តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី​​សុំ​អន្តរាគមន៍​ក្នុង​រឿង​វិវាទ​ដី​នៅ​កំពង់ធំ

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី មណ្ឌល​កំពង់ធំ នៅ​ថ្ងៃ​២៥ ធ្នូ​នេះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ផ្តល់​នូវ​ទី​តាំង​ថ្មី​ឲ្យ​បាន​សមរម្យ​និង​ផ្តល់​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ក្រោយ​ពី​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​លំនៅ​ក្នុង​ជម្លោះ​មួយ​ជាមួយ​ក្រុមហ៊ុន​ឯកជន​របស់​វៀតណាម​កាល​ពី​ពេល​កន្លង​មក​នោះ។

នៅ​ក្នុង​លិខិត​ជូន​លោក​នាយករដ្ឋមន្ត្រី​តាម​រយៈ​ប្រធាន​សភា បាន​សរសេរ​ថា ប្រជាពលរដ្ឋ​ប្រមាណ​១.៧៥០​គ្រួសារ​នៅ​ឯ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ត្រូវ​អាជ្ញាធរ​ខេត្ត​បណ្តេញ​ដោយ​បង្ខំ​និង​បាន​ចាប់​មនុស្ស​១៤​នាក់​ដាក់​គុក ដើម្បី​យក​ដី​ទាំង​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ​តាន់បៀន។

បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នោះ​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​លើ​ទី​តាំង​ថ្មី​ដែល​ជា​តំបន់​លិច​ទឹក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​មាន​ទី​ជម្រក​ត្រឹមត្រូវ ខ្វះ​ទាំង​អាហារ​ទទួល​ទាន​ហើយ​កំពុង​យាយី​ដោយ​ជំងឺ​គ្រុនចាញ់៕