សំណើនេះ ធ្វើឡើងមុនពេលដែលលោក បារ៉ាក់ អូបាម៉ា គ្រោងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងភ្នំពេញ នៅចុងខែវិច្ឆិកា ឆ្នាំ២០១២ នេះ។
លោក សម រង្ស៊ី ក៏សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងសម្រុះសម្រួលផ្នែកនយោបាយ អនុញ្ញាតឲ្យលោកចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ដើម្បីជាកាដូចំពោះដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។
មន្ត្រីជាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា បានប្រកាសថា រដ្ឋាភិបាលគ្មានកាដូនយោបាយពិសេសណាមួយសម្រាប់ដំណើរទស្សនកិច្ចប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ឡើយ។
ការអះអាងរបស់មន្ត្រីរដ្ឋាភិបាល ធ្វើឡើងក្រោយពេលលោក សម រង្ស៊ី បានទាមទារឲ្យរដ្ឋាភិបាលផ្ដល់កាដូពិសេសមួយជូនលោក បារ៉ាក់ អូបាម៉ា ក្នុងការការពារសិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាលធ្លាប់ផ្ដល់កាដូពិសេសជូនសហរដ្ឋអាមេរិកម្ដងរួចហើយ កាលពីឆ្នាំ២០០៥ ដោយការដោះលែងនាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន។ ការដោះលែងនេះ ក្រោយពេលមន្ត្រីក្រសួងការបរទេសអាមេរិក បានទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី៖ «ខ្ញុំស្វាគមន៍ ប្រជារាស្ត្រខ្មែរស្វាគមន៍ លោក បារ៉ាក់ អូបាម៉ា យើងស្វាគមន៍ទាំងអស់គ្នា ប៉ុន្តែសុំស្នើឲ្យលោកទៅប្រទេសកម្ពុជា ឲ្យលោកប្រើឥទ្ធិពលរបស់សហរដ្ឋអាមរិក ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជា»។
សំណើផ្ដល់កាដូរបស់លោក សម រង្ស៊ី ប្រហែលជាមិនអាចសម្រេចទេ ដោយសារតែរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ដោយចង់ឲ្យលោក សម រង្ស៊ី ទទួលទោសជាប់ពន្ធនាគារក្នុងករណីបរិហារកេរ្តិ៍ និងដកតម្រុយបង្គោលព្រំដែន។ តុលាការរដ្ឋាភិបាលទីក្រុងភ្នំពេញ បានចាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន កាលពីថ្ងៃសៅរ៍ មានប្រសាសន៍ថា រដ្ឋាភិបាលនៅតែប្រកាន់ជំហរមួយដែលលោកហៅថា ជាការពង្រឹងនីតិរដ្ឋ។
លោកបន្តថា រដ្ឋាភិបាលនឹងព្យាយាមពន្យល់ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យយល់ពីករណីរបស់លោក សម រង្ស៊ី ប៉ុន្តែរដ្ឋាភិបាលនឹងមិនពិចារណាការផ្ដល់កាដូ ណាមួយនៅឡើយទេ៖ «ខ្ញុំមិនដែលបានគិតរឿងហ្នឹងផង។ ខ្ញុំមិនបានដឹង មិនបានពិចារណាសាច់រឿងហ្នឹង...»។
សហរដ្ឋអាមេរិកនៅមិនទាន់បានបង្ហាញជំហររដ្ឋាភិបាលក្នុងករណីលោក សម រង្ស៊ី នៅឡើយទេ ប៉ុន្តែឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែវិចិ្ឆកា បានសំដែងក្ដីបារម្ភចំពោះទង្វើរដ្ឋាភិបាលទៅលើគណបក្សប្រឆាំង និងក្រុមមន្ត្រីអង្គការសង្គមស៊ីវិល។
កាលពីខែតុលា រដ្ឋាភិបាលកម្ពុជា បានបដិសេធមិនទទួលយកលិខិតស្នើសុំរបស់លោក សម រង្ស៊ី ដើម្បីចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ ដោយចោទថា លោក សម រង្ស៊ី កំពុងធ្វើពាណិជ្ជកម្មនយោបាយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ចាត់ទុកថា ការមិនទទួលយកលិខិត ប៉ុន្តែការមិនបដិសេធ ជាសញ្ញាល្អ។
លោកបន្តថា ដំណោះស្រាយនយោបាយមួយនឹងអាចកើតមានឡើងក្នុងពេលឆាប់ៗខាងមុខ៖ «ខ្ញុំនៅតែសង្ឃឹមជានិច្ច ហើយខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយរវាងខ្មែរនិងខ្មែរ...»។
លោក សម រង្ស៊ី បន្តថា លោកចង់ទៅកម្ពុជា តែរយៈពេល ២៤ម៉ោង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។ លោកបន្តថា លោកនឹងប្រើគ្រប់វិធីអហិង្សា ដើម្បីសម្រេចសេចក្ដីប្រាថ្នានេះ។
សហគមន៍អន្តរជាតិជាប្រទេសម្ចាស់ជំនួយសំខាន់ៗរបស់កម្ពុជា ក៏ចង់ឲ្យមេដឹកនាំគណបក្សប្រឆាំងចូលរួមការបោះឆ្នោត។
សមាជិកសភាសហភាពអឺរ៉ុប ដែលជាអង្គនីតិប្បញ្ញត្តិដ៏មានអំណាចមួយនៅលើពិភពលោក កាលពីថ្ងៃទី២៦ តុលា បានទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោត និងជំរុញឲ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ សម្រុះសម្រួលផ្នែកនយោបាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងថ្មីនេះអាចចូលរួមការបោះឆ្នោតប្រកបដោយភាពជឿជាក់។
សមាជិកសភាសហភាពអឺរ៉ុបមានចំនួន ៧៥៤នាក់ តំណាងឲ្យអ្នកបោះឆ្នោតប្រមាណជិត ៤០០លាននាក់ បានថ្កោលទោសការកាត់ទោសផ្នែកនយោបាយប្រឆាំងនឹងលោក ម៉ម សូណង់ដូ និងទាមទារឲ្យដោះលែងជាបន្ទាន់។
មន្ត្រីរដ្ឋាភិបាលហាក់មិនចាប់អារម្មណ៍នឹងសំណើរបស់សហគមន៍អន្តរជាតិឡើយ។
លោក ផៃ ស៊ីផាន ចាត់ទុកថា សំណើសភាសហភាពជាសំណើនយោបាយមិនផ្អែកតាមច្បាប់៖ «ជារឿងរបស់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែសហគមន៍អន្តរជាតិគួរស្គាល់កម្ពុជា ឲ្យច្បាស់ថា យើងកំពុងពង្រឹងនីតិរដ្ឋ»។
អ្នកវិភាគនយោបាយអះអាងថា សេចក្ដីប្រាថ្នារបស់លោក សម រង្ស៊ី ចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ហាក់មានតិចតួចណាស់ ដោយសារបរិបទនយោបាយបច្ចុប្បន្ន។
អ្នកវិភាគឯករាជ្យបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកមិនសង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងលើកបញ្ហាលោក សម រង្ស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយសារករណីនេះជារឿងបុគ្គល ហើយសហរដ្ឋអាមេរិក ក៏គ្មានហេតុផលអ្វីទាមទារកាដូពីរដ្ឋាភិបាលកម្ពុជាឡើយ។
លោក ឡៅ ម៉ុងហៃ៖ «រឿងករណី សម រង្ស៊ី ដូចជាករណីបុគ្គលហ្នឹង ដូចគណបក្សមួយ ប្រសិនបើអត់ប្រធាន ធ្វើការបោះឆ្នោតមិនកើត ពិបាកពន្យល់គេឲ្យយល់ណាស់»។
បណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ការសម្រុះសម្រួលនយោបាយរវាងលោក សម រង្ស៊ី និងរដ្ឋាភិបាល ពិបាកនឹងកើតឡើង ហើយជម្រើសចុងក្រោយ គឺលោក សម រង្ស៊ី អាចប្រថុយមកកម្ពុជា ដើម្បីជាប់ពន្ធនាគារ។
ទោះបីជាយ៉ាងណាក៏ដោយ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក សម រង្ស៊ី មិនគួរប្រឈមបញ្ហាជាប់ពន្ធនាគារ ដើម្បីវិលចូលកម្ពុជានោះទេ ដោយលោកអាចដឹកនាំនយោបាយពីក្រៅប្រទេស។ លោកបញ្ជាក់ថា បទពិសោធន៍ពិភពលោកបង្ហាញថា មេដឹកនាំពិភពលោកមួយចំនួនអាចឈ្នះឆ្នោតដោយការដឹកនាំគណបក្សពីក្រៅប្រទេស។
លទ្ធផលបោះឆ្នោតព្រឹទ្ធសភាកាលពីដើមឆ្នាំ២០១២ បង្ហាញថា គណបក្ស សម រង្ស៊ី បានកើនចំនួនអាសនៈពីចំនួនពីរអាសនៈកាលពីឆ្នាំ២០០៦ មកចំនួន ១១អាសនៈ ប៉ុន្តែការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្ស សម រង្ស៊ី ទទួលបានតំណែងប្រធានប្រឹក្សាឃុំសង្កាត់ចំនួន ២២ ថយចុះចំនួន ៦។
លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងមិនចូលទៅកម្ពុជា ដើម្បីជាប់ពន្ធនាគារនោះទេ ប៉ុន្តែផ្ទុយទៅវិញ លោកបន្តថា ធ្វើយុទ្ធនាការនៅសមរភូមិក្រៅប្រទេស ដោយប្រើច្បាប់បច្ចេកទេស និងការទូត ដើម្បីស្វែងរកច្រកចូលកម្ពុជា វិញបាន។
លោក សម រង្ស៊ី រស់នៅនិរទេសខ្លួននៅបរទេស។ លោកកំពុងស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន និងបុរីញីវយ៉ក ជំរុញឲ្យមានវត្តមានរបស់លោកនៅកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។