មន្ត្រី​យោធា​ខ្មែរ៖ ថៃ​ស្នើ​សុំ​ដើរ​ល្បាត​រួម​គ្នា​នៅ​តាម​ព្រំ​ដែន​ដែល​កំពុង​មាន​ជម្លោះ

មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​កងទ័ព​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ មេ​បញ្ជាការ​យោធា​ថៃ​បាន​ស្នើ​សុំ​មក​មេ​បញ្ជាការ​យោធា​ខ្មែរ​ដើម្បី​ឲ្យ​កង​ទ័ព​ខ្មែរ​-ថៃ បាន​ដើរ​ល្បាត​រួម​គ្នា​នៅ​តាម​តំបន់​ព្រំដែន​មួយ​ចំនួន​ដែល​ទ័ព​ថៃ​កំពុង​ចូល​បោះ​ទីតាំង​ខុស​ច្បាប់។

0:00 / 0:00

អគ្គ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ដែល​គ្រប់គ្រង​កង​យោធា​ខ្មែរ​នៅ​តាម​តំបន់​ថៃ​ចូល​បោះ​ទីតាំង​ខុស​ច្បាប់​ជិត​ប្រាសាទ​ព្រះវិហារ លោក​ឧត្តម​សេនីយ៍​ឯក ជា តារា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​កក្កដា ថា ការ​ជួប​ប្រជុំ​រវាង​មេ​បញ្ជាការ​យោធា​ខ្មែរ​និង​មេ​បញ្ជាការ​កង​ពល​ទី​៦ ស៊ូរ៉ាក់​ណារី របស់​ថៃ កាល​ពី​ពេល​ថ្មីៗ​គឺ​ថៃ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដើរ​ល្បាត​រួម​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​នៅ​តាម​តំបន់​ព្រំដែន​មួយ​ចំនួន​ដែល​ទ័ព​ថៃ​កំពុង​ចូល​បោះ​ទីតាំង​ខុស​ច្បាប់​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ​ចាប់​ពី​តំបន់​ច្រក​តា​សឹម​រហូត​ដល់​ខ្នង​ភ្នំ​ចាក់​ច្រែង។

លោក​ឧត្តម​សេនីយ៍​ឯក ជា តារា បាន​មាន​ប្រសាសន៍​ទៀត​ថា មេ​បញ្ជាការ​យោធា​ខ្មែរ​ប្រចាំ​តំបន់​នោះ​បាន​ទទួល​យក​សំណើ​របស់​មេ​បញ្ជាការ​យោធា​ថៃ​នោះ ក៏​ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ត្រូវ​កំណត់​គឺ​ការ​ដើរ​ល្បាត​រួម​គ្នា​នោះ​នឹង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​និង​ក៏​មិន​ឲ្យ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ដែរ គឺ​អាច​ដើរ​ល្បាត​បាន​តែ​តំបន់​ណា​ដែល​ជា​ចន្លោះ​កណ្តាល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​កំណត់​បាន​ថា​តំបន់​ណា​ដែល​អាច​ដើរ​ល្បាត​បាន​នៅ​ឡើយ​ទេ។

លោក​ឧត្តម​សេនីយ៍​ឯក ជា តារា ថ្លែង​ដូច្នេះ​ថា ៖ «ចាំ​មើល​ការ​កំណត់​ការ​ល្បាត ល្បាត​នៅ​ត្រង់​ណា ពី​ណា​ទៅ​ណា ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប...»

ទាក់ទិន​នឹង​តំបន់​ព្រំដែន​លើ​ខ្នង​ភ្នំ​ចាក់ច្រែង មេ​បញ្ជាការ​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា គេ​បាន​កំណត់​ឲ្យ​ទាហាន​ថៃ ដែល​បាន​ចូល​មក​បោះ​ទីតាំង​ខុស​ច្បាប់​នោះ លុប​ចោល​លេណដ្ឋាន​ទាំង​អស់​ហើយ។

ទោះ​យ៉ាង​ណា​នៅ​ថ្ងៃ​ច័ន្ទ​នេះ មិន​អាច​ទំនាក់​ទំនង​មេ​បញ្ជាការ​យោធា​ថៃ​ណា​មួយ​ដើម្បី​ពន្យល់​បញ្ហា​នោះ​បាន​ទេ។

ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​-ថៃ​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ថៃ​បាន​បញ្ជូន​កងទ័ព​រាប់​រយ​នាក់​ចូល​មក​ក្នុង​ទី​វត្ត​ខ្មែរ​កែវ​សិខា​គិរី​ស្វរៈ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ដោយ​តាម​រយៈ​ការទូត​កន្លង​មក មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រឹង​ប្រែង​រក​ដំណោះ​ស្រាយ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ជួប​ចរចា​គ្នា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថៃ​ជា​ច្រើន​លើក ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ប្រសើរ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ប្រធាន​គណៈកម្មាធិការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​-ថៃ​មិន​មាន​គម្រោង​ជួប​ចរចា​ណា​មួយ​ជុំវិញ​បញ្ហា​វិបត្តិ​ព្រំដែន​ទៀត​ទេ ដោយសារ​តែ​នៅ​រង់ចាំ​ការ​បញ្ជាក់​ពី​ភាគី​ថៃ ៖ «អត់​ទាន់​មាន​ទេ​រហូត​មក​ដល់​ពេល​នេះ យើង​ចាំ​ការ​បញ្ជាក់​ពី​ថៃ​ម្ដង​ទៀត»

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ថៃ​បាន​បញ្ជូន​កងទ័ព​ចូល​មក​ក្នុង​ទី​វត្ត​កែវ​សិខា​គិរី​ស្វរៈ នា​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០០៩​នេះ មាន​រយៈ​ពេល​មួយ​ឆ្នាំ និង ៥​ថ្ងៃ​មក​ហើយ ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ចំនួន​៣​លើក​មក​ហើយ បណ្តាល​ឲ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់​និង​រង​របួស​មួយ​ចំនួន៕