សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១៨-១៩ ធ្នូ ឆ្នាំ២០១០ លើជនជាប់ចោទជាប្រធានសន្តិសុខឃ្លាំងអង្ករនៅអង្គការស្បៀងអាហារពិភពលោកគឺលោក សេង គុណការ ដោយបានផ្ដន្ទាទោសឲ្យជាប់គុក ៦ខែ និង ផាកពិន័យជាទឹកប្រាក់ចំនួនមួយលានរៀល។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានឃ្លាំមើលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី១៩ ធ្នូ បានឲ្យវិទ្យុអាស៊ីសេរីដឹងថា តុលាការបានសម្រេចផ្ដន្ទាទោសនេះ ដោយយោងទៅលើច្បាប់ក្រមព្រហ្មទណ្ឌថ្មី មាត្រា៤៩៤ និង៤៩៥ ពីបទបានញុះញង់ បង្កឲ្យមានបទឧក្រិដ្ឋ ដោយសារបុរសរូបនេះ បានបោះពុម្ពអត្ថបទមួយ ដែលចុះផ្សាយក្នុងគេហទំព័រឈ្មោះ ខេ អាយ (Ki-Media) មកចែកផ្សាយបន្តទៅមិត្តភ័ក្ដិ។
ក្នុងអត្ថបទដែលបង្ហោះលើគេហទំព័រ និងបានបោះពុម្ពចែកផ្សាយបន្តដោយបុរសខាងលើនេះ មានខ្លឹមសារជេរប្រមាថ រិះគន់ធ្ងន់ៗ ដល់រដ្ឋាភិបាលកម្ពុជា។
លោក អំ សំអាត មានប្រសាសន៍ច្រានចោលការសម្រេចផ្ដន្ទាទោសនេះពីតុលាការបែបនេះថាជារឿងអយុត្តិធម៌ ៖ «អ្វីដែលត្រូវត្រួតពិនិត្យនោះ គឺក្រសួងព័ត៌មានទេ ដែលគាត់ត្រួតពិនិត្យទៅលើវេបសាយ បើសិនជាឃើញមានថាមិនស្រួល គាត់ត្រូវធ្វើការជាមួយKI ហ្នឹង ដល់ពេលគាត់គ្រាន់តែមើលវេបសាយហ្នឹងឃើញ ហើយព្រីនចេញ ហើយចាប់គាត់ចោទប្រកាន់គាត់អ៊ីចឹង យើងឃើញមិនអាចទទួលយកបានទេរឿងហ្នឹង។ វាប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិផងដែរ ព្រោះអានេះវាគ្មានសកម្មភាពអីបង្កចលាចល ឬអីសម្រាប់គាត់ក្នុងគោលបំណងគ្រាន់តែបើកមើលឯកសារឃើញ ហើយ Copy ចែកមិត្តភ័ក្ដិសម្រាប់មើលទេ វាអត់អីបង្កើតបទល្មើសសម្រាប់គាត់នោះទេ»។
នៅក្រោយអង្គសវនាការ ក្រុមគ្រួសារជនរងគ្រោះមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយប្រាប់ក្រុមសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជុំវិញការកាត់ក្តីនេះឡើយ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថានឹងមានការប្តឹងឧទ្ធរណ៍បន្តទៀត។
លោក អ៊ំ សំអាត បានចាប់អារម្មណ៍ទៀតថា នេះជាការបើកឆាកដំបូងក្នុងការអនុវត្តក្រមព្រម្មទណ្ឌថ្មី ចាប់តាំងពីក្រមថ្មីនេះទើបបានចូលជាធរមាន កាលពីថ្ងៃទី១១ ធ្នូ កន្លងមក ។ លោកបន្តថា ការអនុវត្តបែបនេះជាការរារាំងនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបាននូវព័ត៌មាន។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវេត មានប្រសាសន៍ថា អង្គការលោកត្រៀមខ្លួនសហការជានិច្ចទៅលើនីតិវិធីច្បាប់ ដើម្បីអន្តរាគមន៍លើករណីចាប់ឃុំខ្លួនលោក សេង គុណការ ដោយសារតែចែកចាយព័ត៌មានបន្តទៅដល់មិត្តភ័ក្ដិនោះ។
លោក ចាន់ សាវេត បានរិះគន់ចំពោះការចាប់ខ្លួនមកផ្ដន្ទាទោសនេះថា ជារឿងមិនសមហេតុផល ៖ «ហើយខ្ញុំគិតថា បើគ្រាន់តែជារឿងរិះគន់រដ្ឋាភិបាល មិនជារឿងទោសពៃរ៍អីទេ បើគ្រាន់តែយើងចូលរួមសំដែងមតិដើម្បីកែលម្អ មិនពេញចិត្តចំពោះទង្វើហ្នឹង ហើយយើងទាមទារឲ្យបញ្ឈប់អាហ្នឹង មិនមែនជារឿងត្រូវចាប់ទោសអូសដំណើរទេ ហើយបើសិនជាមានការចាប់ទោសអូសដំណើរទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ ខ្ញុំគិតថា ជាការរំលោភសិទ្ធិមនុស្ស និងជាការរឹតបន្តឹងសកម្មភាពសិទ្ធិមនុស្ស ដែលយើងកំពុងតែអនុវត្តសព្វថ្ងៃ»។
កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងមក អត្ថបទមួយនៅលើគេហទំព័ររបស់ ខេ អាយ (KI–Media) បានផ្សព្វផ្សាយដោយបានចោទថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាលថាជាជនក្បត់ជាតិ លក់ទឹកដីឲ្យវៀតណាម។
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានមានប្រសាសន៍ថា នេះជាការព្រមានមួយ។ តាមពិតរដ្ឋាភិបាលមិនចង់បិតសំឡេងសារព័ត៌មានណាមួយនោះទេ។ ប៉ុន្តែអ្វីដែលគេចោទ សូមឲ្យវាមានមូលដ្ឋានត្រឹមត្រូវ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៦ ខែធ្នូកន្លងមកដោយខ្លីថា លោកបានស្នើសុំឲ្យរដ្ឋាភិបាលបិទគេហទំព័រនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆាប់ៗខាងមុខនេះ។
ប៉ុន្តែលោកនៅមិនទាន់ឆ្លើយបញ្ជាក់បាននៅឡើយទេ អំពីការប្ដឹងអ្នកគ្រប់គ្រងគេហទំព័រ KI នេះ។ នៅថ្ងៃអាទិត្យ ទី១៩ ធ្នូ វិទ្យុអាស៊ីសេរីពុំទាន់អាចសុំការបញ្ជាក់ពីលោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានទេ ជុំវិញបញ្ហាដ៏ចម្រូងចម្រាសខាងលើនេះ។
លោក សេង គុណការ ជាប្រធានសន្តិសុខឃ្លាំងអង្ករស្បៀងអាហារពិភពលោក ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវចាប់ខ្លួននៅថ្ងៃសៅរ៍ ទី១៨ ធ្នូ ឆ្នាំ២០១០ ហើយបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញជាបន្ទាន់នៅរសៀលថ្ងៃសៅរ៍ ទី១៨ ធ្នូ ដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការបឋមមួយភ្លាមៗ ប៉ុន្តែមិនទាន់អាចសម្រេចក្តីបានភ្លាមៗទេ ហើយក៏បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យនគរបាល ហើយក៏បន្តបើកសវនាការជំនុំជម្រះក្តីនៅថ្ងៃអាទិត្យ ទី១៩ ធ្នូនេះទៀត។
អង្គការសិទ្ធិមនុស្សលីកាដូបានចេញសេចក្ដីថ្លែងការណ៍មួយនៅរសៀលថ្ងៃអាទិត្យ ទី១៩ ធ្នូ គឺនៅក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ នៃការកាត់ក្តីលោក សេង គុណការ ដោយបានហៅការបើកសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញលើករណីខាងលើនេះ គឺពុំមានមូលដ្ឋានត្រឹមត្រូវ ប្រកបដោយភាពយុត្តិធម៌នោះទេ។ សេចក្ដីថ្លែងការដដែលបានហៅការបើកសវនាការនេះថា ធ្វើឡើងដោយឆក់កណ្ដៀត ដែលសរឲ្យឃើញថា ការបង្ក្រាបទៅលើសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែអាក្រក់ទៅៗ៕
អត្ថបទទាក់ទង៖
[ -បុគ្គលិកកម្មវិធីស្បៀងពិភពលោកត្រូវបានកាត់ទោសឲ្យជាប់គុក៦ខែOpens in new window ]
[ -អាជ្ញាធរខ្មែរចាប់ខ្លួនបុគ្គលិកអង្គការកម្មវិធីស្បៀងពិភពលោកOpens in new window ]
[ -រដ្ឋាភិបាលនឹងបិទគេហទំព័រ KI នៅចុងខែធ្នូOpens in new window ]