តែទោះជាយ៉ាងណាក្តី លោក សម រង្ស៊ី ស្វាគមន៍ជានិច្ចចំពោះអ្វីដែលរដ្ឋាភិបាលបានដាក់បន្ទុកមកលើរូបលោក ដោយលោកបានពណ៌នាថា លោកបានធ្វើកិច្ចការនោះសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីប្រទេសបារាំងមកថា ៖ «ខ្ញុំស្វាគមន៍សម្រាប់ប្រទេសជាតិ ស្វាគមន៍សម្រាប់ប្រជារាស្រ្ដខ្មែរទាំងមូល ពីព្រោះរឿងនេះមិនមែនរឿង សម រង្ស៊ី មិនមែនរឿងគណបក្សសមរង្ស៊ីទេ គឺជារឿងប្រទេសជាតិខ្មែររបស់យើងទាំងអស់គ្នា។ មេធាវីខ្ញុំគឺសហគមន៍អន្តរជាតិ គឺអង្គការសហប្រជាជាតិ គឺប្រទេសជាមិត្តដែលគេអាណិតអាសូរប្រទេសកម្ពុជា គឺអ្នកស្នេហាយុត្តិធម៌ទាំងអស់នៅក្នុងពិភពលោក»។
កាលពីថៃ្ងសុក្រ ទី២៦ កុម្ភៈ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនមេធាវីម្នាក់ គឺលោក គី តិច មកតុលាការរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្ដឹងជាផ្លូវការប្តឹងលោក សម រង្ស៊ី ពីបទព្រហ្មទណ្ឌចំនួនពីរ គឺបទក្លែងបន្លំឯកសារសាធារណៈអំពីរឿងផែនទីព្រំដែនប្រទេសកម្ពុជា តាមមាត្រាទី៤៩ នៃច្បាប់ព្រហ្មទណ្ឌសម័យអ៊ុនតាក់ និងពីបទផ្សាយព័ត៌មានមិនពិតតាមមាត្រាទី៦២ នៃច្បាប់ដដែលនោះ។
លោក គី តិច ជាមេធាវីរបស់រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍កាលពីថៃ្ងសុក្រ ទី២៦ កុម្ភៈ ក្រោយពីបានដាក់ពាក្យបណ្ដឹងនោះថា ៖ «នៅក្នុងមាត្រា៤៩ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលនេះ ការក្លែងលិខិតហ្នឹងគឺមានការកំណត់ទោសពី៥ឆ្នាំទៅ១៥ឆ្នាំ ហើយនៅក្នុងមាត្រា៦២ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត គឺមានការកំណត់ទោសពី៣ខែទៅ៣ឆ្នាំ»។
គេនៅមិនទាន់បានដឹងអំពីចំណាត់ការភ្លាមៗណាមួយពីរដ្ឋាភិបាលនៅទ្បើយទេក្រោយពីបណ្ដឹងនោះ។
លោក ជូង ជូងី ធ្លាប់ធ្វើជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី នៅឯតុលាការខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកស្វាគមន៍បើសិនណាលោក សម រង្ស៊ី ពឹងលោកឲ្យការពាររឿងក្តីនេះនៅឯតុលាការរាជធានីភ្នំពេញ។
លោក ជូង ជូងី មានប្រសាសន៍ថា ៖ «ខ្ញុំអត់ទាន់ពិចារណាពីរឿងថា ការពារឬមិនការពារផង លុះត្រាតែគាត់ធ្វើសំណើមកខ្ញុំទើបខ្ញុំពិចារណាថា តើគាត់ការពារឬមិនការពារ។ ...អត់អីទេធម្មតា ព្រោះខ្ញុំជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានតួនាទីការពារកូនក្ដីទៅតាមផ្លូវច្បាប់»។
កាលពីខែមករាកន្លងទៅថ្មីៗនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចេញផ្សាយឯកសារនិងផែនទីរូបថតតាមផ្កាយរណបរបស់ Google Earth បានលាតត្រដាងថា តម្រុយបង្គោលព្រំដែនដែលប្រទេសកម្ពុជាបោះជាមួយនឹងប្រទេសវៀតណាម ដោយបានផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥នោះ គឺភាគីវៀតណាម បានរំលោភចូលមកក្នុងទឹកដីប្រទេសកម្ពុជារវាង២០០ម៉ែត្រទៅ៥០០ម៉ែត្រ។
ឯកសារនោះគឺបញ្ជាក់ថា តម្រុយបង្គោលព្រំដែនលេខ១៨៤ លេខ១៨៥ លេខ១៨៦ និងតម្រុយបង្គោលព្រំដែនលេខ១៨៧ នៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាម។
មន្រ្តីជំនាញខាងព្រំដែន គឺលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការដោះស្រាយវិវាទព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា បានធ្វើសន្និសីទកាសែតកាលពីថៃ្ងទី២២ ខែមករា កន្លងទៅនេះ បានបដិសេធឯកសាររបស់លោក សម រង្ស៊ី ថា ជាឯកសារក្លែងបន្លំនិងបំភ្លៃការពិតដែលបានញ៉ាំងឲ្យរដ្ឋាភិបាលធ្វើចំណាត់ការតាមផ្លូវច្បាប់ប្តឹងលោក សម រង្ស៊ី កាលពីថៃ្ងសុក្រ ទី២៦ កុម្ភៈ កន្លងទៅនេះ៕