លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ថា លោកបានទទួលដំណឹងថា តុលាការនឹងផ្ញើលិខិតមកលោក ដើម្បីជូនដំណឹងថា គេនឹងរឹបអូសយកដីរបស់លោក នៅថ្ងៃទី១ ខែមេសា។
លោក សុន ឆ័យ បានបញ្ជាក់ថា ៖ «ឮថា គេផ្ញើលិខិតមកខ្ញុំ រឹបអូសដីនៅថ្ងៃ១ ខែមេសាហ្នឹង។ គេមិនមែនយកទទេទេ គេឲ្យតម្លៃ ៥កាក់(ដុល្លារ) ក្នុង ១ម៉ែត្រការ៉េ ហើយឮថា គេយកទៅលក់ឲ្យឧកញ៉ា សុខ គង់ ៨០(ដុល្លារ) ក្នុង ១ម៉ែត្រការ៉េហ្នឹង តាំងតែពីឆ្នាំ២០០៦ម៉្លេះ! មុនតុលាការកាត់សេចក្ដីសម្រេចទៅទៀត។ សុទ្ធតែជាអំពើខុសច្បាប់ ហើយខ្ញុំមានការបារម្ភណាស់ ព្រោះដីនោះខ្ញុំកាន់កាប់តាំងពីឆ្នាំ១៩៩៥មក។ ខ្ញុំមានដំណាំ មានដូង មានចេក មានខ្នុរ របស់ខ្ញុំនៅទីនោះច្រើន ហើយមានពលរដ្ឋក្រីក្រដែលខ្ញុំជួយឲ្យនៅ ចិញ្ចឹមបីបាច់ហ្នឹង បីបួនគ្រួសារនៅទីនោះទៀត!»។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ដីទំហំ ៣ហិកតានោះនៅជិតទីលានឃ្យុងយូ ក្នុងខេត្តសៀមរាប ដែលលោកបានទិញមកកាន់កាប់ជាកម្មសិទ្ធិតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ប៉ុន្តែក្រោយមកអាជ្ញាធរអប្សរាបានអះអាងថា ដីនោះនៅក្នុងតំបន់ការពាររបស់អាជ្ញាធរអប្សរា ដែលត្រូវដកហូត ហើយបានក្ដីក្ដាំគ្នាជាច្រើនឆ្នាំមកហើយ ដែលលោកសូមអំពាវនាវឲ្យបណ្ដាស្ថានទូតប្រទេសមួយចំនួនជួយឃ្លាំមើលបញ្ហានោះ៕