អតីត​ព្រះមហាក្សត្រ​ខ្មែរ​ប្រទាន​ឯកសារ​ផ្ទាល់​ព្រះអង្គ​ដល់​បារាំង

សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះបាទ នរោត្តម សីហនុ ទ្រង់​បាន​ប្រទាន​ព្រះ​រាជ​ឯកសារ​ផ្ទាល់​របស់​ព្រះអង្គ​ដល់​រដ្ឋាភិបាល​បារាំង​ដើម្បី​តម្កល់​ទុក​ក្នុង​បញ្ជី​បណ្ណសារដ្ឋាន​ជាតិ​នា​ទីក្រុង​ប៉ារីស។

ឯកសារ​ទាំង​នោះ​បាន​ត្រូវ​គេ​រៀប​ជា​បញ្ជី​រាយ​ឈ្មោះ​តាម​លំដាប់​លំដោយ​ក្រោយ​ពេល​បាន​ត្រូវ​ដឹក​ចេញ​ពី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​២ឆ្នាំ​កន្លង​មក​ហើយ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​ប្រសាសន៍ លោក OLIVIER DE BERNON នាយក​សិក្សា​បារាំង​នៅ​សាលា​ចុង​បូព៌ា​ថា ព្រះបាទ នរោត្តម សីហនុ គឺ​ជា​ប្រមុខរដ្ឋ​បរទេស​ទី​១ ដែល​ប្រគល់​ឯកសារ​របស់​ព្រះអង្គ​ដល់​ប្រទេស​បារាំង។

ព្រះ​រាជ​ឯកសារ​ដែល​មាន​ចំនួន ៥០​ប្រអប់ ក្នុង​នោះ​មាន​បណ្ណសារ​ស្តីពី​យុគ​សម័យ​ក្រោយ​ពេល​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល នា​ខែ​មីនា ឆ្នាំ​១៩៧០។

នៅ​ក្នុង​ប្រអប់​ទាំង​នោះ​ដែរ គេ​មិន​បាន​ឃើញ​ឯកសារ​ស្តីពី​សម័យ​ព្រះអង្គ​នៅ​ជា​កុមារភាព ឬ​រជ្ជកាល​នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះអង្គ​នោះ​ទេ ពីព្រោះ​ថា ឯកសារ​ទាំង​នោះ​ត្រូវ​បំផ្លាញ​នា​សម័យ​សង្គ្រាម​ក្នុង​អំឡុង​ឆ្នាំ​១៩៧០។

លោក BERNON មាន​ប្រសាសន៍​ថា តាម​ការ​ប៉ាន់​ប្រមាណ​ឯកសារ​ដែល​មាន​ប្រភេទ​ខុស​គ្នា មាន​ចំនួន ១​លាន​ឯកសារ គឺ​មាន​ព្រះ​សារ​លិខិត​រាប់​ពាន់​ចំណារ ព្រមទាំង​រូបថត​ចំនួន ១០​ពាន់​សន្លឹក ដែល​នឹង​រក្សា​ទុក​នៅ​ក្នុង​សណ្ឋាគារSoubise នៅ​ក្នុង​ទីក្រុង​ប៉ារីស ដែល​ជា​វិទ្យាស្ថាន​មួយ​នៃ​បណ្ណសារ​ដ្ឋាន​ជាតិ​បារាំង។

បន្ថែម​ពី​លើ​នោះ​ទៀត នៅ​ក្នុង​ចំណោម​បញ្ជី​បណ្ណសារ​ទាំង​នោះ​ក៏​មាន​សារ​លិខិត​នានា​ដែល​មាន​ហត្ថលេខា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ចិន លោក ជូ អេនឡាយ លោក Andre Malraux លោក Yasser Arafat ប្រធាន​ចលនា​តស៊ូ​ប៉ាឡេស្ទីន លោក Nelson Mandela អ្នក​តស៊ូ​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍​អាហ្វ្រិក​ខាង​ត្បូង និង​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Ronald Reagan ផង​ដែរ។

សូម​ជម្រាប​ថា ឯកសារ​ទាំង​អស់​នេះ​មិន​ដែល​ធ្លាប់​បាន​តម្កល់​ទុក​នៅ​ប្រទេស​កម្ពុជា​ឡើយ។ ឯកសារ​ទាំង​នោះ​ត្រូវ​គេ​ដឹក​ចេញ​ពី​ព្រះ​រាជ​និវេសន​ដ្ឋាន​របស់​ព្រះអង្គ​ពី​ក្រុង​ប៉េកាំង​ផ្ទាល់​តែ​ម្តង៕