សកម្មជន​បក្ស​សមរង្ស៊ី​ម្នាក់​នៅ​កំពង់ធំ​ត្រូវ​គេ​លួច​ធ្វើ​ឃាត

សកម្មជន​គណបក្ស​សមរង្ស៊ី​ម្នាក់​នៅ​ក្នុង​ឃុំ​ចំណាលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​ចំនួន​ពីរ​នាក់​បាន​លប​បាញ់​សម្លាប់​នៅ​វេលា​ម៉ោង​៧​យប់​ថៃ្ង​សុក្រ ទី​៤ ខែ​កញ្ញា នៅ​គ្រា​ដែល​លោក​និង​ក្រុម​គ្រួសារ​កំពុង​តែ​ទទួល​ទាន​បាយ​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ។

0:00 / 0:00

លោក ចាន់ ថន អាយុ​៥១​ឆ្នាំ ជា​សកម្មជន​គណបក្ស​សមរង្ស៊ី​នៅ​ក្នុង​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​បាន​ដឹង​ហេតុការណ៍​នៃ​ឃាតកម្ម​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​សៅរ៍ ទី​៥ ខែ​កញ្ញា ថា មាន​ជន​ពីរ​នាក់​ដោយ​មាន​បិទ​មុខ​ផង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅ​ក្បែរ​ផ្ទះ ហើយ​បាន​បាញ់​សម្លាប់​ជន​រងគ្រោះ​តែម្តង ៖ «ស្លាប់​នៅ​នឹង​ផ្ទះ ម៉ោង​៧​យប់ គេ​បាញ់»

សុខ សេរី ៖ មូលហេតុ​អី? ចាន់ ថន ៖ រក​មូលហេតុ​អត់​ឃើញ​អត់​ទាន់​ឃើញ យើង​ស្រាវជ្រាវ​ទៅ​វា​អត់​ទាន់​ឃើញ ថា​មនុស្ស​ហ្នឹង​មិន​ដឹង​ជា​មូលហេតុ​អី​កំពុង​ហូប​បាយ បាញ់ ម៉ោង​៧​យប់ មនុស្ស​បិទ​មុខ ជិះ​ម៉ូតូ​ពីរ​នាក់។

សុខ សេរី ៖ គេ​ឈប់​ម៉ូតូ​ឬ​ក៏​បាញ់​ពី​លើ​ម៉ូតូ​មក? ចាន់ ថន ៖ ឈប់ ចុះ​ដើរ​ទៅ​បាញ់ រួច​បើក​ម៉ូតូ​មក​វិញ។

ចំណែក​ឯ​លោក ទ្បយ ទ្បែម ជា​ជំទប់​ទី​១​នៃ​ឃុំ​ចំណាលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​ដែល​បាន​គេ​បាញ់​សម្លាប់​នោះ​មាន​ឈ្មោះ ទូច ហូត ជា​ប្រធាន​គណបក្ស​សមរង្ស៊ី​ប្រចាំការ​នៅ​ក្នុង​ភូមិ​គ ឃុំ​ចំណាលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ លោក​បាន​បន្ត​ថា ឃាតកម្ម​នោះ​ទំនង​ជា​គេ​ចោទ​ថា លោកទូច ហូត នោះ ចេះ​អាប​ធ្មប់។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា សព​របស់​លោក ទូច ហូត ត្រូវ​បាន​គ្រួសារ​រងគ្រោះ​បូជា​រួច​ហើយ។ គេ​បាន​កត់​សម្គាល់​ឃើញ​ថា ឃាតកម្ម​ថ្មីៗ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​តែ​ចាប់ផ្តើម​ពិធី​កាន់​បិណ្ឌ។

មិន​អាច​ទាក់ទង​មន្រ្តី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទេ នៅ​ថៃ្ង​សៅរ៍ ទី​៥ ខែ​កញ្ញា​នេះ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ស៊ើប​អង្កេត​នៃ​ឃាតកម្ម​នេះ។

ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា ត្រូវតែ​មាន​ការ​ស៊ើប​អង្កេត។

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​គិត​ថា គណបក្ស​ណាៗ​ទេ នោះ​គឺ​ជា​សិទ្ធិ​របស់​បុគ្គល របស់​ប្រជាជន​យើង​ទូទាំង​ប្រទេស ប៉ុន្តែ​បើ​មាន​ករណី​ឧក្រិដ្ឋកម្ម​ត្រូវតែ​ធ្វើការ​ស៊ើប​អង្កេត​ដើម្បី​ស្វែងរក​ជន​ល្មើស»

លោក កែប ធី ជា​អនុ​ប្រធាន​គណបក្ស​សមរង្ស៊ី ប្រចាំការ​នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​អំពី​ឃាតកម្ម​នេះ​រួច​ហើយ។

លោក កែប ធី បាន​បញ្ជាក់​ថា ៖ «ថា​ឲ្យ​ខាង​ខ្ញុំ​ចុះ​ទៅ​ដល់​កន្លែង​ដើម្បី​ពិនិត្យ​ហេតុការណ៍​ហ្នឹង​ដោយ​ផ្ទាល់​ដើម្បី​បាន​ព័ត៌មាន​ច្បាស់លាស់»

លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​កំពុង​តែ​ស៊ើប​អង្កេត​ហើយ។

លោក អំ សំអាត បាន​ថ្លែង​ថា ៖ «ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ហ្នឹង​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​នេះ តើ​វា​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​បាន​ជា​មាន​ការ​លួច​ធ្វើ​ឃាត​នេះ​ឡើង»

ប្រភព​ពី​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា អំពើ​ឃាតកម្ម​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​សមរង្ស៊ី​បាន​ស្ងប់ស្ងាត់​មួយរយៈ​ធំ​មក​ហើយ ប៉ុន្តែ​គេ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត នៅ​គ្រា​ដែល​មាន​ការ​កម្រើក​ទ្បើង​វិញ​នៃ​អំពើ​ឃាតកម្ម​នេះ ដោយ​ក្រោម​លេស​ថា​ចេះ​អាប​ធ្មប់៕