ទាហាន​កុម្ម៉ង់ដូ​ថៃ​ព្យាយាម​រុល​ចូល​តំបន់​វាល​ឥន្ទ្រី

ប្រភព​ព័ត៌មាន​ពី​តំបន់​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា កង​ទាហាន​ខ្មែរ​បាន​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជា​ថ្មី​ខណៈ​ដែល​ទាហាន​កុម្ម៉ង់ដូ​មួក​ក្រហម​របស់​ថៃ​បាន​ព្យាយាម​ជម្រុល​ចូល​មក​ក្នុង​ខ្សែ​ត្រៀម​ទាហាន​ខ្មែរ​នៅ​វាល​ឥន្ទ្រី​ត្រង់​កន្លែង​ដែល​ធ្លាប់​ប៉ះ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​មក​ហើយ។

0:00 / 0:00

មន្ត្រី​ជំនួយការ​ប្រតិបត្តិ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ក្នុង​វរ​លេខ​៨១​ដែល​កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​តំបន់​វាល​ឥន្ទ្រី​បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ខ្មែរ​បាន​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​តាំង​តែ​ពី​ម៉ោង​១២​រំលង​អធ្រាត្រ​ថ្ងៃ​ពុធ ខណៈ​ដែល​មាន​ការផ្តល់​ដំណឹង​ថា​ទាហាន​ថៃ​បាន​ព្យាយាម​ជំរុល​ចូល​មក​ព្រំដែន​ខ្មែរ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​មាន​ទាហាន​កុម្ម៉ង់ដូ​ថៃ​ខ្លះ​បាន​ព្យាយាម​លូន​ចូល​មក​រក​ខ្សែ​ត្រៀម​ទាហាន​ខ្មែរ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ពេល​ព្រឹក​វា​លូន​មក​វាល​ឥន្ទ្រី ជាន់​មីន​តែ​អត់​ផ្ទុះ ប៉ះ​មីន​ស្អុយ ហើយ​វា​បាញ់​បួន​ដប់​គ្រាប់​ទៀត»

ចំណែក​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​កំពុង​ប្រចាំការ​នៅ​លើ​ខ្នង​ភ្នំ​ប្រាសាទ​ព្រះវិហារ​បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ថា កាលពី​វេលា​ម៉ោង​ជាង​៦​កន្លះ​ព្រឹក​ថ្ងៃ​ពុធ​មាន​កង​កុម្ម៉ង់ដូ​ថៃ​មួយ​ក្រុម​បាន​ព្យាយាម​ជំរុល​ចូល​មក​ក្នុង​តំបន់​វាល​ឥន្ទ្រី ខ្សែ​ត្រៀម​ទាហាន​ខ្មែរ ធ្វើ​ឲ្យ​កង​ទាហាន​ខ្មែរ​នៅ​តាម​ចំណុច​ព្រំដែន​ជា​ច្រើន​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជា​ថ្មី ៖ «កំពុង​តែ​តឹងតែង កំពុង​តែ​ត្រៀម​លក្ខណៈ​រៀង​ខ្លួន ពួក​ខ្ញុំ​ពួក​អី​ត្រៀម​ខ្លួន»

ក៏​ប៉ុន្តែ​ការអះអាង​របស់​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​មន្ត្រី​យោធា​ថៃ​ភ្លាមៗ​ដែរ។

វរ​សេនីយ៍​ឯក​ដែល​ជា​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ថៃ​កម្ពុជា​ប្រចាំ​ខេត្ត​ស៊ីសាកេត​ដែល​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ស្រុក​កាន់ថារ៉ាឡាក់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បដិសេធ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា ទាហាន​ថៃ​មិន​បាន​ចូល​ទៅ​តំបន់​វាល​ឥន្រ្ទី​ទេ ហើយ​ក៏​មិន​មាន​ការបាញ់​កាំភ្លើង​នៅ​ទី​នោះ​ដែរ​ដោយ​ខាង​យោធា​ថៃ​បាន​ពិនិត្យ​រក​បញ្ហា​នេះ​រួច​ហើយ ៖ "មិន​មាន​ទេ​តាម​ការត្រួត​ពិនិត្យ​រួច​រាល់​អស់​ហើយ ទាហាន​ថៃ​មិន​បាន​ចូល​ទៅ​តំបន់​វាល​ឥន្ទ្រី​ទេ ហើយ​ការបាញ់​កាំភ្លើង​ក៏​មិន​មាន​ដែរ គឺ​មាន​តែ​ទាហាន​ខ្មែរ​ប៉ុណ្ណោះ​ដែល​និយាយ​ចេញ​ព័ត៌មាន​បែប​នេះ"។

សូម​រំឭក​ថា បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​ថៃ​នៅ​តំបន់​ជា​ច្រើន​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​មក​ដល់​ពេល​នេះ​បាន​អូស​បន្លាយ​រយៈពេល​១០​ខែ​មក​ហើយ​មិន​មាន​ដំណោះស្រាយ​ប្រសើរ​ក្នុង​ការដោះស្រាយ​ជម្លោះ​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​៦​និង​ទី​៧ ខែ​មេសា​កន្លង​មក​ថ្មីៗ គណៈកម្មការ​ព្រំដែន​គោក​របស់​រាជ​រដ្ឋាភិបាល​ខ្មែរ​ថៃ​បាន​ជួប​ចរចា​គ្នា​ម្តង​ទៀត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រសើរ​បញ្ចប់​បញ្ហា​ជម្លោះ​ព្រំដែន​ដោយ​ភាគី​កម្ពុជា​បាន​ទាមទារ​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ចេញ​ពី​ទី​វត្ត​កែវសិខាគិរីស្វរៈ​តំបន់​ជុំវិញ​វត្ត​និង​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ ក៏​ប៉ុន្តែ​ភាគី​ថៃ​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការទាមទារ​របស់​កម្ពុជា​នៅ​ឡើយ​ទេ ហើយ​ថៃ​បាន​ទាមទារ​ដាក់​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​ប្រៈវិហាន​តាម​ភាសា​ថៃ​មិន​អាច​ត្រូវរ៉ូវ​គ្នា​បាន៕