តំណាងរាស្ត្រ​បក្ស​សមរង្ស៊ី​ម្នាក់​លា​ឈប់​ពី​មុខ​តំណែង

មន្ត្រី​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា មាន​តំណាងរាស្ត្រ​របស់​ខ្លួន​ម្នាក់​បាន​លាលែង​ពី​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ប៉ុន្តែ​បាន​បដិសេធ​ថា មិនមែន​គណបក្ស​នេះ​បែកបាក់​ផ្ទៃ​ក្នុង​នោះ​ទេ។

0:00 / 0:00

ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ថា លោក ម៉ៅ មុនីវណ្ណ បាន​ដាក់​ពាក្យ​លា​ឈប់​ពី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១១ ត​ទៅ។ លោក​ថា ការ​លា​ឈប់​នេះ លោក មុនីវណ្ណ បាន​ដាក់​ពាក្យ​ជូន​ប្រធាន​គណបក្ស និង​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី ចាប់​តាំង​ពី​ដើម​ខែ​មីនា មក​ម្ល៉េះ។

តាម​ការ​គូស​បញ្ជាក់​របស់​លោក សុន ឆ័យ ការ​លា​ឈប់​ពី​តួនាទី​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម របស់​លោក មុនីវណ្ណ គឺ​មិន​មែន​គណបក្ស​នេះ​មាន​ជម្លោះ​ផ្ទៃក្នុង​គណបក្ស​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​ដែល​បាន​សម្រេច​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​នីមួយៗ ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​មុខងារ​នៅ​ពាក់​កណ្ដាល​អាណត្តិ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «ដូច​បាន​ដឹង​ហើយ​ថា គាត់​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​ប្រធាន​ខេត្ត​កំពង់ចាម​ដ៏​ធំ​១ ជា​ខេត្ត​ដ៏​ធំ​ជាង​គេ។ តែ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​នោះ ខ្ញុំ​មិន​បាន​ដឹង។ ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើ​ការ​សម្រេច​តាម​ដែល​ខ្ញុំ​ដឹង បំណង​របស់​គាត់ ខ្ញុំ​ថា ជា​សេចក្ដី​សម្រេច​ដ៏​ល្អ​មួយ ព្រោះ​ជា​អ្នក​នយោបាយ​ចាំបាច់​ត្រូវ​ឲ្យ​មាន​ឆន្ទៈ គោរព​ការ​សន្យា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ កាលណា​ផ្លាស់ប្ដូរ​ការ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត អាច​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​ខ្លួន»

ទាក់ទង​បញ្ហា​នេះ លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ថា ការ​លា​ឈប់​ពី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម របស់​លោក គឺ​មិនមែន​គណបក្ស សម រង្ស៊ី បណ្ដេញ​រូប​លោក ឬ​ក៏​ផ្ទៃក្នុង​បក្ស​ប្រេះស្រាំ​នោះ​ទេ គឺ​ជា​បញ្ហា​ផ្ទាល់ខ្លួន និង​ធ្វើ​ទៅ​តាម​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​បក្ស​ប៉ុណ្ណោះ ហើយ​រូប​លោក​ក៏​មិន​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ផ្សេង​ណា​ទេ គឺ​នៅ​ជាមួយ​គ្នា​បក្ស សម រង្ស៊ី រហូត និង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ជា​ថ្មី​ទៀត នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក ម៉ៅ មុនីវណ្ណ បន្ថែម ៖ «ជា​បញ្ហា​ផ្ទាល់ខ្លួន​រវាង​ខ្ញុំ​ជាមួយ​នឹង​សកម្មជន​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​កំពង់ចាម ខ្ញុំ​បាន​និយាយ​ជា​សាធារណៈ​នៅ​មុន​ពេល​បោះឆ្នោត។ ខ្ញុំ​និយាយ​ថា បើ​ខ្ញុំ​ដឹកនាំ​នៅ​ខេត្ត​កំពង់ចាម បាន​តែ ៥​កៅអី​ដដែល​ទេ ខ្ញុំ​នឹង​លាលែង​ពី​តំណាងរាស្ត្រ ខ្ញុំ​ធ្វើ​តែ​ពាក់​កណ្ដាល​អាណត្តិ​ទេ ហើយ​ជា​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​នៅ​ពេល​នោះ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​លា​ឈប់​ពី​តួនាទី​តំណាងរាស្ត្រ​របស់​លោក មុនីវណ្ណ អាច​ជា​សញ្ញា​បែកបាក់​ផ្ទៃ​ក្នុង និង​នាំ​ឲ្យ​គណបក្ស​នេះ​បាត់បង់​ប្រជាប្រិយភាព​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​ខាង​មុខ។

លោក​បណ្ឌិត ហង្ស ពុទ្ធា ទីប្រឹក្សា​គ្រប់គ្រង​អង្គការ​និចហ្វិក (NECFFEC) បាន​ចាត់​ទុក​ការ​លា​ឈប់​ពី​តួនាទី​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​២០១២ និង​២០១៣ អាច​នាំ​ឲ្យ​បក្ស​នេះ​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​បាន​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​ប្រឆាំង​មួយ​នេះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) បាន​បញ្ចេញ​ទស្សនៈ​ថា ការ​លា​ឈប់​ពី​តួនាទី​របស់​លោក ម៉ៅ មុនីវណ្ណ ពី​តំណាងរាស្ត្រ គឺ​បាន​ជះ​ឥទ្ធិពល​តិចតួច​ដល់​ប្រជាប្រិយភាព​គណបក្ស​ប្រឆាំង​មួយ​នេះ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ព្រោះ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ជា​ប្រព័ន្ធ​សមាមាត្រ មិន​មែន​ជា​ការ​បោះឆ្នោត​ឯកត្តនាម។

លោក គល់ បញ្ហា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «វា​មាន​ឥទ្ធិពល​ដែរ ក៏​ប៉ុន្តែ​វា​មិន​មាន​ឥទ្ធិពល​ដូច​ប្រព័ន្ធ​ឯកត្តនាម​ទេ។ បើ​ប្រព័ន្ធ​ឯកត្តនាម​វិញ បើ​សិន​ជា​បុគ្គល​មាន​ការ​ប្រែប្រួល​តាម​មណ្ឌល​នីមួយៗ​ដែល​ជា​អ្នក​តំណាងរាស្ត្រ ឬ​ជា​អ្នក​នយោបាយ​របស់​គណបក្ស​ណា​មួយ ប្រសិន​បើ​មាន​ការ​ឈប់​ការ​អី​អ៊ីចឹង វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ទៅ​លើ​គណបក្ស​ច្រើន»

ប្រភព​ពី​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ពី​ប្រធាន​ក្រុម​ការងារ​គណបក្ស​មណ្ឌល​កំពង់ចាម និង​ដាក់​ជំនួស​មក​វិញ​ដោយ​លោក គួយ ប៊ុនរឿន។ ការ​ផ្លាស់ប្ដូរ​នេះ បង្ក​ឲ្យ​មាន​ប្រតិកម្ម​ច្រើន​ពី​សកម្មជន​គណបក្ស​នេះ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ចាម ដែល​ឈាន​ដល់​ធ្វើការ​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​នេះ​អស់​ប្រមាណ ២០​ស្លាក​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ៕