រតនាគារ​រាជធានី ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​លោក​ស្រី មូរ សុខ​ហួរ បង់​ប្រាក់​ពិន័យ

អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ដាក់​ឱសានវាទ​ពីរ​សប្ដាហ៍ ឲ្យ​លោក​ស្រី មូរ សុខ​ហួរ សមាជិក​សភា​គណបក្ស​សម​រង្ស៊ី អស់​អភ័យ​ឯកសិទ្ធិ​បង់​ប្រាក់​ពិន័យ មក​រតនាគារ​ជាតិ បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់។

0:00 / 0:00

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១០ ដែល​វិទ្យុ​អាស៊ី​​សេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ បាន​ដាក់​កំហិត​ឲ្យ​លោក​ស្រី មូរ សុខ​ហួរ សមាជិក​សភា​គណ​បក្ស​​សម​រង្ស៊ី អស់​អភ័យ​ឯកសិទ្ធិ​បង់​ប្រាក់​ពិន័យ​ចំនួន ៨.៥០០.០០០ (ប្រាំបី​លាន ប្រាំសែន រៀល) ទៅ​ឲ្យ​រតនាគារ​ជាតិ ឲ្យ​បាន​ទាន់​ពេល​វេលា គិត​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។

លិខិត​បន្ត​ថា ក្នុង​ករណី​លោក​ស្រី មូរ សុខហួរ មិន​ព្រម​បង់​ប្រាក់​ពិន័យ​ជា​សាច់​ប្រាក់ បង្វែរ​ចូល​គណនី​​អង្គភាព​​រតនាគារ​សាខា​រាជធានី​ភ្នំពេញ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ទេ លោក​ស្រី មូរ សុខ​ហួរ នឹង​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់ ព្រោះ​សាលដីកា​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១០ របស់​តុលាការ​កំពូល​មាន​ប្រសិទ្ធភាព​អនុវត្ត​ហើយ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ករណី​សំណុំ​រឿង​លោក​ស្រី មូរ សុខ​ហួរ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា បន្ទាប់​ពី​ចាញ់​ក្ដី​នៅ​សវនាការ​តុលាការ​កំពូល លោក​ស្រី មូរ សុខ​ហួរ មាន​ប្រសាសន៍​ថា លោក​ស្រី​នឹង​មិន​បង់​ប្រាក់​ពិន័យ​ទៅ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ឡើយ។

លោក​ស្រី​មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត យើង​មិន​បង់​ជា​ដាច់​ខាត សម្បជញ្ញៈ​របស់​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង់​មួយ​កាក់​មួយ​សេន​ទេ...»

កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា​កន្លង​ទៅ​នេះ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​ការ​កាត់​សេចក្ដី​របស់​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍ ប្ដឹង​ដោយ​មេធាវី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​ជា​បាន​ការ​។

យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ជូន​ដំណឹង​ថ្ងៃ​ទី​១៧ ខែ​មិថុនា ចុះ​ហត្ថលេខា​ដោយ​លោក កែ ប៊ុនឡេង ប្រធាន​រតនាគារ​រាជ​ធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ក្នុង​ករណី​លោក​ស្រី មូរ សុខ​ហួរ សមាជិក​គណបក្ស​សម​រង្ស៊ី មិន​ព្រម​បង់​ប្រាក់​ពិន័យ​តាម​ការ​កំណត់​ទេ។ អង្គភាព​រតនាគារ​រាជធានី​នឹង​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់៕