ថៃ​ដក​កងទ័ព​ជាង​១​ពាន់​នាក់​ចេញ​ពី​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ

នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​តុលា​នេះ កងទ័ព​ថៃ​នៅ​ខ្សែ​ប្រយុទ្ធ​ទី​២ ចំនួន​ជាង ១​ពាន់​នាក់ បាន​ដក​ចេញ​ពី​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ ខណៈ​ដែល​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្រុង​ប្រ៊ូសែល ប្រទេស​ប៊ែលហ្សិក។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ និង​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​តុលា បាន​ស្វាគមន៍​ការ​ដក​កងទ័ព​របស់​ថៃ នៅ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ ដោយ​មន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា ការ​ដក​ទ័ព​របស់​ភាគី​ថៃ នឹង​អាច​ជំរុញ​ឲ្យ​កម្ពុជា និង​ថៃ អាច​បន្ត​ការ​ចរចា​ទ្វេ​ភាគី ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ដែល​បាន​អូស​បន្លាយ​ជាង​ពីរ​ឆ្នាំ​មក​ហើយ។

ឧត្ដមសេនីយ៍​ផ្កាយ​៤ ជា តារា អគ្គបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ទទួល​បន្ទុក​ការពារ​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​អង្គារ​ ទី​៥ ខែ​តុលា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា កងទ័ព​ថៃ នៅ​ខ្សែ​ប្រយុទ្ធ​ទីពីរ​ចំនួន​ជាង ១​ពាន់​នាក់ បាន​ដក​ចេញ​ពី​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​អង្គារ។

លោក ជា តារា បន្ត​ទៀត​ថា តាំង​ពី​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajeva) កាល​ទី​ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក​មក កងទ័ព​កម្ពុជា និង​ថៃ នៅ​ក្នុង​តំបន់​ជម្លោះ​ព្រំដែន បាន​ឈប់​ប្រឈម​មុខ​ដាក់​គ្នា ហើយ​បាន​រួបរួម​គ្នា​បង្កើត​បរិយាកាស​ស្និទ្ធស្នាល​ដោយ​បាន​បរិភោគ​បាយ​ជាមួយ​គ្នា។

ការ​ដក​កងទ័ព​របស់​ថៃ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ហ៊ុន សែន និង​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ជួប​គ្នា នៅ​ក្នុង​ទីក្រុង​ប្រ៊ូសែល (Brussels) ប្រទេស​ប៊ែលហ្សិក (Belgium) នៅ​ក្រៅ​មហា​សន្និបាត​អាស៊ី-​អឺរ៉ុប (ASEM) ដោយ​បាន​ផ្ដោត​លើ​ការ​ស្វែង​រក​ដោះស្រាយ​លើ​បញ្ហា​ផ្សេងៗ ដូច​ជា បញ្ហា​សម្រួល​កង​កម្លាំង​ទ័ព​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ និង​ការ​ស្ដារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ជា តារា បាន​ឲ្យ​ដឹង​ថា ថៃ​នៅ​តែ​រក្សា​ទុក​កងទ័ព​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន ហើយ​និង​កងទ័ព​ថៃ ដែល​លោក​ហៅ​ថា ជា​កងទ័ព​ឈ្លាន​ពាន​ចំនួន ១០​នាក់ នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ​របស់​កម្ពុជា ដែល​មាន​ទីតាំង​​​ប្រមាណ​ជាង ៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ប្រាសាទ​ព្រះវិហារ។ លោក​ថា ប្រសិន​បើ​កងទ័ព​ថៃ ដក​កងទ័ព​ខ្លួន​ចំនួន ១០​នាក់​នេះ​ទៀត ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ។

លោក ជា តារា មាន​ប្រសាសន៍​បន្ថែម​ថា ៖ «កងទ័ព​របស់​ថៃ យើង​ឃើញ​ថា គាត់​មាន​ជំហរ​ល្អ​ណាស់។ ឥឡូវ​នេះ​គឺ​មាន​ភាព​ធូរ​ស្រាល គាត់​បាន​ដក​កម្លាំង​ខ្សែ​ត្រៀម​ទី​២ ដើម្បី​ទៅ​ក្រោយ​វិញ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​នៅ​ចំណុច​មួយៗ​មាន​ការ​ជួប​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​តុលា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ដក​កងទ័ព​របស់​ថៃ នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា និង​ថៃ អាច​បន្ត​ការ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​បាន បើ​ទោះ​បី​ជា​កន្លង​មក​កម្ពុជា ធ្លាប់​បាន​ស្នើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ និង​សមាគម​អាស៊ាន ជួយ​សម្របសម្រួល​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ក៏ដោយ។

លោក កុយ គួង បន្ថែម​ទៀត​ថា កម្ពុជា​កំពុង​រង់ចាំ​សភា​របស់​ថៃ ធ្វើការ​អនុម័ត​លទ្ធផល​នៃ​កិច្ច​ចរចា​ព្រំដែន​ចំនួន​បី​ជា​មុន​សិន មុន​នឹង​បន្ត​ការ​ចរចា​បន្ថែម​ទៀត ៖ «បញ្ហា​នេះ គឺ​ជា​សញ្ញា​មួយ​ដ៏​ល្អ​នៃ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​ប្រឈម​ផ្នែក​យោធា​ធូរ​ស្បើយ ដូច្នេះ​ឈាន​ទៅ​មុខ ការ​ដោះស្រាយ​សន្តិវិធី​កាន់​តែ​មាន​លក្ខណៈ​ឈាន​ទៅ​មុខ​បាន»

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា លោក ហ៊ុន សែន បាន​អះអាង​ថា ក្រោយ​ពី​លោក​បាន​ជួប​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ លោក​បាន​ទទួល​ការ​សន្យា​អំពី​ការ​ផ្ដល់​សច្ចាប័ន​ពី​សភា​ថៃ ក្រោយ​ពី​មាន​ការ​ចរចា​អំពី​ជម្លោះ​ខ្មែរ-​ថៃ ចំនួន ៣​លើក​កន្លង​មក​នេះ។

លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា លោក​មិន​បាន​ទុក​ចោល​ចំពោះ​ការ​ប្ដឹង​ទៅ​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​លោក​បាន​ជ្រើស​រើស​នូវ​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ថៃ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ទំនាស់​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-​ថៃ បន្ថែម​ទៀត ប្រយោជន៍​ដើម្បី​អភិវឌ្ឍន៍​តំបន់​ទល់​ដែន។

មន្ត្រី​វិភាគ​នយោបាយ​ធ្លាប់​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា រួច​ហើយ មិន​ឲ្យ​កម្ពុជា បន្ត​កិច្ច​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ ពីព្រោះ​ការ​ចរចា​កន្លង​មក​វា​គ្មាន​លទ្ធផល​អ្វី​ទាំង​អស់ ដោយ​ភាគី​ថៃ គ្មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី​នោះ​ទ។ ប៉ុន្តែ​លោក កុយ គួង មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​មិន​បោះ​បង់​ចោល​ការ​សម្រុះសម្រួល​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ទេ។ កម្ពុជា​នឹង​បន្ត​ការ​ចរចា​ទ្វេ​ភាគី ហើយ​ប្រសិន​ការ​ចរចា​នេះ​គ្មាន​លទ្ធផល កម្ពុជា​នឹង​បន្ត​ទៅ​ដល់​ការ​ចរចា​ជា​លក្ខណៈ​ពហុ​ភាគី។

ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ កើត​ឡើង​ដោយសារ​ថៃ បាន​អះអាង​ដោយ​សំអាង​ពី​ការ​គូស​ផែនទី​ដោយ​ឯកតោ​ភាគី​ថា តំបន់ ៤,៦​គីឡូម៉ែត្រ​ការ៉េ​ជា​ទឹក​ដី​របស់​ខ្លួន ប៉ុន្តែ​កម្ពុជា ប្រកាស​ថា គ្មាន​តំបន់ ៤,៦​គីឡូម៉ែត្រ​ការ៉េ ដូច​ជា​ការ​លើក​ឡើង​របស់​ថៃ​នោះ​ទេ។

សង្គ្រាម​ពាក្យ​សម្ដី​រវាង​កម្ពុជា និង​ថៃ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្តង​ទៀត កាល​ពី​ចុង​ខែ​កក្កដា ក្រោយ​ពេល​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ទទួល​យក​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ខ្មែរ។ ថៃ​បាន​ជំទាស់​ទៅ​នឹង​ការ​ទទួល​យក​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដោយ​ខ្លួន​ខ្លាច​កម្ពុជា ដាក់​បញ្ចូល​ដី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ៤,៦​គីឡូម៉ែត្រ​ក្រឡា ក្នុង​ផែនការ​គ្រប់គ្រង​នោះ៕