តុលាការខេត្តស្វាយរៀងបានដាក់ពាក្យបណ្តឹងចោទប្រកាន់លោក សម រង្ស៊ី ជាផ្លូវការហើយក្រោមបទព្រហ្មទណ្ឌចំនួន២ គឺបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៃការដកបង្គោលតម្រុយកំណត់ព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ និងបទចោទមួយទៀត គឺការរើសអើងពូជសាសន៍។
លោក ជូង ជូងី ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងសៅរ៍ ទី១២ ធ្នូនេះថា ៖ «ទី១ គឺបំផ្លិចបំផ្លាញបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា-វៀតណាម និងរើសអើងពូជសាសន៍។ ដីកាចោទប្រកាន់គឺព្រះរាជអាជ្ញាគាត់បើកការស៊ើបសួរជាផ្លូវការ ហើយក៏រុញទៅចៅក្រមស៊ើប។ បច្ចុប្បន្នដំណើររឿងកំពុងតែនៅចៅក្រមស៊ើប»។
លោកបានបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីតទល់រឿងក្តីដ៏រសើបនេះ ៖ «ដោយសារករណីនេះជាករណីរសើប ដូច្នេះខ្ញុំអធ្យាស្រ័យ មិនអាចនិយាយស៊ីជម្រៅពេកបានទេ។ ខ្ញុំគិតត្រៀមសាក្សីដើម្បីឆ្លើយបំភ្លឺពីថា ការបោះបង្គោលព្រំដែនហ្នឹងគឺអត់ត្រឹមត្រូវ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ថា លោកចង់ឃើញតុលាការខេត្តស្វាយរៀង បើកសវនាការឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។
លោក វ៉ា គឹមហុង មានប្រសាសន៍ដូច្នេះ ៖ «ការប្ដឹងរបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀងហ្នឹងត្រូវតែតុលាការលោកសម្រេច ឆាប់ៗទៅក៏វាល្អដែរ ឲ្យបានដឹងច្បាស់»។
លោក យឹម សុវណ្ណ ជាមន្រ្តីអ្នកនាំពាក្យនិងជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍ប្រតិកម្មថា ៖ «មិនមែនជាការបំផ្លាញព្រទ្យសម្បត្តិសាធារណៈទេ បង្គោលឈើ៦ដើមមានតម្លៃមិនដល់២ដុល្លារទេ អ្នកដែលបំផ្លាញព្រៃឈើដែលបាត់បង់រាប់រយរាប់លានហិកតា បាត់បង់លុយជាតិរាប់លានដុល្លារ នោះហើយជាអ្នកស័ក្ដិសមដកអភ័យឯកសិទ្ធិនិងកាត់ទោស»។
ការចោទប្រកាន់ជាផ្លូវការនោះ បានធ្វើទ្បើងកាលពីពេលថ្មីៗ ក្រោយពីអាជ្ញាធរស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្តឹងទៅតុលាការខេត្តស្វាយរៀង ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈកាលពីចុងខែតុលាកន្លងទៅ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា បានរងការលើកអភ័យឯកសិទ្ធិជាតំណាងរាស្រ្តដោយសភាជាតិ កាលពីថៃ្ងទី១៦ ខែវិច្ឆិកា កន្លងទៅនេះ ដើម្បីប្រឈមមុខនឹងការស៊ើបអង្កេតនិងសាកសួរដោយតុលាការខេត្តស្វាយរៀង ក្រោមបទចោទប្រកាន់ខាងលើនេះ។
លោក សម រង្ស៊ី និងប្រជាពលរដ្ឋខ្មែរនៅខេត្តស្វាយរៀង បានចោទប្រកាន់ថា បង្គោលតម្រុយនោះ ភាគីវៀតណាមបានបោះរំលោភចូលក្នុងដីស្រែរបស់ប្រជាពលរដ្ឋខែ្មរនៅទីនោះ។ មន្រ្តីជំនាញព្រំដែននៃប្រទេសកម្ពុជា បានបដិសេធដោយបានអះអាងថា ភាគីប្រទេសទាំងពីរបានឯកភាពគ្នានៅត្រង់ចំណុចនោះហើយ។
ក្រុមតំណាងរាស្រ្តគណបក្សសមរង្ស៊ីចំនួនជាង២០នាក់ គ្រោងទៅខេត្តស្វាយរៀងនៅដើមសប្តាហ៍ក្រោយនេះ ដើម្បីទៅពិនិត្យមើលស្ថានការណ៍ព្រំដែននៅទីនោះ៕