តុលាការ​បដិសេធ​សំណើ​សុំ​ពន្យារ​ពេល​ការ​កោះហៅ​សម​រង្ស៊ី

តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​មិន​ពន្យារ​ពេល​ការ​កោះ​ហៅ​លោក សម រង្ស៊ី មក​សាកសួរ តាម​សំណើ​របស់​មេធាវី​នោះ​ទេ។

តុលាការ​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នេះ បាន​បដិសេធ​មិន​ព្រម​ពន្យារ​ពេល​នៃ​ការ​សាកសួរ​ចម្លើយ​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នោះ​ទេ នៅ​គ្រា​ដែល​មេធាវី​របស់​លោក​បាន​ទៅ​បង្ហាញ​ខ្លួន​ជំនួស​លោក​នៅ​ក្នុង​តុលាការ​តាម​ការ​កោះហៅ ដើម្បី​ដាក់​សំណើ​ពន្យារ​ពេល​នោះ ដោយ​មិន​កំណត់​ថៃ្ង​ជាក់លាក់។

មន្រ្តី​តុលាការ​ខេត្ត​ស្វាយរៀង​ដែល​បាន​បដិសេធ​នោះ គឺ​មាន​ព្រះរាជអាជ្ញា​និង​ចៅក្រម​ស៊ើបសួរ លោក ទ្បុង កេសភីរម្យ។

លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី ដែល​បាន​ចូល​ខ្លួន​ក្នុង​តុលាការ​ខេត្ត​ស្វាយរៀង នៅ​ថៃ្ង​ច័ន្ទ​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា សំណើ​របស់​លោក​សុំ​ឲ្យ​តុលាការ​ពន្យារ​ពេល​សាកសួរ​កូន​ក្តី​របស់​លោក​ទៅ​ថៃ្ង​ក្រោយ​នោះ​ត្រូវ​បាន​បដិសេធ​យ៉ាង​ដាច់ខាត។

លោក ជូង ជូងី បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ទៅ​ក្នុង​នាម​មេធាវី ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ការ​ចូល​ខ្លួន​របស់​ឯកឧត្ដម សម រង្ស៊ី ដោយ​មូលហេតុ​ថា មក​ដល់​ថ្ងៃ​នេះ​ឯកឧត្ដម សម រង្ស៊ី ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ក្រោយ​ពី​ព្រះរាជអាជ្ញា​គាត់​ពិនិត្យ​ហើយ គាត់​ឆ្លើយ​មក ចៅក្រម​ស៊ើប​អង្កេត​ក៏​បាន​ចារ​មក​លើ​ពាក្យ​សុំ​របស់​ខ្ញុំ​ថា មូលហេតុ​មិន​ត្រឹមត្រូវ ដូច្នេះ​មិន​អនុញ្ញាត​តាម​ការ​សុំ​ទេ»

សុខ សេរី ៖ តើ​លោក​ចង់​ពន្យារ​ពេល​ការ​សាកសួរ​ហ្នឹង​ទៅ​ថ្ងៃ​ណា​វិញ? ជូង ជូងី ៖ នេះ​គឺ​ខ្ញុំ​មិន​កំណត់​ទេ មិន​កម្រិត​ទេ អាស្រ័យ​ទៅ​លើ​ចៅក្រម។

ប្រតិកម្ម​ទៅ​នឹង​ការ​បដិសេធ​របស់​មន្រ្តី​តុលាការ​នោះ លោក សម រង្ស៊ី ជា​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​ដោយ​សម្ដី​ធ្ងន់ៗ​ថា តុលាការ​មិន​ឯករាជ​ឋិត​នៅ​ក្រោម​សម្ពាធ​នយោបាយ។

លោក សម រង្ស៊ី បាន​ថ្លែង​ថា ៖ «តុលាការ​មែនទែន​មិន​មែន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​មិន​មែន​នៅ​ខេត្ត​ស្វាយរៀង​ទេ។ តុលាការ​មែនទែន អ្នក​ដែល​សម្រេច​ពី​លើ​នោះ គឺ​នៅ​ទីក្រុង​ហាណូយ នៅ​ប្រទេស​វៀតណាម​ឯ​ណោះ!»

លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា តើ​លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ពេល​ណា​នោះ​ទេ​ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​ខេត្ត​ស្វាយរៀង​នោះ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ទ្បើយ​ទេ​ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ទៅ​នឹង​ការ​បរិហារ​រិះគន់​របស់​លោក សម រង្ស៊ី។ ប៉ុន្តែ​លោក ទិត សុធា ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា ជា​សម្ដី​មិន​ទទួល​ខុស​ត្រូវ​មួយ។

លោក ទិត សុធា បាន​អះអាង​ថា ៖ «ឯកឧត្ដម សម រង្ស៊ី បាន​និង​កំពុង​តែ​មាក់ងាយ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពីព្រោះ​អភិបាល​ស្រុក​ចន្ទ្រា​គឺ​ជា​ដើម​បណ្ដឹង ហើយ​រឿង​ក្ដី​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​នីតិ​វិធី​របស់​តុលាការ​ខេត្តស្វាយរៀង។ នេះ​គឺ​ជា​សម្ដី​ដោះសា និយាយ​បែប​ឡប់ឡែ គឺ​គ្មាន​ភាព​ថ្លៃថ្នូរ មិន​ស័ក្តិសម​ជា​អ្នក​ចេះ​ដឹង​ច្បាប់»

លោក សម រង្ស៊ី បាន​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ខេត្ត​ស្វាយរៀង ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ ដោយសារ​តែ​លោក​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម​លេខ​១៨៥ កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា​កន្លង​ទៅ នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្តាល ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ សប្តាហ៍​កន្លង​ទៅ​នេះ តុលាការ​ខេត្ត​ស្វាយរៀង​បាន​ចាប់​ឃុំ​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន ២​នាក់ គឺ​លោក ព្រំ ជា អាយុ ៤១​ឆ្នាំ និង​លោកស្រី មាស ស្រី អាយុ ៣៩​ឆ្នាំ ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ ដោយសារ​តែ​បាន​ចូលរួម​ក្នុង​ការ​ដក​បង្គោល​តម្រុយ​ព្រំដែន​ជាមួយ​នឹង​លោក សម រង្ស៊ី នោះ​ដែរ៕