ថៃ​កោះហៅ​ឯកអគ្គរាជ​ទូត​ប្រចាំ​នៅ​កម្ពុជា​ទៅ​ស្រុក​វិញ

ប្រទេស​ថៃ​បាន​កោះហៅ​ឯកអគ្គរាជ​ទូត​ខ្លួន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ក្រោយ​ពេល​កម្ពុជា​បាន​ប្រកាស​តែងតាំង​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន អេអេហ្វភី (AFP) បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​កោះហៅ​ឯកអគ្គរាជ​ទូត​តំណាង​ប្រទេស​ខ្លួន​ទៅ​ប្រទេស​ថៃ​វិញ នា​រសៀល​ថ្ងៃ​៥ វិច្ឆិកា​នេះ ក្រោយ​ពេល​ប្រទេស​កម្ពុជា​បាន​ប្រកាស​តែងតាំង​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន អេអេហ្វភី បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នាយក​រដ្ឋមន្រ្តី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​មាន​ប្រសាសន៍​ថា ការ​កោះហៅ​ទូត​ទៅ​វិញ​នេះ​ជា​ការ​ចាត់ការ​ខាង​ផ្លូវ​ទូត​ឲ្យ​ប្រទេស​កម្ពុជា​ដឹង​ថា ប្រជាពលរដ្ឋ​ថៃ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន អេអេហ្វភី បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នាយក​រដ្ឋមន្រ្តី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ចាត់ទុក​ថា ទង្វើ​របស់​ប្រទេស​កម្ពុជា​គឺ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​តុលាការ​ថៃ​និង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ថៃ។

លោក​នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំនួយ​មក​កម្ពុជា​ត្រូវ​ផ្អាក ប៉ុន្តែ​ច្រក​ឆ្លង​កាត់​ប្រទេស​ទាំង​ពីរ​នៅ​បើក​ជា​ធម្មតា។

បើ​តាម​លោក កុយ គួង មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ៖ «យើង​បាន​ទទួល​ព័ត៌មាន​តាម​បណ្ដាញ​សារ​ព័ត៌មាន​ហ្នឹង​ដែរ យើង​អត់​ទាន់​មាន​លិខិត​ផ្លូវ​ការ​ពី​ភាគី​ថៃ បង្ហាញ​ទេ។ ខ្ញុំ​អត់​បាន​ជ្រាប​ទេ​មក​ដល់​ពេល​នេះ អត់​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ផង។ ជា​ទូទៅ​គេ​ត្រូវ​ជូន​ដំណឹង​ឲ្យ​យើង​ដឹង​ពី​មូលហេតុ ហើយ​និង​កាល​បរិច្ឆេទ​ដែល​ត្រូវ​ដក។ នេះ​គេ​ហៅ​ថា Recall​ (ហៅ​ត្រឡប់​មក​វិញ) ហើយ​ខ្ញុំ​បាន​ទទួល​តាម​បណ្ដាញ​សារ​ព័ត៌មាន​នានា​ដែរ​ទេ គេ​ថា នេះ​គ្រាន់​តែ Recall ហើយ​ជា​វិធានការ​ទី​១​ផ្នែក​ការ​ទូត ហើយ​គេ​បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​សារ​ព័ត៌មាន​ហ្នឹង​ទៀត​ថា ទំនាក់​ទំនង​ប្រជាជន ក៏​ដូច​ជា​តំបន់​ឆ្លងកាត់​ព្រំដែន​នៅ​រក្សា​ដដែល​ទេ»