ស្ថានភាព​នៅ​ព្រំដែន​ខ្មែរ​-​ថៃ​មាន​សភាព​ធម្មតា

នៅ​ព្រំដែន​កម្ពុជា​-​ថៃ​បន្ទាប់​ពី​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​ថៃ​បាន​ត្រូវ​ចុះ​ថយ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ វិច្ឆិកា​មក ការ​ធ្វើ​ដំណើរ​និង​ដំណើរការ​រកស៊ី​នៅ​តាម​ព្រំដែន​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ទេ។

លោក ស ចំរុង អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ពី​ម្តុំ​ច្រក​ប៉ោយប៉ែត កាល​ពី​ជិត​អធ្រាត្រ​ថ្ងៃ​សៅរ៍​ថា សភាពការណ៍​នៅ​ធម្មតា​ទេ។

លោក ស ចំរុង បាន​បញ្ជាក់​ថា ៖ «នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ ជា​ពិសេស​នៅ​ខេត្ត​បន្ទាយមានជ័យ​យើង គឺ​ថា​សភាពការណ៍​តាម​ព្រំដែន​នៅ​ធម្មតា។ ប្រជាពលរដ្ឋ​ចេញ​ចូល ឆ្លង​ដែន​អី​ធម្មតា ហើយ​ទំនាក់​ទំនង​រវាង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​យើង​ជាមួយ​ថៃ​ហ្នឹង បាន​ជជែក​គ្នា​ថា រឿង​នយោបាយ​ទុក​ឲ្យ​ថ្នាក់​លើ​ដោះ​ទៅ រឿង​យើង​នៅ​ព្រំដែន រក្សា​មិត្តភាព សុវត្ថិភាព កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​គ្នា។ និយាយ​រួម​សភាពការណ៍​នៅ​តាម​ព្រំដែន​ល្អ ហើយ​នៅ​ជា​ធម្មតា ដោយសារ​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​គាត់​ធ្លាប់​នឹង​សភាពការណ៍​អ៊ីចឹង អ៊ីចឹង​គាត់​អត់​ភ្ញាក់​ផ្អើល​អី​ទេ ហើយ​ទំនាក់​ទំនង​ក៏​នៅ​ធម្មតា ការ​ចេញ​ចូល​រកស៊ី ដឹក​ជញ្ជូន​អីវ៉ាន់​អី​ធម្មតា»

ឃឹម សារ៉ង ៖ តើ​លោក​មាន​ជ្រាប​ទេ​ថា សភាពការណ៍​ប្រជាជន​ថៃ​ទៅ​វិញ​ដែល​នៅ​ជាប់​ទល់​ដែន​ហ្នឹង​គេ​យ៉ាង​ម៉េច​ដែរ?

ស ចំរុង ៖ សភាពការណ៍​ប្រជាជន​នៅ​ទល់​ដែន​គាត់​អត់​ចង់​មាន​ជម្លោះ​មាន​អី​ដែរ ព្រោះ​ប្រជាជន​ថៃ​ហ្នឹង​ដូច​ជា​ចែក​ជា​ពីរ​ក្រុម​ហើយ មួយ​អាវ​លឿង​គាំទ្រ​រដ្ឋាភិបាល មួយ​អាវ​ក្រហម​គាំទ្រ​ថាក់ស៊ីន ហើយ​យើង​ប៉ាន់ស្មាន​ទៅ​ប្រជាពលរដ្ឋ​ច្រើន​ណាស់​ដែល​គាត់​គាំទ្រ​ថាក់ស៊ីន ហើយ​អ៊ីចឹង​គាត់​អត់​ភ្ញាក់​ផ្អើល​នឹង​សភាពការណ៍​អ៊ីចឹង​ទេ។ គាត់​មាន​តែ​បន្ទោល​រដ្ឋាភិបាល​ថៃ​គាត់ រឿង​បន្តិច​បន្តួច​ធ្វើ​ឲ្យ​ទៅ​ជា​រឿង​ធំ​អី​អ៊ីចឹង​ណា៎! អា​ហ្នឹង​តាម​ព័ត៌មាន​អ្នក​ជាយ​ដែន​ថៃ​ដែល​យើង​ស្គាល់។

ថៃ​មិន​ទាន់​មាន​គម្រោងការ​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា

ប្រទេស​ថៃ​ឲ្យ​ដឹង​ពី​ថ្ងៃ​សៅរ៍ ទី​៧ វិច្ឆិកា ថា ថៃ​មិន​ទាន់​មាន​ផែនការ​បិទ​ព្រំដែន​ខ្លួន​ជាមួយ​កម្ពុជា​នោះ​នៅ​ឡើយ​ទេ ថ្វីបើ​មាន​ទំនាស់​ផ្នែក​ការទូត​ក្តី ក៏​ប៉ុន្តែ​ថៃ​នឹង​ស្វែងរក​ការ​ធ្វើ​បត្យាប័ន​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ប្រសិន​បើ​លោក ថាក់ស៊ីន ទៅ​ស្រុក​ខ្មែរ​ដើម្បី​ធ្វើ​ជា​ទីប្រឹក្សា​នៃ​រដ្ឋាភិបាល​នោះ។

លោក​នាយក​រដ្ឋមន្ត្រី អាភីស៊ិត វេតឆាឈីវ៉ាក់ មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) ដែរ​ថា លោក​មិន​ទទួល​យក​ទស្សនៈ​ដែល​ថា ករណី​លោក ថាក់ស៊ីន ជា​បញ្ហា​នយោបាយ​នោះ​ឡើយ ហើយ​នោះ​គឺ​ជា​ការ​អនុវត្ត​ដោយ​ត្រង់ៗ​ចំៗ​នូវ​ច្បាប់​របស់​ថៃ។

ប្រធាន​សមាគម​អាស៊ាន​ជំរុញ​ឲ្យ​កម្ពុជា​និង​ថៃ​ខិតខំ​ប្រឹងប្រែង​ទប់​ស្ថានការណ៍

នៅ​ចំពោះ​មុខ​ទំនាស់​រវាង​កម្ពុជា​និង​ថៃ​នេះ ប្រធាន​របស់​សមាគម​អាស៊ាន​បាន​ជំរុញ​ឲ្យ​ប្រទេស​ថៃ​និង​កម្ពុជា​ខំ​ទប់​ឲ្យ​បាន​ជា​អតិបរិមា​នៅ​ចំពោះ​មុខ​ភាព​តានតឹង​ដែល​កើត​មាន​ឡើង​ក្នុង​បញ្ហា​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ផ្តល់​តំណែង​ដល់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​កំពុង​គេច​ខ្លួន​នោះ។

លោក ស៉ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuvan) អគ្គលេខាធិការ​របស់​សមាគម​អាស៊ាន​មាន​ប្រសាសន៍​ពី​ថ្ងៃ​សៅរ៍​ថា សមាគម​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​មិន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ទំនាស់​បែក​បាក់​គ្នា​ឡើយ​នៅ​មុន​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ខែ​វិច្ឆិកា​នេះ រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាមួយ​នឹង​មេ​ដឹកនាំ​នៅ​តំបន់​នោះ៕