មន្ត្រី​យោធា​ថៃ​ចង់​បង្កើត​ពិធី​រាំ​កម្សាន្ត​រួម​ជាមួយ​ទាហាន​ខ្មែរ

មន្រ្តី​យោធា​ថៃ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​អះអាង​ថា​គេ​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ពិធី​រាំ​កម្សាន្ត​រួម​គ្នា​រវាង​ទាហាន​ថៃ​និង​ខ្មែរ​ដែល​កំពុង​ប្រឈម​ដាក់​គ្នា​ដោយ​អាវុធ​នៅ​តាម​តំបន់​ខ្សែ​ត្រៀម​ជិត​ប្រាសាទ​ព្រះវិហារ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ថៃ​ក៏​មាន​ធ្វើ​ពិធី​បុណ្យ​ហៅ​ថា​វ៉ាន់ស៊ុងក្រាន​ដែរ​នោះ។

0:00 / 0:00

មន្ត្រី​ទំនាក់​ទំនង​ការងារ​ព្រំដែន​ថៃ​កម្ពុជា​ប្រចាំ​ខេត្ត​ស៊ីសាកេត​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មេសា ថា ភាគី​ថៃ​បាន​ស្នើសុំ​ទៅ​ភាគី​កម្ពុជា​កាលពី​ពេល​ថ្មីៗ​ដើម្បី​ឲ្យ​មាន​ធ្វើ​ពិធី​រាំ​កម្សាន្ត​សប្បាយ​រវាង​ទាហាន​ខ្មែរ​និង​ថៃ​រួម​គ្នា​នៅ​ក្នុង​ទី​វត្ត​កែវសិក្ខាគិរីស្វៈរៈ ជិត​ប្រាសាទ​ព្រះវិហារ ក៏​ប៉ុន្តែ​ភាគី​ខ្មែរ​មិន​ទាន់​បាន​ឆ្លើយ​តប​និង​កំណត់​ពេល​វេលា​ណា​មួយ​នៅ​ឡើយ​ទេ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ "យើង​ធ្លាប់​បាន​អញ្ជើញ​ភាគី​ខ្មែរ​ដើម្បី​ធ្វើ​ពិធី​រាំ​កម្សាន្ត​រួម​គ្នា​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ក្នុង​បរិវេណ​វត្ត​កែវសិក្ខាគិរីស្វៈរៈ ក៏​ប៉ុន្តែ​ភាគី​ខ្មែរ​បាន​ប្រាប់​ទៅ​ភាគី​ថៃ​វិញ​ថា មិន​ទាន់​បាន​កំណត់​ពេលវេលា​ច្បាស់លាស់​ណា​មួយ​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​នេះ​នៅ​ឡើយ​ទេ"។

ទោះ​យ៉ាង​ណា​កាលពី​រសៀល​ថ្ងៃ​អាទិត្យ មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កងពល​ធំ​លេខ​៣​ដែល​គ្រប់គ្រង​កម្លាំង​យោធា​ខ្មែរ​រួម​នៅ​តំបន់​នោះ លោក​ឧត្តមសេនីយ៍ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​ការស្នើសុំ​របស់​មន្ត្រី​យោធា​ថៃ​ដែល​មាន​បំណង​ធ្វើ​ឲ្យ​មាន​ពិធី​រាំ​កម្សាន្ត​រួម​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ។

លោក​ឧត្តមសេនីយ៍ទោ ស្រី ឌឹក បាន​បញ្ជាក់​ថា ៖ «អត់​ដឹង​ផង គ្នា​មក​ដល់​ភ្នំពេញ​ហើយ មក​ចូល​ឆ្នាំ​នៅ​ភ្នំពេញ»

តាម​កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ការប្រឈម​មុខ​ដាក់​គ្នា​ដែល​ធ្លាប់​តានតឹង​ដោយ​អាវុធ​រវាង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​វាល​ឥន្ទ្រី​និង​ភ្នំ​ទ្រព្យ​រយៈពេល​បី​ថ្ងៃ​មក​នេះ​បាន​ស្ងប់ស្ងាត់ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា​កង​ទាហាន​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ដើរ​ចោល​កន្លែង​ដែល​ត្រៀម​ប្រយុទ្ធ​ទាំង​នោះ​ទេ។

មន្ត្រី​ប៉ូលិស​វរ​ការពារ​ព្រំដែន​៧៩៥​មួយ​រូប​ដែល​កំពុង​ប្រចាំការ​ក្នុង​ខ្សែ​ត្រៀម​ជួរ​មុខ​ជិត​ប្រាសាទ​ព្រះវិហារ​បាន​មាន​ប្រសាសន៍​ថា មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​នៅ​តាម​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ធូរ​ស្រាល​បន្តិច ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា​កង​ការពារ​ព្រំដែន​ខ្មែរ​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​ដើរ​លេង​កម្សាន្ត​ចោល​ខ្សែ​ត្រៀម​ទេ។

មន្ត្រី​ប៉ូលិស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «លក្ខណៈ​ត្រៀម​ប្រយុទ្ធ កន្លែង​ណា​ដឹង​ថា​ប្រជាជន​សប្បាយ យើង​បង្ក​លក្ខណៈ​ប្រុង​ប្រយ័ត្ន។ មុន​ពេល​ចូល​ឆ្នាំ​នេះ​ឮ​ថា វា​អាច​ធូរ​ស្រាល​មួយចំនួន​ដែរ»

តាម​កង​រក្សា​ព្រំដែន​ខ្មែរ​នៅ​តាម​ចំណុច​ព្រំដែន​ខ្មែរ​ថៃ​ជា​ច្រើន​កន្លែង​ចាប់​ពី​ច្រក​ជាំសាង៉ាំ អូរស្មាច់ ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី ច្រក​ជប់គគីរ ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​តំបន់​ព្រំដែន​នៃ​ភូមិ​រំដួល​ចំណុច​៨៨ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ គឺ​ថា​កង​ទាហាន​ព្រំដែន​ខ្មែរ​ទាំងអស់​មិន​អនុញ្ញាត​ឲ្យ​ដើរ​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចោល​ខ្សែ​ត្រៀម​នៃ​បន្ទាត់​ព្រំដែន​ទេ៕