ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ព្រឹក​ថ្ងៃ​២៧ មីនា

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​អំពី​ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​តាមរយៈ​ការសាកសួរ​ពី​លោក សំ បូរិន្ទ។

សំ បូរិន្ទ ៖ ឯកឧត្ដម​រដ្ឋលេខាធិការ ខ្ញុំ​បាទ​សូម​អញ្ជើញ​ឯកឧត្ដម​មាន​ប្រសាសន៍​ថា តើ​មក​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ហើយ ព្រឹត្តិការណ៍​ជា​ពិសេស​តំបន់​ព្រះវិហារ​ហ្នឹង​យ៉ាង​ម៉េច​ហើយ?

ផៃ ស៊ីផាន ៖ ពី​ថ្ងៃ​ព្រហស្បតិ៍​យើង​ដឹង​ទាំងអស់​គ្នា​ហើយ​រឿង​ហ្នឹង​កើត​ជា​ថ្មី​ម្ដង​ទៀត ថា​មាន​កងទ័ព​ថៃ​ចំនួន​៣០​នាក់​ចូល​មក​ក្នុង​តំបន់​វាល​ឥន្រ្ទី គឺ​ចូល​មក​នៅ​ម៉ោង​៩:១៥​នាទី ហើយ​បន្ទាប់​មក​កង​យោធពល​ខេមរភូមិន្ទ​បាន​បណ្ដេញ​ចេញ​ទៅ​វិញ​គឺ​នៅ​ម៉ោង​១០។ បាន​សេចក្ដី​ថា ការជជែក​គ្នា​សម្រាប់​បញ្ជា​ការចលនា​ទ័ព​សា​ជា​ថ្មី​ម្ដង​ទៀត​បន្ទាប់​ពី​ម្សិល​ម៉្ងៃ​ហ្នឹង​ដែល​ទ័ព​ថៃ​បាន​ចូល​មក​ចំនួន​ជិត​១០០​នាក់ ចូល​មក​ក្នុង​ដី​កម្ពុជា​ជម្រៅ​៩០០​ម៉ែត្រ ដែល​ជា​តំបន់​ដែល​បាន​ប៉ះ​ទង្គិច​អាវុធ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ តុលា ២០០៨​កន្លង​មក។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កងទ័ព​ថៃ​ចល័ត​កងទ័ព​មក​តំបន់​នោះ ហើយ​ជា​តំបន់​យុទ្ធសាស្រ្ដ​មួយ តំបន់​ភ្នំ​ទ្រព្យ ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ប្រាសាទ​ព្រះវិហារ​មណ្ឌល​បេតិកភណ្ឌ​ពិភពលោក។

សំ បូរិន្ទ ៖ បើ​តាម​ប្រសាសន៍​ឯកឧត្ដម​អម្បាញ់​មិញ​គឺ​ការជ្រៀត​ចូល​របស់​កង​យោធា​ថៃ​មក​កន្លែង​ដដែល​ហ្នឹង​លើក​ទី​៣ហើយ។ តើ​ជា​ចេតនា​របៀប​ម៉េច​របស់​ខាង​មួយ​ចំហៀង​ទៀត​ហ្នឹង?

ផៃ ស៊ីផាន ៖ កាលពី​ថ្ងៃ​ម្សិលមិញ ថ្ងៃ​ព្រហស្បតិ៍​ហ្នឹង​គេ​និយាយ​ថា ទី​១ មេ​បញ្ជាការ​នៅ​នឹង​កន្លែង គេ​បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ​ហ្នឹង​ថា គ្មាន​ទ័ព​ចល័ត​នៅ​តំបន់​នោះ​ទេ បើ​សិន​ជា​មាន​ក៏​គេ​សុំ​ការអនុញ្ញាត​ពី​កម្ពុជា​ដែរ។ បន្ទាប់​មក​ទៀត​ការឆ្លើយ​តប​របស់​គេ​ចំពោះ​អ្នក​សារព័ត៌មាន​ដដែល​ហ្នឹង គេ​និយាយ​ថា កងទ័ព​គេ​កំពុង​តែ​ស្រាវជ្រាវ​រក​ប្រភព​ទឹក​ពីព្រោះ​ឥឡូវ​នេះ​ខ្វះ​ទឹក​ផឹក ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កាលពី​ម្សិលមិញ​ឃើញ​ថា ៣០​នាក់​មក​ទៀត​ដែល​មាន​ឯកសណ្ឋាន​ជា​ប៉ារ៉ា ដូច្នេះ​មេ​បញ្ជាការ​ព្រំដែន​របស់​ថៃ​និយាយ​ហ្នឹង​មិន​សមស្រប​ទេ។

សំ បូរិន្ទ ៖ ទាក់​ទង​នឹង​តំបន់​វាល​ឥន្រ្ទី ខ្ញុំ​បាទ​ធ្លាប់​ឮ​មេ​ដឹកនាំ​រដ្ឋាភិបាល លោក​មាន​ប្រសាសន៍​ថា បើ​គ្រាន់តែ​ស្ទាប​ជើង ស្ទាប​ចង្កេះ ស្ទាប​ខ្លួន​អី​ហ្នឹង​មិន​ជា​ស្អី​ទេ ប៉ុន្តែ​ឥឡូវ​មក​ស្ទាប​ដល់​ក ស្ទាប​ដល់​ក្បាល ដែល​ជា​ការ​មិន​អាច​អត់ធ្មត់​បាន​ត​ទៅ​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ ហើយ​លើក​ទី​២ លើក​ទី​៣​ហ្នឹង​ទៅ​ជា​អត់ធ្មត់​បាន។ តើ​ឯកឧត្ដម​អាច​ជម្រាប​អ្នក​ស្ដាប់​យើង​អំពី​ការអត់ធ្មត់​នោះ?

ផៃ ស៊ីផាន ៖ ជម្រាប​ថា​ដំណោះស្រាយ​របស់​យើង យើង​យក​តាមរយៈ​ការងារ​ទូត។ បន្ទាប់​ការងារ​ផ្ទុះ​ឡើង​ហ្នឹង ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​សំណាក់​ទូត​បស្ចិម​ប្រទេស​មួយចំនួន​ដែល​សុំ​កោត​សរសើរ​សណ្ដាប់ធ្នាប់​កង​យោធពល​ខេមរភូមិន្ទ​តាម​បញ្ជា​របស់​សម្ដេច​តេជោ។ ជម្រាប​ហើយ​ថា កម្ពុជា​មិន​អង្គុយ​រហូត​ដល់​គេ​ជាន់​ជើង​ជាន់​ដៃ​នោះ​ទេ។

សំ បូរិន្ទ ៖ ក៏​ប៉ុន្តែ​នៅ​ក្នុង​ឱកាស​នេះ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ក្នុង​រឿង​ហ្នឹង?

ផៃ ស៊ីផាន ៖ ខ្ញុំ​ជឿ​ថា​នឹង​មាន​កំណត់​ការទូត​ព្រមាន​សា​ជា​ថ្មី យើង​នៅតែ​បន្ត​ការជជែក​គ្នា ជា​ពិសេស​នៅ​តំបន់​ហ្នឹង ក្នុង​ការងារ​ព្រំដែន​ខណ្ឌ​សីមា​ហ្នឹង គឺ​គេ​នឹង​ចាប់ផ្ដើម​ថ្ងៃ​ទី​៦ ថ្ងៃ​ទី​៧ នៃ​ខែ​មេសា​ខាង​មុខ​នេះ។ យើង​ចង់​បង្ហាញ​សុឆន្ទៈ​សា​ជា​ថ្មី​ម្ដង​ទៀត យើង​នៅតែ​ចង់​និយាយ​គ្នា​ដោះស្រាយ​តាម​អ្វី​ដែល​ហៅ​ថា​ប្រជាជាតិ​មាន​អរិយធម៌​ទំនើប។

មន្ត្រី​ថៃ៖ ការចល័ត​ទ័ព​ចុះ​ឡើង​មិន​មែន​ជា​ការគំរាម​ចង់​បង្ក​រឿង​ទេ

តាម​ទីភា្នក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​២៦ មីនា មន្រ្តី​ថៃ​ថ្លែង​ថា ការធ្វើ​ចលនា​ទ័ព​ចុះ​ឡើង​មិនមែន​ជា​ការគំរាម​ចង់​បង្ក​រឿង​អ្វី​នោះ​ទេ តែ​វា​ជា​ការប្តូរ​វេន​កម្លាំង​ទ័ព​ធម្មតា​ប៉ុណ្ណោះ​នៅ​តាម​ព្រំដែន។

កាសែត​ថៃ​ឈ្មោះ The Nation ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​រំឭក​ពលរដ្ឋ​ថៃ ជា​ពិសេស​ក្រុម​អ្នក​ជាតិ​និយម​ពាក់​អាវ​លឿង​ថា ការយក​រឿង​ព្រំដែន​មាន​រឿង​ប្រាសាទ​ព្រះវិហារ​ជាដើម​ធ្វើ​ជា​នយោបាយ​សម្រាប់​ប្រយោជន៍​បក្ស​របស់​ខ្លួន​គឺ​ជា​រឿង​នាំ​ទៅ​រក​វិនាសកម្ម។

មន្រ្តី​ខ្មែរ​និង​ថៃ​គ្រោង​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​ព្រំដែន​នៅ​ខែ​មេសា​ខាង​មុខ​នេះ

ក្នុង​រឿង​មិន​ទាន់​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​ព្រំប្រទល់​ដែន​រវាង​កម្ពុជា​និង​ថៃ មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​និង​មន្រ្តី​រដ្ឋាភិបាល​ថៃ​គ្រោង​ជួប​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​ទី​មួយ ខែ​មេសា​ខាង​មុខ​នេះ ពី​ថ្ងៃ​៥​ដល់​ថ្ងៃ​៧ ដើម្បី​ជជែក​រឿង​បោះបង្គោល​ខណ្ឌសីមា។

តាម​កាសែត​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​២៦ មីនា ថា វិវាទ​រឿង​ព្រំ​ប្រទល់​ដែន​សមុទ្រ​នឹង​មិន​លើក​យក​ទៅ​ចរចា​គ្នា​ទេ។ ប្រទេស​ទាំង​ពីរ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​លើ​ផ្ទៃ​ដី​បាត​សមុទ្រ​ទំហំ​២៧.០០០​គីឡូម៉ែត្រ​ក្រឡា​ដែល​ភាគី​ទាំង​ពីរ​គិត​ថា សំបូរ​ទៅ​ដោយ​ប្រេ​ងកាត​និង​ឧស្ម័ន​ធម្មជាតិ៕