ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​ដែល​រង​ការ​រឹប​អូស​ដី​នៅ​ខេត្ត​ព្រះសីហនុ

ទោះ​បី​ជា​មាន​ការ​សន្យា​ជា​ច្រើន​លើក​ច្រើន​សា​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា នឹង​ដោះស្រាយ​ផ្តល់​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​៨៣​គ្រួសារ​នៅ​សង្កាត់​លេខ៤ ក្រុង​មិត្តភាព​ក៏​ដោយ ក៏​រយៈពេល​ជាង​២​ឆ្នាំ​មក​នេះ ពួកគេ​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង។

0:00 / 0:00

គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​៨៣​គ្រួសារ​នៅ​ក្នុង​ភូមិ​ស្ពានឆេះ សង្កាត់​លេខ​៤ ក្រុង​មិត្តភាព ខេត្ត​ព្រះសីហនុ ដែល​រង​ការ​រឹប​អូស​យក​ដីធ្លី​តាំង​ពី​ឆ្នាំ​២០០៧​មក​នោះ បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​រដ្ឋាភិបាល​កម្ពុជា ជួយ​ផ្តល់​ទី​ជម្រក​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ខាង​មុខ​នេះ ដោយសារ​គ្រួសារ​ទាំង​នោះ​កំពុង​តែ​រស់​នៅ​ក្នុង​ស្ថានការណ៍​លំបាក​ប្រចាំ​ថៃ្ង គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​សាសារៀន​និង​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់។

ប្រជាពលរដ្ឋ​ឈ្មោះ ស៊ុត ឌីម អាយុ​៤៩​ឆ្នាំ នៅ​ក្នុង​ចំណោម​គ្រួសារ​គ្មាន​ទី​ជម្រក​៨៣​គ្រួសារ​នោះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ក្នុង​ខ្ទម​របស់​គាត់​នៅ​ក្បែរ​ឆ្នេរ​សមុទ្ទ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​សន្យា​ថា នឹង​រក​ដីធ្លី​និង​ទី​ជម្រក​ឲ្យ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ទេ​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​នេះ។

អ្នកស្រី ស៊ុត ឌីម បាន​ឲ្យ​ដឹង​ថា ៖ «ឈឺ​ក៏​ឈឺ ណា​មួយ​បើ​ខែ​វស្សា​ភ្លៀង​មក​ប៉ើង​តង់ យប់​ឡើង​ម៉ែ​កូន​ហ្នឹង​អត់​បាន​ដេក​ទេ។ ឥឡូវ​អន់​ភ្លៀង​មក​ក្ដៅ។ ក្ដៅ​មិន​ដឹង​ជ្រក​កន្លែង​ទេ ណា​ហុយ​ទៀត ទឹក​ក៏​គ្មាន​ហូប។ សំណូមពរ​គេ​ដែរ ប៉ុន្តែ​ទៅ​ម្ដង​ណា​ក៏​គេ​ថា មីង​ឯង​កុំ​ព្រួយ​គង់​តែ​ដោះស្រាយ​ឲ្យ​ទេ ហើយ​កុំ​បាច់​ជឿ​អ្នកណា​អ្នក​ណី​អី គេ​កំពុង​តែ​ដោះស្រាយ​ឲ្យ​ហើយ ទៅ​ម្ដង​ណា​ក៏​គេ​ថា​អ៊ីចឹង​ដែរ ប៉ុន្តែ​គេ​អត់​កំណង់​ថា​ខែ​ឆ្នាំ​ណា​ទេ»

គ្រួសារ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ឯក វិធាន អាយុ​៣៩​ឆ្នាំ បាន​ថែ្លង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​ហើយ​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ដោយសារ​តែ​គ្មាន​ថ្នាំ​ព្យាបាល​និង​ការ​ឈឺ​ថ្កាត់ ដោយសារ​តែ​គ្មាន​អនាម័យ​និង​អាហារ​ហូប​គ្រប់គ្រាន់។

លោក ឯក វិធាន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​បាន​រំឭក​ទៅ​គេ​ហើយ​អំពី​ផលវិបាក​របស់​ប្រជាជន ក៏​ដូច​ជា​រូប​ខ្ញុំ​ជា​តំណាង។ ...​គេ​ថា គេ​កំពុង​តែ​ដោះស្រាយ​ជួយ ប៉ុន្តែ​គេ​អត់​បាន​កំណត់​ថា​ថ្ងៃ​ណា​ឆ្នាំ​ណា​ទេ គេ​និយាយ​ដដែលៗ​អ៊ីចឹង»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​បាន​ទទួល​ការ​បំភ្លឺ​នៅ​ទ្បើយ​ទេ អំពី​ការ​ដោះស្រាយ​ដីធ្លី​និង​ទី​ជម្រក​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​៨៣​គ្រួសារ​នោះ ដោយ​លោក មាស វុទ្ធី ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​ទោស! ខ្ញុំ​អត់​មាន​ទទួល​ខាង​ហ្នឹង​ទេ ខ្ញុំ​ទទួល​ផ្នែក​ផ្សេង»

លោកស្រី ជៀប សុធារី ជា​មន្រ្តី​សម្របសម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​តាម​ដាន​សំណុំ​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​ខេត្ត​ថា បើ​សិន​ជា​ខេត្ត​មាន​គម្រោង​ថា​នឹង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដែល​បាន​ទៅ​សន្យា​ប្រាប់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ហ្នឹង សូម​មេត្តា​ទៅ​អនុវត្ត​គម្រោង​ហ្នឹង​ឲ្យ​បាន​ឆាប់​រហ័ស ព្រោះ​ប្រជាពលរដ្ឋ​បើ​សិន​ជា​ឲ្យ​គាត់​រស់​នៅ​ក្នុង​តំបន់​ហ្នឹង​ត​ទៅ​ទៀត គាត់​នឹង​មាន​គ្រោះថ្នាក់​ដោយសារ​បញ្ហា​ជីវភាព»

តាម​ការ​ទៅ​សង្កេត​ដោយ​ផ្ទាល់ គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​នោះ​កំពុង​តែ​រស់​នៅ​ក្នុង​ខ្ទម​តូចៗ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​សាលារៀន គ្មាន​អគ្គិសនី​ប្រើប្រាស់​និង​គ្មាន​អនាម័យ។

គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​៨៣​គ្រួសារ​នោះ គឺ​នៅ​ក្នុង​ចំណោម​គ្រួសារ​សរុប​១០៧​គ្រួសារ ដែល​រង​ការ​រឹប​អូស​យក​ដីធ្លី​កាល​ពី​ថៃ្ង​ទី​២០ ខែ​មេសា ឆ្នាំ​២០០៧ កន្លង​ទៅ បាន​រង​ការ​បង្រ្កាប​ដោយ​ហិង្សា ដើម្បី​រឹប​យក​ដី​ចំនួន​១៥​ហិកតារ​នៅ​ទី​នោះ។ ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់ បាន​រង​ការ​ចាប់​ខ្លួន​ដាក់​គុក​នៅ​ក្នុង​ព្រឹតិ្តការណ៍​បង្រ្កាប​ដោយ​ហិង្សា​នោះ៕