តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទា​ទោស​ជន​ជាតិ​ថៃ​២​រូប​ឲ្យ​ជាប់​គុក ៨​ឆ្នាំ និង​៦​ឆ្នាំ

នៅ​ល្ងាច​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១១​នេះ តុលាការ​ក្រុងភ្នំពេញ​ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​ជន​ជាតិ​ថៃ ​២​​រូប ក្នុង​ចំណោម ៧​រូប ​ដែល​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​កាល​ពី​ចុង​ឆ្នាំ​២០១០។

0:00 / 0:00

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បាន​កាត់​ទោស​ជន​ជាប់​ចោទ​ថៃ ឈ្មោះ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ភេទ​ប្រុស ឲ្យ​ជាប់​គុក​រយៈពេល ៨​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១,៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​បាន​កាត់​ទោស​ជន​ជាប់​ចោទ​ថៃ​ម្នាក់​ទៀត​ឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ភេទ​ស្រី ឲ្យ​ចាប់​គុក​រយៈ​ពេល ៦​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១,២​លាន​រៀល​ចូល​ថវិកា​រដ្ឋ។

ការ​កាត់​ទោស​នេះ គឺ​តុលាការ​បាន​ផ្អែក​លើ​មាត្រា​ទី​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍ ក្រោម​បទ​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ខុស​ច្បាប់ និង​ផ្អែក​តាម​មាត្រា​ទី​២៧ មាត្រា​ទី​៤៧៣ មាត្រា​ទី​៤៣៩ និង​មាត្រា​ទី​៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា ក្រោម​បទ​ចូល​ក្នុង​ទីលាន​យោធា​កម្ពុជា ក្នុង​បំណង​ទុច្ចរិត និង​បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​សម្ងាត់​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា។

សាលក្រម​នេះ​ត្រូវ​បាន​អាន​ប្រកាស​ដោយ​ចៅក្រម​ជម្រះ​ក្ដី លោក សួស សំអាត នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ក្រោយ​ពី​បាន​បើក​សវនាការ​ជម្រះ​ក្ដី​រយៈពេល​ជាង ១០​ម៉ោង ចំពោះ​មុខ​ជន​ជាប់​ចោទ​ចំនួន ២​នាក់​នោះ ៖ «ពី​បទ​លប​លួច​ចូល​ក្នុង​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត។ ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​ប៉ុនប៉ង​ប្រមូល​ផ្ដុំ​ព័ត៌មាន​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការពារ​ជាតិ»

តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ទាស់​ចំពោះ​សាលក្រម​នេះ​ទៅ​តុលាការ​សាលាឧទ្ធរណ៍​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ។

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន គឺ​លោក រស់ អូន បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ៖ «ផ្លូវ​ច្បាប់​គេ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍ គឺ​ប្ដឹង​ឧទ្ធរណ៍​ទៀត»

តុលាការ​ក្រុង​ភ្នំពេញ បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​កម្ពុជា នាំ​ខ្លួន​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ព្រៃ​ស​វិញ ក្រោយ​ពី​តុលាការ​សាលាឧទ្ធរណ៍​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

នៅ​ក្នុង​សវនាការ​រយៈពេល​ជាង ១០​ម៉ោង​នោះ តុលាការ​ក្រុង​ភ្នំពេញ បាន​សាកសួរ​សាក្សី​ចំនួន ៧​នាក់ គឺ ៥​នាក់​ជា​មន្ត្រី​យោធា​កម្ពុជា មន្ត្រី​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ មន្ត្រី​ជំនាញ​ការ​ផែនទី មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ តុលាការ​បាន​សាកសួរ​សាក្សី​ថៃ​ចំនួន ២​នាក់​ទៀត។

តុលាការ​បាន​បង្ហាញ​ឯកសារ និង​វត្ថុ​តាង​មាន​ដូចជា​វីដេអូ ម៉ាស៊ីន​ថត​រូបភាព​សម្ងាត់ បញ្ចាំង​រូបភាព​វីដេអូ និង​ភូមិសាស្ត្រ​ផែនទី​បារាំង-​សៀម ឆ្នាំ​១៩០៧។

ជនជាតិ​ថៃ​ចំនួន ៧​នាក់ បាន​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ត្រូវ​បាន​យោធា​កម្ពុជា បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

ជន​ជាប់​ចោទ​ចំនួន ២​នាក់​ចុង​ក្រោយ បាន​បដិសេធ​នៅ​ក្នុង​សវនាការ​ថា ទឹក​ដី​នោះ​ជា​របស់​ថៃ ហើយ​គេ​បាន​ចូល​មក​តាម​សំណើ​របស់​ប្រជាជន​ថៃ ដើម្បី​មក​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​៤៦ ដោយ​បាន​បង្ហាញ​ឯកសារ​ផែន​ទី​ចម្លង​ចេញ​ពី​គេហទំព័រ​ឈ្មោះ Google ដើម្បី​ជា​ការ​អះអាង។

ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​បដិសេធ​ថា ផែនទី​នោះ​មិន​បាន​ទទួល​ស្គាល់​ក្នុង​សន្ធិសញ្ញា​បារាំង-​សៀម ឆ្នាំ​១៩០៧​ទេ៕