ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​នៅ​តំបន់​ខ្នង​ភ្នំ​ដងរែក

មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​​​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នៅ​ជាប់​ព្រំដែន​ខ្មែរ-​ថៃ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​២៥​នាក់​ដែល​បាន​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​​ដី​ថៃ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​លើ​តំបន់​ខ្នង​ភ្នំ​ដង​រែក​កាល​ពី​ព្រឹក​ថ្ងៃ​១៩ ធ្នូ​កន្លង​ទៅ។

0:00 / 0:00

អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ លោក កែវ ប៉ាន់ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ធ្នូ ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ផន សារិទ្ធិ អាយុ​៣៧​ឆ្នាំ ជា​អ្នក​ចំណាក​ស្រុក​មក​ស្នាក់​នៅ​ភូមិជ្រៃ ឃុំ​ត្រពាំងប្រាសាទ ត្រូវ​ទាហាន​ថៃ​នៃ​ស្រុក​ខាន់ថារៈឡាក់ ខេត្ត​ស៊ីសាកេត បាញ់​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​ធ្នូ នៅ​តំបន់​ខ្នង​ភ្នំ​ដងរែក ជាប់​ភូមិ​សាស្ត្រ​នៃ​ឃុំ​ត្រពាំងស្វាយ ខណៈ​ដែល​អ្នក​ភូមិ​នាំ​គ្នា​ចំនួន​២៥​នាក់​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ​ដើម្បី​កាប់​ឈើ។ ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ទើប​តែ​ទៅ​យក​សាកសព​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ធ្នូ។

លោក កែវ ប៉ាន់ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​ខ្នង​ភ្នំ​ដង​រែក កន្លែង​ហ្នឹង​គ្មាន​ភូមិ​គ្មាន​អី​ទេ គឺ​ទៅ​រក​ឈើ​ព្រៃ​ហ្នឹង។ ក្រុម​គ្រួសារ​ឡើង​ទៅ​ទទួល​យក តែ​អត់​ទាន់​ដល់​ផ្ទះ​ទេ តែ​យក​ចេញ​មក​ផុត​ហើយ»

អភិបាល​ស្រុក​ត្រពាំងប្រាសាទ លោក វណ្ណ កុសល បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​ខិតខំ​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​កុំ​ឲ្យ​ឆ្លង​ដែន​ទៅ​ប្រកប​របរ​ក្នុង​ទឹក​ដី​ថៃ​ជៀសវាង​គ្រោះថ្នាក់ ក៏​ប៉ុន្តែ​ដោយសារ​បញ្ហា​អត់​ឃ្លាន ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​តែ​ប្រថុយ​ផ្សង​នឹង​គ្រោះថ្នាក់​​ឆ្លង​ដែន​ដដែល ហើយ​មួយ​ចំនួន​គឺ​ជា​អ្នក​ចំណាក​ស្រុក​ពី​ទី​ឆ្ងាយ​មក​ប្រកប​របរ​នៅ​ទីនោះ។ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គេ​នឹង​ចាប់​ផ្តើម​រឹត​បន្តឹង​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ឆ្លង​ដែន​ទៅ​រក​ស៊ី​ក្នុង​ទឹក​ដី​ថៃ​ទៀត​ទេ។

លោក វណ្ណ កុសល មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រំ​ប្រទល់ គាត់​ចេះ​តែ​ចេញ​ចូល។ យើង​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​គាត់​ជា​បន្ត​បន្ទាប់។ ចាប់​ផ្តើម​រឹត​បន្តឹង​ថែម​ទៀត​ហើយ ព្រោះ​បង​ប្អូន​ដែល​មក​នេះ​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​មូលដ្ឋាន​ប៉ុន្មាន​ទេ ច្រើន​តែ​អ្នក​រក​ស៊ី​ចំណាក​ស្រុក​មក​​មួយ​ថ្ងៃ​ពីរ​ថ្ងៃ»

អាជ្ញាធរ​ស្រុក​ត្រពាំងប្រាសាទ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពីរ​សប្តាហ៍​មុន​រហូត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៣​ហើយ​នាក់​ត្រូវ​ទាហាន​ថៃ នៃ​ស្រុក​ខាន់ថារៈឡាក់ ខេត្ត​ស៊ីសាកេត បាញ់​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស ដែល​ក្រុម​គ្រួសារ​ទើប​រក​ឃើញ​នៅ​រស់​កាល​ពី​ពេល​ថ្មីៗ។

ចាប់​តាំង​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០០៩ រហូត​មក​ដល់​ពេល​នេះ នៅ​ខេត្ត​ឧត្តរមានជ័យ ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ បាន​កើន​ឡើង​ដល់​៦​នាក់ ចំណែក​២​នាក់​ទៀត​បាន​រង​របួស​និង​ម្នាក់​ទៀត​ត្រូវ​ទាហាន​ថៃ​នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ ចាប់​យក​ទៅ​កាត់​ទោស​មិន​ទាន់​ដោះ​លែង​នៅ​ឡើយ៕