បក្ស​សមរង្ស៊ី​និង​សិទ្ធិ​មនុស្ស​បដិសេធ​ព័ត៌មាន​ថា​មាន​សមាជិក​ចុះចូល​បក្ស​ប្រជាជន

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បដិសេធ​ថា មិន​មាន​សមាជិក​របស់​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​នោះ​ទេ។

លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ ថា គណបក្ស​សមរង្ស៊ី​មិន​ទាន់​ទទួល​បាន​ដំណឹង​ទាក់ទង​ការ​ដែល​មាន​សមាជិក​គណបក្ស​សមរង្ស៊ី​ចុះចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ដោយឡែក​ចំពោះ​ព័ត៌មាន​ដែល​ថា មាន​កង​អង្គរក្ស​របស់​លោក សម រង្ស៊ី ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​ដល់​ទៅ​២០​នាក់​នោះ​ក៏​មិន​ពិត​ដែរ ព្រោះ​លោក សម រង្ស៊ី មិន​មាន​អង្គរក្ស​ច្រើន​បែប​នោះ​ទេ។

លោកស្រី កែ សុវណ្ណរតន៍ បាន​បញ្ជាក់​ថា ៖ «អត់​មាន! តាម​ខ្ញុំ​ដឹង កង​អង្គរក្ស​របស់​ឯកឧត្ដម សម រង្ស៊ី អត់​មាន​២៤​នាក់​អី​ផង គាត់​មាន​អង្គរក្ស​ផ្ទាល់​តែ​២​នាក់​គត់។ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ផង»

ដោយ​ឡែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​បាត់​សមាជិក​របស់​ខ្លួន​មិន​ថា​នៅ​ភ្នំពេញ​ឬ​តាម​បណ្តា​ខេត្ត​ក្រុង​សូម្បីតែ​ម្នាក់​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ក្នុង​មួយ​ខែៗ​មាន​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មក​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​រាប់​ពាន់​នាក់​ឯណោះ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​មាន​បាត់​សមាជិក​ផង ខាង​គណបក្ស​សិទ្ធិ​មនុស្ស។ ដូច្នេះ​មិន​ដឹង​ថា គេ​បាន​សមាជិក​ពី​ណា​មក ឬ​ក៏​សមាជិក​ដែល​គេ​ឈប់​យូរ​ហើយ​ក៏​មិន​ដឹង ព្រោះ​សមាជិក​ខ្ញុំ​នៅ​ក្នុង​រចនាសម្ព័ន្ធ​ហ្នឹង​អត់​មាន​បាត់​ផង ហើយ​មាន​តែ​គណបក្ស​ប្រជាជន​មក​ចូល​ខ្ញុំ ក្នុង​មួយ​ខែៗ​ពីរ​បី​ពាន់​(នាក់)​រាល់​តែ​ខែ»

ក្នុង​ពេល​ថ្មីៗ​នេះ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយចំនួន​បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មក​ចុះ​ផ្សាយ​ថា មាន​សមាជិក​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​រាប់​រយ​នាក់​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ប៉ុន្តែ​ការ​អះអាង​នេះ​ត្រូវ​បាន​ប្រកាស​ច្រាន​ចោល​ភ្លាមៗ​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ទាំង​ពីរ គឺ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស៕