ជនជាតិថៃរូបនេះធ្លាប់ត្រូវចាប់ម្តងហើយ តែបានត្រូវបញ្ជូនទៅថៃវិញ។
កងរក្សាព្រំដែនខ្មែរនៅតំបន់ច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអះអាងថា គេបានចាប់ខ្លួនបុរសជនជាតិថៃម្នាក់ដែលក្នុងដៃមានគ្រាប់មីន ហើយព្យាយាមលួចចូលមកក្នុងព្រំដែនខ្មែរ។
មន្ត្រីយោធាព្រំដែនខ្មែរមួយរូបដែលសុំមិនបញ្ចេញឈ្មោះប្រចាំកងល្បាតទី៣ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ថា បុរសជនជាតិថៃឈ្មោះ ស៊ុផាប វង្សប្រៈ អាយុប្រមាណ៣៩ឆ្នាំ ត្រូវកងល្បាតរបស់លោកចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ដោយសារជននោះមានកាន់គ្រាប់មីនប្រភេទ៦៩មួយគ្រាប់នៅជាប់នឹងដៃ ហើយបានព្យាយាមលួចចូលទៅក្បែរបន្ទាយទាហានខ្មែរនៅតំបន់ចម្ការស្វាយរបស់អតីតមេខ្មែរក្រហមតាម៉ុក ជិតតំបន់ប៉ោយតារួន លើខ្នងភ្នំដងរែក។
មន្ត្រីយោធាដដែលបាននិយាយថា គេនៅសង្ស័យថា បុរសជនជាតិថៃម្នាក់នោះអាចលួចចូលមកដាក់គ្រាប់មីនដើម្បីបង្កឲ្យមានគ្រោះថ្នាក់ក្នុងទឹកដីខ្មែរ ហើយកងល្បាតកំពុងរុករកខ្លាចក្រែងមានគ្រាប់មីនផ្សេងទៀតដែលជននោះអាចលាក់ទុក ៖ «ចាប់បានល្ងាចម៉ោង ៥ និង ៣០នាទី។ វាចូលមកចម្ងាយប្រហែល ៥០ម៉ែត្រ ពីបន្ទាយខ្មែរ... ក្នុងទឹកដីយើង។ មាន ៦៩មួយគ្រាប់ ហើយផ្សេងៗទៀត មិនដឹងជានៅកន្លែងណាសួរអត់ចេញ»។
តាមកងរក្សាព្រំដែនខ្មែរបានឲ្យដឹងទៀតថា ជនជាតិថៃម្នាក់នោះមិនដឹងច្បាស់ពីមុខងាររបស់គេពិតប្រាកដនៅឡើយដោយតាមរយៈសាកសួរគេបានឆ្លើយម្តងថា ធ្វើទាហានឈុតខ្មៅនិងម្តងថា ជាប្រជាពលរដ្ឋ។
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកជាំសាង៉ាំ លោកវរសេនីយ៍ទោ តូច រ៉ា បានមានប្រសាសន៍ថា បុរសជនជាតិថៃម្នាក់នោះកំពុងស្ថិតក្នុងការសាកសួរនៅឡើយ ដោយត្រូវរង់ចាំការសម្រេចបញ្ជាពីថ្នាក់លើថា ត្រូវបញ្ជូនត្រឡប់ទៅប្រទេសរបស់គេវិញឬយ៉ាងណានោះ។
លោក តូច រ៉ា បានមានប្រសាសន៍ទៀតថា បុរសជនជាតិថៃឈ្មោះ ស៊ុផាប នេះ បានលបលួចចូលព្រំដែនខ្មែរចំនួន ២លើកមកហើយ នៅក្នុងខែកុម្ភៈ ដោយលើកមុនបានបញ្ជូនត្រឡប់ទៅវិញ។
លោក តូច រ៉ា មានប្រសាសន៍ដូច្នេះថា ៖ «នៅយើងនៅឡើយ។ យើងកំពុងតែសួរសិន សួរហើយចាំជម្រាបទៅថ្នាក់លើ ឲ្យថ្នាក់លើឲ្យយោបល់យ៉ាងម៉េចបានយើងគិតតាមហ្នឹង ព្រោះ ស៊ុផាប ហ្នឹង ប្រមាណបួនដប់ថ្ងៃមុន កងល្បាតភាគីយើងចាប់បានដែរ កាលហ្នុងវាមកដុតព្រៃដុតអីហ្នឹង យើងចាប់បានម្ដង ហើយយើងបញ្ជូនវិញដែរ នេះលើកទី២ហើយដែលមកនេះ»។
ទោះយ៉ាងណានៅថ្ងៃអាទិត្យនេះ មិនអាចទំនាក់ទំនងមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាដើម្បីសុំប្រតិកម្មបញ្ហានេះបានទេ។
មន្ត្រីការពារព្រំដែនខ្មែរខេត្តឧត្តមានជ័យ បានឲ្យដឹងថា កងទាហានខ្មែរបានបង្កើនការដើរល្បាតនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃបន្ថែមទៀត ដោយសារក្នុងអំឡុងចុងខែកុម្ភៈនេះ គេសម្គាល់ឃើញបុរសជនជាតិថៃជាញឹកញាប់ដែលធ្វើជារបៀបវងេ្វងផ្លូវហើយចូលមកក្នុងតំបន់ព្រំដែនខ្មែរជិតៗកន្លែងទាហានខ្មែរបោះទីតាំងនៅ។
តាមមន្ត្រីយោធាឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងមក បុរសជនជាតិថៃមា្នក់បានចូលព្រំដែនខ្មែរនៅតំបន់ថ្គាមរមាសក្រោម អតីតជំរំជនភៀសខ្លួនតាទុំ ដោយជនជាតិថៃរូបនោះថា វង្វេងផ្លូវ ហើយកងព្រំដែនខ្មែរបានចាប់បញ្ជូនទៅខេត្តសុរិន្ទវិញ៕