ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​សូគីម៉ិច​និង​អ្នក​ភូមិ​នៅ​សង្កាត់​ព្រែក​ប្រា

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ សូគីម៉ិច (SOKIMEX) របស់​លោក​ឧកញ៉ា សុខ គង់ មាន​គម្រោង​ការ​រឹបអូស​យក​ដីធ្លី​ជាង ២១​ហិកតារ ពី​ប្រជា​ជន​នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ​ឆាប់​នេះ​ហើយ ក្នុង​ចំណោម​គ្រួសារ​រង​គ្រោះ​ទាំង​នោះ ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រទេស​កម្ពុជា បាន​ចេញ​លិខិត ស.ជ.ណ. ថ្មី​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​រឹបអូស​ដីធ្លី​ចំនួន​ជាង ២១​ហិកតារ ពី​ប្រជា​ពល​រដ្ឋ​ចំនួន ១៣​គ្រួសារ នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ក្រុង​ភ្នំពេញ ប្រគល់​ឲ្យ​លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ទី​នោះ។

ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គ្រួសារ​រង​គ្រោះ​ចំនួន ១៣​គ្រួសារ​នោះ មិន​មែន​មាន​តែ​គ្រួសារ​កសិករ​ប៉ុណ្ណោះ​ទេ គឺ​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត មាន​ដូច​ជា​លោក គ្រី ទូច មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ក្រសួង​មហា​ផ្ទៃ និង​ជា​បង​ប្រុស​របស់​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន លោក​ស្រី ហ៊ុន ប៊ុន​ធឿន ជា​ប្អូន​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ជា​ដើម។

យ៉ាង​ណា​ក្តី ប្រជា​ពល​រដ្ឋ​ទាំង​នោះ​មិន​ទាន់​បាន​ទទួល​លិខិត​កំណត់​កាល​បរិច្ឆេទ ក្នុង​ការ​ឲ្យ​រើ​ចេញ​ពី​ដីធ្លី​នោះ​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ចំណោម​គ្រួសារ​រង​គ្រោះ ១៣​គ្រួសារ​ខាង​លើ​នេះ នៅ​ក្នុង​ភូមិ​អូរ​អណ្ដូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ ក្រុង​ភ្នំពេញ បាន​ថ្លែង​សុំ​មិន​ប្រាប់​ឈ្មោះ​ថា ៖ «មាន​តែ​ដី​ហ្នឹង ដើម្បី​ធ្វើ​ការ​បង្ក​បង្កើន​ផល ដាំ​ដំណាំ​កសិកម្ម។ បើ​សិន​ណា​ដី​នេះ​អត់​បាន​ដល់​ពួក​យើង​ខ្ញុំ​ទេ។ ពួក​យើង​ខ្ញុំ​អត់​មាន​កន្លែង​ដែល​ស្នាក់​នៅ​បន្ត​ទៀត»

ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ស្រី​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ៖ «ឧកញ៉ា សុខ គង់ បាន​មក​រំលោភ​ទាំង​បំពាន​លើ​ដី​ហ្នឹង។ អ៊ីចឹង​មាន​ន័យ​ថា ខ្ញុំ​អត់​មាន​អ្វី​ចិញ្ចឹម​ជីវិត​ទេ។ ខ្ញុំ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ អនាគត​ទៅ។ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ពិនិត្យ​ឯកសារ​របស់​លោក​ឧកញ៉ា សុខ គង់ ម្ដង​ទៀត»

ពួក​គាត់​បញ្ជាក់​ថា គ្រួសារ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន មាន​ឯកសារ​នានា​ទទួល​ស្គាល់ និង​ដឹង​ឮ​អំពី​កម្មសិទ្ធិ និង​ការ​រស់​នៅ​ដោយ​អាជ្ញាធរ​មូលដ្ឋាន តាំង​ពី​ឆ្នាំ​២០០០​មក ក្រោយ​ពី​បាន​ទិញ​ត​ពី​ម្ចាស់​ដីធ្លី​ពិត​ប្រាកដ ឈ្មោះ អ៊ែម ហឿន ក្នុង​ឆ្នាំ​១៩៨៦ នៅ​គ្រា​ដែល​ក្រុមហ៊ុន​សូគីម៉ិច បាន​ទិញ​ដីធ្លី​នោះ​ពី​ឈ្មោះ កែវ ឡេង ក្នុង​ឆ្នាំ​២០០៤។

រឿង​វិវាទ​ដីធ្លី​ចំនួន​ជាង ២១​ហិកតារ រវាង​ក្រុមហ៊ុន​សូគីម៉ិច​របស់​លោក​ឧកញ៉ា សុខ គង់ ជា​មួយ​ប្រជា​ពល​រដ្ឋ​ចំនួន​១៣​គ្រួសារ​ខាង​លើ​នេះ បាន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៦​មក។

ឯកសារ​ថត​ចំលង​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា​ថ្មីៗ​នេះ ដោយ​លោក សេង លំ​នៅ ជា​រដ្ឋ​លេខាធិការ នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ជំនួស​លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី បាន​សរសេរ​ថា ប្រគល់​ដី​ទំនាស់​ទំហំ ៧​ហិកតារ នៅ​ក្នុង​សង្កាត់​និរោធ និង​ដី​ទំនាស់​ទំហំ​ជាង ២១​ហិកតារ នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ឲ្យ​ទៅ​ក្រុមហ៊ុន​សូគីម៉ិច​គ្រប់​គ្រង និង​កាន់​កាប់​ស្រប​ច្បាប់។ ទុក​ជា​មោឃ​រាល់​ឯកសារ​នានា ក្រោយ​ពី​ឆ្នាំ​១៩៩២ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​ដីធ្លី​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ ដើម្បី​សុំ​ការ​ពន្យល់​នានា​ពី​លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច ជុំវិញ​ការ​ចោទ​ប្រកាន់ និង​រឿង​ចម្រូងចម្រាស​ខាង​លើ​នេះ ព្រម​ទាំង​គម្រោង​ការ​អភិវឌ្ឍន៍​នានា​នៅ​ទី​នោះ។

ឯកសារ​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី គ្រាន់​តែ​បាន​ឲ្យ​ដឹង​ថា ដី​ជាង ២១​ហិកតារ​នោះ ក្រុមហ៊ុន​សូគីម៉ិច​ធ្វើ​ការ​អភិវឌ្ឍ​បឹង​ឈូក៕