សុន​ឆ័យ​ស្នើ​សុំ​ឲ្យ​សុខ​អាន​ពន្យល់​ពី​កិច្ចការ​បោះ​បង្គោល​ព្រំដែន

លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​សមរង្ស៊ី បាន​ស្នើ​សុំ​ឲ្យ​លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន ធ្វើ​ការ​ពន្យល់​អំពី​កិច្ចការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ខាង​មុខ ដែល​សំណើ​នេះ​ត្រូវ​បាន​យល់​ព្រម​រួច​ហើយ​ពី​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា។

0:00 / 0:00

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​២៨ វិច្ឆិកា ថា ក្នុង​នាម​ជា​តំណាង​រាស្រ្ត​លោក​បាន​ស្នើ​សុំ​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​តាម​រយៈ​ប្រធាន​រដ្ឋ​សភា​ឲ្យ​លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន និង​សហការី​ឯកទេស​ខាង​ផ្នែក​ព្រំដែន​មក​កាន់​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១៧ ធ្នូ ខាង​មុខ ដើម្បី​ពន្យល់​អំពី​បញ្ហា​ទាំង​នេះ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «ពលរដ្ឋ​ដូច​ជា​ងងឹត​ងងល់ មិន​ដឹង​សកម្មភាព​ទាំង​នេះ ដល់​ហើយ​បាន​ជា​វា​មាន​អព្ភូតហេតុ ជា​ទូទៅ​មាន​ការ​ងឿង​ឆ្ងល់​ថា​តើ​រដ្ឋាភិបាល​ហ្នឹង​អនុវត្ត​ត្រឹមត្រូវ​ឬ​ទេ? តើ​ហេតុ​អ្វី​បាន​ពលរដ្ឋ​យើង​បាត់បង់​ដី​ស្រែ? រហូត​ដល់​ភូមិ​របស់​សម្ដេច ហេង សំរិន ក៏​ត្រូវ​បាត់បង់​អី​ហ្នឹង ដើម្បី​ឲ្យ​ពលរដ្ឋ​លោក​បាន​ដឹង​ផង ពីព្រោះ​ការ​បោះ​បង្គោល​កន្លង​ទៅ​នេះ​អត់​មាន​ការ​ចូលរួម​ពី​អ្នក​សារព័ត៌មាន​ឬ​ក៏​តំណាង​រាស្ត្រ​អី​ទេ!»

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី គឺ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សំណើ​ទាំង​ឡាយ​ដែល​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​រាជ​រដ្ឋាភិបាល​ពុំ​ដែល​ព្រងើយ​កន្តើយ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ទេ។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា ៖ «ជា​ច្បាប់​ខាង​រាជ​រដ្ឋាភិបាល​ត្រូវតែ​ចូល​ខ្លួន​បំភ្លឺ​តាមរយៈ​ការ​ស្នើសុំ​របស់​សមាជិក​សភា​ណា​មួយ ហើយ​និង​ការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋ​សភា អា​នេះ​ជា​ច្បាប់!»

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា គឺ​លោក វ៉ា គឹមហុង ចាត់ទុក​សំណើ​នេះ​ថា​ជា​រឿង​ចាស់​ដដែល។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​មាន​ប្រសាសន៍​ថា លោក​នឹង​ឡើង​ធ្វើ​ការ​ពន្យល់​ប្រសិន​បើ​មាន​ការ​ចាត់តាំង​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ៖ «តាម​ពិត​ទៅ​ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង ខ្ញុំ​គ្មាន​អី​លាក់លៀម​ទេ ពេល​យើង​ឆ្លង​សុំ​សច្ចាប័ន​សន្ធិសញ្ញា​បំពេញ​បន្ថែម​២០០៥ សម្ដេច​នាយក​លោក​បាន​អញ្ជើញ​ទៅ​បំភ្លឺ​រដ្ឋ​សភា​ពេល​ហ្នឹង​អស់​ទៅ​ហើយ។ ដូច្នេះ​វា​អត់​មាន​អី​ថា​មិន​ដឹង​ទេ​ណា៎! ទាំង​ពី​អត្ថបទ​នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ក៏​មាន​ចែក​ជូន​អី​ទាំង​អស់ ការ​បំភ្លឺ​របស់​រដ្ឋាភិបាល»

កាល​ពី​ថ្ងៃ​១៦ វិច្ឆិកា​កន្លង​ទៅ រដ្ឋ​សភា​បាន​សម្រេច​ព្យួរ​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​ពី​លោក សម រង្ស៊ី ដោយ​លោក​បាន​ធ្វើ​សកម្មភាព​ដក​បង្គោល​ឈើ​ដែល​ជា​តម្រុយ​បណ្តោះ​អាសន្ន​សម្រាប់​សម្គាល់​ព្រំដែន ហើយ​អាជ្ញាធរ​ស្រុក​ចន្ទ្រា​ប្តឹង​ទៅ​តុលាការ​ខេត្ត​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដែល​ឈាន​ទៅ​ដល់​ការ​ដក​អភ័យ​ឯកសិទ្ធិ​ពី​លោក​ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​កោះ​អញ្ជើញ​ទៅ​ធ្វើ​ការ​បំភ្លឺ៕