មន្ត្រីយោធាផ្នែកព័ត៌មាននៃកងទ័ពភូមិភាគទី២របស់ថៃ លោកវរសេនីយ៍ វិជិត ម៉ាការុន បានប្រាប់វិទ្យុអាស៊ីសេរីថា ទាហានឈុតខ្មៅថៃមួយរូប ឈ្មោះ វីរ៉ាយុត កាន់សាន បានបាត់បង់ជីវិតភ្លាមៗ ដោយសារការដើរជាន់គ្រាប់មីនដែលបង្កប់ទុកក្នុងដីនៅតំបន់ភូម៉ាក់ខឿ ភាគខាងលិចប្រាសាទព្រះវិហារ។
ប្រភពបន្តថា ការផ្ទុះមីននោះកើតឡើងនៅខណៈដែលទាហានថៃរូបនោះកំពុងដើរល្បាតនៅតំបន់ភូម៉ាខឿ ដែលកម្ពុជាហៅថាតំបន់ភ្នំទ្រព្យ ប៉ុន្តែប្រភពនៅមិនទាន់អាចបញ្ជាក់អំពីប្រភេទនៃគ្រាប់មីននោះបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិត ចារុងវ៉ាត់ បានមានប្រសាសន៍ថា ការផ្ទុះគ្រាប់មីននោះកើតឡើងនៅតំបន់ប្រយុទ្ធគ្នារវាងទាហានខ្មែរក្រហមនិងទាហានវៀតណាម ដែលគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញ កាលក្នុងសង្រ្គាមស៊ីវិលកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៨០។
ទោះជាយ៉ាងនេះក្តី លោកបានព្រលយសម្ដីថា វាក៏អាចជាលទ្ធភាពមួយ ដែលគេទើបតែនឹងយកគ្រាប់មីននោះមកដាក់បង្កប់ក្នុងពេលថ្មីៗនេះផងដែរ។
គេនៅមិនទាន់ឃើញមានការអះអាងពីប្រភពកងទ័ពកម្ពុជាអំពីទីតាំងដែលទាហានថៃបានដើរជាន់គ្រាប់មីននោះថា នៅត្រង់ចំណុចណានៅឡើយទេ ប៉ុន្តែគេគ្រាន់តែដឹងថា តំបន់ដែលថៃហៅថា ភូម៉ាក់ខឿនោះ គឺឈ្មោះតំបន់ភ្នំទ្រព្យ ស្ថិតក្នុងទឹកដីរបស់កម្ពុជា។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅនេះ ទាហានថៃពីរនាក់បានរងរបួសដោយសារការដើរជាន់មីននៅតំបន់ព្រលានឥន្ទ្រី ចម្ងាយប្រហែល៣គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ៕