ​ក្នុង​ខែត្រ​កំពង់​ស្ពឺ។

លោក សែម ចៅ​សុខ មាន​ប្រសាសន៍​ថា ៖ «ជំនួប​គ្នា​ព្រឹក​មិញ ខ្ញុំ​ឃើញ​ថា មាន​ផល​ល្អ​ច្រើន ដោយសារ​គណៈកម្មការ​គាត់​បាន​ប្រមូល​ព័ត៌មាន​ទាំង​អស់​ហ្នឹង គឺ​ទៅ​ឲ្យ​សម្ដេច​ប្រធាន​ព្រឹទ្ធសភា ដើម្បី​ប្រធាន​ព្រឹទ្ធសភា​យក​រឿង​ទាំង​អស់ ទៅ​ពិភាក្សា​ជា​មួយ​សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ»

លោក សែម ចៅ​សុខ បាន​បញ្ជាក់​ទៀត​ថា លោក​ស្រី ម៉ែន ម៉ាលី ដែល​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា បាន​សាក​សួរ​ទាក់​ទង​នឹង​ករណី​ជម្លោះ​ដី​អ្នក​ភូមិ​អមលាំង​ស្រុក​ថ្ពង ជា​មួយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុង​ផាត់ ឈ្មោះ ភ្នំពេញ​ស៊ូហ្គើរ ករណី​ជម្លោះ​អ្នក​ភូមិ​វាល​ធំ ស្រុក​ភ្នំ​ស្រួច ជា​មួយ​សមាគម​សង្គ្រោះ​ជន​ពិការ​កម្ពុជា និង​ករណី​អាជ្ញាធរ​ខណ្ឌ​ច្បារមន ដែល​បាន​រុះ​រើ​ផ្ទះ​អ្នក​ភូមិ​រស់​នៅ​តាម​ដង​ស្ទឹង នៅ​ក្បែរ​ផ្សារ​ខែត្រ​កំពង់ស្ពឺ។

លោក យូ ថូ ជា​តំណាង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង និង​ជា​ក្រុម​ប្រឹក្សា​ឃុំ​ផង​នោះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​រៀប​រាប់​ប្រាប់​អំពី​តួ​នាទី​របស់​គាត់ ជា​ក្រុម​ប្រឹក្សា​ឃុំ​ធ្វើ​ការ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ ការពារ​ប្រជា​ពលរដ្ឋ​អំពី​ក្រុមហ៊ុន ភ្នំពេញ​ស៊ូហ្គើរ រំលោភ​យក​ដី​អ្នក​ភូមិ តែ​ត្រូវ​បាន​តុលាការ​ខែត្រ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ កាល​ពី​ខែ​មិនា​ទៅ​វិញ។

លោក​បន្ត​ថា ៖ «ឯក​ឧត្ដម សាយ ឈុំ គាត់​ប្រាប់​ខ្ញុំ​ថា ល្គឹក​ណា​អ្នក​មាន​អំណាច អ្នក​មាន​លុយ​ទៅ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ បើ​លោក​ចង់​ធ្វើ​ក្រុម​ប្រឹក្សា​ល្អ លោក​ត្រូវ​ការ​ពារ​ផល​ប្រយោជន៍​ឲ្យ​គាត់ តែ​បើ​លោក​ចង់​ធ្វើ​ក្រុម​ប្រឹក្សា​ពុក​រលួយ លោក​ទៅ​ការ​ពារ​ជន​ពុក​រលួយ​ទៅ អា​ហ្នឹង​វា​ពុក​រលួយ​ហើយ អ៊ីចឹង​ខ្ញុំ​ក្ដាប់​បាន​ត្រង់​ហ្នឹង​ហើយ។ ចុះ​បើ​ក្រុម​ទៅ​ឈូស​ដី​ស្រែ​ប្រជា​ពលរដ្ឋ​មែន ទៅ​យក​ដី​ប្រជា​ពលរដ្ឋ​មែន ចុះ​ហេតុ​អ្វី​ខ្ញុំ​ការ​ពារ​ពួក​គាត់​មិន​បាន?»

តំណាង​អ្នក​ភូមិ​មក​ពី​ភូមិ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច និង​ជា​នាយក​សាលា​វាលធំ លោក ហុយ សា​មើ​ឌី បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រគល់​ឯកសារ​ជួន​លោក​ស្រី ម៉ែន ម៉ាលី អស់​ហើយ អំពី​ប្រធាន​សមាគម​សង្គ្រោះ​ជន​ពិការ​កម្ពុជា លោក ទួច សឿ​លី បាន​យក​ដី​របស់​ពួក​គាត់​លក់​ឲ្យ​អ្នក​ភូមិ ផ្សេង​ទៀត។

តំណាង​អ្នក​ភូម​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ហេតុ​អី​បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​អ៊ីចឹង ព្រោះ​ផ្លាក​សមាគម​នេះ គឺ​ជា​ខែល​សម្រាប់​លោក ទួច សឿ​លី ធ្វើ​អាជីវកម្ម​សម្រាប់​ផល​ប្រយោជន៍​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ»

ប្រធាន​សមាគម​សង្គ្រោះ​ជន​ពិការ​កម្ពុជា លោក ទូច សឿ​លី បាន​បញ្ជាក់​ថា លោក​បាន​យក​ដី​ពី​ប្រជា​ពលរដ្ឋ​វិញ​នោះ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ទាំង​នោះ មិន​គោរព​តាម​គោល​ការណ៍​របស់​សមាគម ៖ «ខ្ញុំ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ តែ​មិន​ស៊ុមគ្រលុំ​ជា​មួយ​ជន​ខិល​ខួច​ទេ ព្រោះ​បញ្ហា​នេះ​ធ្វើ​ឲ្យ​គោល​ការណ៍​របស់​យើង​នាំ​មក​នូវ​បរាជ័យ»

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា លោក​ស្រី ម៉ែន ម៉ាលី មិន​បាន​ធ្វើ​អធិប្បាយ​អំពី​ករណី​ចុះ​សាក​សួរ​ព័ត៌មាន ទាក់​ទង​នឹង​រឿង​ជម្លោះ​ដី​ធ្លី​នៅ​ខែត្រ​កំពង់ស្ពឺ​ទេ នៅ​ថ្ងៃ​ទី​១១ ឧសភា ដោយ​បញ្ជាក់​ថា លោក​ស្រី​ជាប់​ប្រជុំ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​បី ប្រចាំ​ខែត្រ​កំពង់ស្ពឺ គឺ​មន្ត្រី​អង្គការ​លីកាដូ អាដហុក និង​វីជីលែន បាន​ទទូច​សុំ​ទៅ​លោក​ស្រី ម៉ែន ម៉ាលី ក៏​ដូច​ជា​រដ្ឋាភិបាល សុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ខែត្រ​កំពង់ស្ពឺ​ឲ្យ​បាន​ឆាប់។ ពិសេស ទំនាស់​ដី​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ជា​មួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ដើម្បី​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ៕