ក្រោយពីមានការចរចារវាងតំណាងរាស្ត្រ និងមន្ត្រីនគរបាលខេត្តតាកែវ ដែលរារាំងមិនឲ្យចូលដល់កន្លែងបោះបង្គោលបណ្ដោះអាសន្នកំណត់ព្រំដែនលេខ២៧០ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី និងជាតំណាងរាស្ត្រ លោក យឹម សុវណ្ណ បានថ្លែងថា សមត្ថកិច្ចខេត្តតាកែវបានបន្ទច់បង្អាក់ដំណើរការចង់ឃើញផ្ទាល់ភ្នែករបស់គណបក្សប្រឆាំង។
លោកថា តំណាងរាស្ត្រចង់ឃើញភាពត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការកំណត់បង្គោលព្រំដែននេះ។ លោកថា គ្មានអ្នកណាចង់ចោទថា បង្គោលដែលត្រូវបានគេបោះនោះ ពិតជាបានប៉ះពាល់ដីស្រែរបស់អ្នកភូមិអញ្ចាញ ឃុំជ័យជោគ ស្រុកបុរីជលសា នោះទេ។
ពាក់ព័ន្ធនឹងបញ្ហាចោទខាងលើ មន្ត្រីនគរបាល និងប្រជាជន ដែលរារាំងដំណើរទៅមើលផ្ទាល់ដល់គោលដៅបោះបង្គោល បានថ្លែងថា ពួកគាត់ត្រូវគេបញ្ជាឲ្យមកឈរនៅទីនេះ។
ប្រជាជនមកពីតំបន់ផ្សេងៗ ដែលភាគច្រើនជាក្រុមវ័យក្មេង មិនរស់នៅឃុំជ័យជោគ បានឈររារាំង ដោយមានយកម៉ាស៊ីនបោកស្រូវមកបាំងផ្លូវផង បានឆ្លើយថា ៖ «ខាងណាក៏ដោយ បើសិនបងប្អូនចង់មកអ៊ីចឹង ម៉េចបងប្អូនមិនជួយដកវាចេញតាំងពីយូរទៅ! ដល់ពេលបោះហើយ មករករឿងអ៊ីចឹង រញ៉េរញ៉ៃ... បើបងប្អូនខ្លាំងអ៊ីចឹង តាំងពីដើម គេរៀបនឹងបោះ យើងមកមើលទៅ!»។
បុរសម្នាក់ទៀតបាននិយាយថា ៖ «អត់ទាន់ចូលមកដល់ភូមិទេ ចូលដីស្រែបន្តិចបន្តួច ប៉ុន្តែដីហ្នឹងអត់មានដីប្លង់របស់នរណាម្នាក់ទេ ដីហ្នឹង ដីរដ្ឋ!»។
ក្រុមតំណាងរាស្ត្រ អ្នកកាសែត និងមន្ត្រីសង្គមស៊ីវិល ជិត ២០០នាក់ មុននឹងចូលទៅជិតដល់ភូមិអញ្ចាញ ឃុំជ័យជោគ ស្រុកបុរីជលសា ត្រូវប៉ូលិសចរាចរណ៍ខេត្តតាកែវឃាត់ម៉ូតូមានស្លាកលេខរួចហើយ និងឆែករកប័ណ្ណបើកបរម៉ូតូចំនួន ២កន្លែង នៅមុខវត្តព្រឹក្សា និងវត្តក្រពុំឈូក។ ការឃាត់នោះបានពន្យារពេលអស់ជាង ៣ម៉ោង ទម្រាំមានការជួយដោះស្រាយពីក្រុមអ្នកតំណាងរាស្ត្រ។
ក្រោយពីធ្វើដំណើរពីឃុំក្រពុំឈូកដល់ឃុំព្រៃផ្កា មានត្រាក់ទ័រដាក់បង្ខាំងផ្លូវដោះកង់ចេញកណ្ដាលស្ពានថ្ម។ ក្រុមអ្នកដំណើរទាំងអស់បានជិះម៉ូតូវាង រហូតដល់ព្រែកដែលជីកដោយអង្គការប្រាសាក់។ នៅទីនោះមានរថយន្ត ២គ្រឿង និងគោយន្ត ១គ្រឿង បានដាក់បង្ខាំងផ្លូវ ២កន្លែងទៀត។
ក្រុមតំណាងរាស្ត្រដើរឆ្លងទឹកព្រែកនោះ និងថ្មើរជើងជិត ២គីឡូម៉ែត្រ ទៅក្រោយភូមិអញ្ចាញ។ នៅទីនោះមានម៉ាស៊ីនបោកស្រូវ និងយុវជនប្រុសស្រី ប្រមាណ ៥០នាក់ និងប៉ូលិសប្រមាណ ៣០នាក់ផ្សេងទៀត ឈររារាំងបិទផ្លូវមិនឲ្យតំណាងរាស្ត្រ និងក្រុមអ្នកកាសែត និងអង្គការសង្គមស៊ីវិល បានចូលដល់កន្លែងបោះបង្គោលព្រំដែនលេខ២៧០នោះទេ។ នៅម៉ោងជាង ១២ថ្ងៃត្រង់ ក្រុមអ្នកតំណាងរាស្ត្រ និងអ្នកចូលរួមទាំងអស់ បានវិលមកក្រោយវិញ។
ក្រោយពីក្រុមអ្នកតំណាងរាស្ត្រវិលមកក្រោយវិញ និងមានភ្លៀងធ្លាក់មកខ្លាំងផងនោះ គេឃើញមន្ត្រីស្លៀកពាក់យោធាប្រដាប់ដោយអាវុធប្រមាណ ៥០នាក់ ទៅ ៦០នាក់ បានងើបចេញពីក្នុងស្រូវប្រាំង ចម្ងាយប្រមាណ ២០០ម៉ែត្រ ពីក្រុមអ្នកតំណាងរាស្ត្រ។ ប៉ុន្តែទោះជាយ៉ាងណា ការចុះទៅពិនិត្យបង្គោលព្រំដែនបណ្ដោះអាសន្នលេខ២៧០ ដែលមិនបានចូលទៅដល់ទីនោះផង គេមិនឃើញមានអំពើហិង្សាកើតឡើងទេ៕