ថៃ​លួច​បង្ខិត​ព្រំដែន​រំលោភ​ចូល​ទឹក​ដី​ខ្មែរ​នៅ​ខែត្រ​បាត់ដំបង

ប៉ូលិស​ការពារ​ព្រំដែន​នៅ​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ថៃ​បាន​លួច​បង្ខិត​ព្រំដែន​របស់​ខ្លួន​រំលោភ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​ស្រុក​ភ្នំព្រឹក​ជាប់​នឹង​ស្រុក​ខ្លងហាត​របស់​ថៃ។

0:00 / 0:00

ស្តីពី​បញ្ហា​នេះ​ប្រធាន​គណៈកម្មការ​ព្រំដែន​របស់​រដ្ឋាភិបាល​ខ្មែរ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​កង​កម្លាំង​រាយការណ៍​បញ្ហា​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​និង​គណៈកម្មការ​របស់​លោក។

កង​កម្លាំង​ការពារ​ព្រំដែន​បាន​ថ្លែង​ថា ភាគី​ថៃ​បាន​បង្ខិត​បង្គោល​ព្រំដែន​ចូល​លើ​ទឹក​ដី​កម្ពុជា​នៅ​ចំណុច​ភ្នំ​តាលួស​និង​ចំណុច​ភ្នំ​បើកត្បាល់​ក្នុង​ភូមិសាស្រ្ត​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ជាប់​ស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ​ថៃ។

ការអះអាង​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ​បាន​ប្រើ​ផែនទី​ប្រទេស​កម្ពុជា​ធ្វើការ​ប្រៀបធៀប​ជាមួយ​ផែនទី​ឯកតោ​ភាគី​ថៃ ហើយ​រក​ឃើញ​ថា​ថៃ​បាន​បង្ខិត​បង្គោល​ព្រំដែន​ចូល​លើ​ទឹក​ដី​ខ្មែរ។

មេ​បញ្ជាការ​វរសេនា​តូច​ការពារ​ព្រំដែន​៨១៧ លោក ស្រី សុខុន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ខែ​មីនា ថា កម្លាំង​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រើបា្រស់​ផែនទី​កម្ពុជា ឆ្នាំ​១៩៦១ ពិនិត្យ​មើល​រក​ឃើញ​ថា ភាគី​ថៃ​បាន​បង្ខិត​បង្គោល​ព្រំដែន​ចូល​លើ​ទឹក​ដី​ខ្មែរ មាន​កន្លែង​ខ្លះ​ចូល​៤០​ម៉ែត្រ កន្លែង​ខ្លះ​ចូល​៧០​ម៉ែត្រ និង​កន្លែង​ខ្លះ​ទៀត​ចូល​១៥០​ម៉ែត្រ នៅ​ភូមិសាស្រ្ត​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

លោក ស្រី សុខុន បាន​ឲ្យ​ដឹង​ថា ៖ «កន្លែង​ហ្នឹង​គឺ​ថា​យើង​ប្រៀបធៀប​ផែនទី​របស់​យើង​ឆ្នាំ​១៩៦១ ហើយ​និង​ប្រៀបធៀប​ផែនទី​ឯកតោ​ភាគី​របស់​គាត់ ដល់​យើង​យក​ផែនទី​ហ្នឹង​ប្រៀបធៀប​គ្នា អ៊ីចឹង​វា​ខុស​គ្នា នៅ​ភ្នំ​តាលួស​បើក​ត្បាល់​វា​ជា​ទឹក​ដី​របស់​កម្ពុជា ប៉ុន្តែ​ការប្រៀបធៀប​ផន់​គាត់​ហ្នឹង​ឃើញ​ថា គាត់​ជ្រុល​ចូល​មក​ខាង​ដី​យើង»

អភិបាល​រង​ខេត្ត​បាត់ដំបង លោក សៀង ស៊ុតថង បាន​ថ្លែង​ថា បញ្ហា​ខាង​លើ​នេះ​បាន​កើត​មាន​ឡើង​តំាងពី​សម័យ​កម្ពុជា​ធ្វើ​សមាហរណកម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​នា​អំឡុង​ឆ្នាំ​១៩៩៦ តែ​អាជ្ញាធរ​ខេត្ត​មិន​ដែល​បាន​ផ្ទៀងផ្ទាត់​ផែនទី​ទេ ប៉ុន្តែ​ខាង​យោធភូមិភាគ​៥​ជា​អ្នក​ធ្វើ​កិច្ចការ​នេះ។

លោក​បន្ត​ថា តាម​ព័ត៌មាន​ពី​យោធភូមិភាគ​ទី​៥​គឺ​បាន​រក​ឃើញ​ថា មាន​បង្គោល​ព្រំដែន​ខ្លះ​ក្នុង​ខេត្ត​បាត់ដំបង​ជាប់​ប្រទេស​ថៃ​ត្រូវ​បាន​គេ​លួច​រំកិល ៖ «សន្និដ្ឋាន​ថា​មាន​ការកាប់ មាន​ការលើក​រំកិល»

លោក​អភិបាល​រង​ខេត្ត​បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​អាច​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​បាន​ទេ គឺ​មាន​តែ​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​ដោះស្រាយ​ជាមួយ​ប្រទេស​ថៃ​បាន។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ។ លោក​បាន​បន្ត​ថា កង​កម្លាំង​ការពារ​ព្រំដែន​និង​អាជ្ញាធរ​ខេត្ត​គួរ​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​និង​គណៈកម្មាធិការ​ព្រំដែន​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ ៖ «សុំ​ឲ្យ​ខាង​ព្រំដែន​ដឹង​ផង បាន​ជួយ​ដោះស្រាយ»

យោង​តាម​របាយការណ៍​វរសេនា​តូច​ការពារ​ព្រំដែន​៨១៧​បាន​បញ្ជាក់​ថា ថៃ​បាន​បង្ខិត​បង្គោល​ព្រំដែន​តាម​បន្ទាត់​ផ្តេក​ចាប់​ពី​ខាង​កើត​មាន​កន្លែង​ខ្លះ​រំលោភ​ចូល​៤០​ម៉ែត្រ កន្លែង​ខ្លះ​៧០​ម៉ែត្រ និង​កន្លែង​ខ្លះ​ទៀត​១៥០​ម៉ែត្រ គិត​បន្ទាត់​បញ្ឈរ​ពី​ខាង​ជើង​ទៅ​ត្បូង​មាន​ប្រវែង​៣២៥០​ម៉ែត្រ​ចូល​មក​លើ​ទឹក​ដី​ខ្មែរ ហើយ​ថៃ​បាន​ធ្វើ​ផ្លូវ​កៅស៊ូ​កាត់​លើ​ទឹក​ដី​ខ្មែរ​នៅ​ចំណុច​ភ្នំ​តាលួស​និង​ភ្នំ​បើក​ត្បាល់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ជាប់​ស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ​ថៃ។

គួរ​បញ្ជាក់​ថា ក្នុង​ខេត្ត​បាត់ដំបង​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្ត​បី​របស់​ថៃ គឺ​ខេត្ត​ស្រះកែវ ខេត្ត​ត្រាត និង​ខេត្ត​ចាន់បូរី៕