ចៅក្រមជម្រះក្ដី លោក សំរិទ្ធិ សុផល បានប្រកាសលើកពេលសវនាការនេះទៅថ្ងៃក្រោយទៀត ដោយគ្មានថ្ងៃកំណត់ ដោយសារតែនិពន្ធនាយកនៃកាសែត ឌឹ ឃែមបូឌា ដេលី លោក ខេវីន ដូល (Kevin Doyle) មិនបានមកចូលរួមសវនាការ និងគ្មានមេធាវីការពារក្ដី គឺមានតែអ្នកយកព័ត៌មានម្នាក់ គឺលោក នៅ វណ្ណារិន្ទ ដែលបានមកចូលរួមក្នុងសវនាការនេះ។
កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០០៩ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក ខេវីន ដូល និងលោក នៅ វណ្ណារិន្ទ ឲ្យបង់សំណងជំងឺចិត្តម្នាក់ៗ ៤ លានរៀល ស្មើនឹង ១.០០០ ដុល្លារអាមេរិក ដោយសារតែកាសែតនេះ បានចេញផ្សាយអត្ថបទមួយ ដោយដកស្រង់សំដីរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺលោក ហូ វ៉ាន់ ដែលបានរិះគន់ថា ឧត្ដមសេនីយ៍យោធាចំនួន ២២ នាក់ ដែលបានបញ្ចប់ការសិក្សាផ្នែកយោធាជាន់ខ្ពស់ នៅក្នុងប្រទេសវៀតណាម គឺសញ្ញាប័ត្រនោះ គឺគ្មានតម្លៃ។
ក្រោយមកចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ីន វិសាល បានសម្រេចលើកលែងការចោទប្រកាន់លោក ហូ វ៉ាន់ បន្ទាប់ពីមានការកែតម្រូវដោយលោក ហូវ៉ាន់ លើទំព័រកាសែត
ឌឹ ឃែមបូឌា ដេលី នោះ៕