បក្ស​ប្រឆាំង​រិះគន់​កិច្ច​សហការ​រវាង​កម្ពុជា​និង​កូរ៉េ​ខាង​ជើង

ប្រទេស​កម្ពុជា និង​កូរ៉េ​ខាង​ជើង កាល​ពី​សប្ដាហ៍​មុន​បាន​ចុះ​ហត្ថលេខា​ដើម្បី​ជំរុញ​កិច្ច​សហការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កសិកម្ម បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ខកខាន​សហការ​គ្នា​ក្នុង​វិស័យ​ទាំង​អស់​នោះ។

0:00 / 0:00

មន្ត្រី​កម្ពុជា​រំពឹង​ថា កូរ៉េ​ខាង​ជើង​នឹង​ក្លាយ​ជា​ទីផ្សារ​ថ្មី​មួយ​សម្រាប់​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា ដូចជា​ស្រូវ​ពោត ដំឡូងមី និង​សណ្ដែក។ ចំណែក​កម្ពុជា នឹង​ទិញ​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ពី​កូរ៉េ​ខាង​ជើង​វិញ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា កម្ពុជា​គួរ​តែ​ជ្រើសរើស​យក​វិស័យ​សិទ្ធិ​មនុស្ស​ជា​អាទិភាព មុន​ស្វែង​រក​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត​ពី​កូរ៉េ​ខាង​ជើង។

ក្ដី​បារម្ភ​របស់​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា និង​កូរ៉េ​ខាង​ជើង​បាន​ចុះ​ហត្ថលេខា​ជំរុញ​វិស័យ​សេដ្ឋកិច្ច បច្ចេកទេស វប្បធម៌ ការ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ និង​វិស័យ​ការបរទេស។

ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ រដ្ឋាភិបាល​កម្ពុជា មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ។

លោក សម រង្ស៊ី បន្ថែម​ថា វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នឹង​មិន​រីក​ចម្រើន​ទេ ប្រសិន​ការ​គោរព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​នោះ ៖ «យើង​មាន​គោលការណ៍​មនុស្ស​ធម៌ គោលការណ៍​ប្រជាធិបតេយ្យ​ដែល​យើង​គោរព​ចំពោះ​ប្រទេស​ក្នុង​ពិភពលោក យើង​មិន​អាច​ចូល​ដៃ​នឹង​ចោរ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទេ ប្រទេស​ខ្លះ​ពាក់ព័ន្ធ​ការ​ជួញដូរ​អាវុធ ការ​ជួញដូរ​គ្រឿងញៀន បោះពុម្ព​លុយ​ក្លែងក្លាយ។ ប្រទេស​កូរ៉េ​ខាង​ជើង​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដូច្នោះ​ជា​ការ​សោកស្ដាយ បើ​ប្រទេស​ណា​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​បែប​កូរ៉េ​ខាង​ជើង​នេះ»

កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូច​ជា​ការ​សម្លាប់​មនុស្ស​ជា​សាធារណៈ ការ​ធ្វើ​ទារុណកម្ម និង​ការ​ចាប់​ខ្លួន​អ្នក​ទោស​នយោបាយ​រាប់ពាន់​នាក់​ដាក់​គុក។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​ថា កិច្ច​សហការ​កម្ពុជា និង​កូរ៉េ​ខាង​ជើង គឺ​សំដៅ​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ប្រទេស​ទាំង​ពីរ​ក៏​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​អ្នក​ជំនាញ​ការ និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ឧស្សាហកម្ម កសិឧស្សាហកម្ម និង​ពលកម្ម។ ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​នឹង​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ព្យុងយ៉ាង នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ទោះ​បី​ជា​ទំនាក់ទំនង​ខាង​ក្រៅ​រវាង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង និង​កម្ពុជា មាន​ភាព​ជិតស្និទ្ធ​ក៏ដោយ ប៉ុន្តែ​ទំនាក់ទំនង​ផ្ទៃក្នុង​កម្ពុជា កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​ហាក់​បី​ដូច​មិន​សូវ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

ឯកសារ​សម្ងាត់​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​លេច​ធ្លាយ​ផ្សាយ​ដោយ​គេហទំព័រ វីគីលិគ (Wikileaks) និយាយ​ថា កម្ពុជា​បច្ចុប្បន្ន​នេះ​បាន​ធ្វើការ​ដោយ​សម្ងាត់​ជាមួយ​នឹង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​រាប់​រយ​នាក់​ទៅ​ស្វែង​រក​ប្រទេស​មាន​សុវត្ថិភាព​រស់​នៅ។ ឯកសារ​បន្ត​ថា កម្ពុជា​ក្លាយ​ជា​ទីកន្លែង​សំខាន់​សម្រាប់​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង ដោយសារ​ជន​ទាំង​នោះ​អាច​មក​កម្ពុជា តាម​ប្រទេស​វៀតណាម និង​ចិន។

មន្ត្រី​កម្ពុជា ឲ្យ​ដឹង​ថា ការ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា គឺ​ដោយ​មាន​ការ​យល់​ព្រម​ពី​ស្ថានទូត​កូរ៉េ​ខាង​ត្បូង និង​លោក ហ៊ុន សែន។

ឯកសារ​សម្ងាត់​បន្ត​ថា កម្ពុជា​ចង់​រក្សា​ការណ៍សម្ងាត់​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង ដោយសារ​តែ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ធ្លាប់​បាន​ប្រាប់​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថា រដ្ឋាភិបាល​មាន​ក្ដី​កង្វល់​ពី​សន្តិសុខ​របស់​លោក ហ៊ុន សែន ដោយសារ​ផ្ទះ​លោក ហ៊ុន សែន នៅ​ក្បែរ​ស្ថានទូត​កូរ៉េ​ខាង​ជើង។

អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ កាល​ពី​ថ្ងៃ​អង្គារ ទី​២ ខែ​សីហា មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​កិច្ច​សហការ​កម្ពុជា និង​កូរ៉េ​ខាង​ជើង មិន​បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក៏ដោយ ក៏​មិន​ប៉ះពាល់​ដល់​កិត្តិយស​កម្ពុជា លើ​ឆាក​អន្តរជាតិ​ដែរ ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ក៏​បាន​សហការ​នឹង​កូរ៉េ​ខាង​ជើង​ផ្នែក​សេដ្ឋកិច្ច។ លោក​បន្ត​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​មាន​ការ​ខ្វះ​ចន្លោះ​នៅ​ឡើយ ដូច្នោះ​កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​សិទ្ធិ​មនុស្ស​ជា​មុន​សិន ទើប​អាច​រិះគន់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ប្រទេស​ដទៃ។

លោក​បន្ត​ថា ៖ «រឿង​សិទ្ធិ​មនុស្ស យើង​គិត​រឿង​ក្នុង​ផ្ទះ​យើង​សិន​។ បើ​ផ្ទះ​យើង​មិន​ស្អាត គឺ​យើង​ទៅ​ជួយ​គេ គឺ​ប្រើប្រាស់​ឥទ្ធិពល​សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស​ក៏​ពិបាក​ដែរ ហើយ​ប្រទេស​តិច​ណាស់​ក្នុង​ពិភពលោក​យក​សិទ្ធិ​មនុស្ស​ដាក់​ក្នុង​គោលនយោបាយ​ក្រៅ​ប្រទេស​របស់​គេ»

ចំណង​មិត្តភាព​ជិតស្និទ្ធ​រវាង​កម្ពុជា និង​កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្ដើម​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០ មក​ម្ល៉េះ ដោយសារ​តែ​ព្រះ​មហា​វីរក្សត្រ​ខ្មែរ សម្ដេច​ព្រះបាទ នរោត្តម សីហនុ ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​អតីត​លោក​សេនា​ប្រមុខ គឹម អ៊ីលស៊ុង (Kim Il Sung) ដែល​ជា​ឪពុក​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន គឺ​លោក គឹម ជុងអ៊ិល (Kim Jong Il)៕