ថៃ​ចង់​ដោះដូរ​ជន​សង្ស័យ​ខ្មែរ​និង​អ្នក​ទោស​អាវ​លឿង​របស់​គេ

ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ម្នាក់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ កាល​ពី​ថ្ងៃ​សៅរ៍​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​មាន​បំណង​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជន​សង្ស័យ​ខ្មែរ និង​សកម្មជន​ក្រុម​អាវ​លឿង​ថៃ​ចំនួន​ពីរ​នាក់ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​កម្ពុជា។

តុលាការ​កម្ពុជា កាល​ពី​ខែ​កុម្ភៈ​បាន​កាត់​ទោស​ជន​ជាតិ​ថៃ​ពីរ​នាក់ ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​មក​កម្ពុជា និង​ចូល​តំបន់​ហាម​ឃាត់​យោធា។

លោក កាសិត ភិរម្យ (Kasit Piroyma) មាន​ប្រសាសន៍​បន្ត​ថា ពល​រដ្ឋ​ខ្មែរ​ម្នាក់​នេះ នឹង​អាច​ប្រឈម​មុខ​និង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ភាគ​បី​នៃ​ទោស​ខ្លួន​ជា​មុន​សិន មុន​នឹង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្នក​ទោស​បាន។ ចំណែក​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាប់ភិសិត វិចាជីវ៉ា (Abhisit Vejjajiva) បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​ការ​បរទេស​ខ្លួន​ធ្វើ​ការ​បក​ស្រាយ​ការ​ចោទ​ប្រកាន់​របស់​កម្ពុជា​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​នេះ។

កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ បាន​បដិសេធ​ថា​មិន​បាន​បញ្ជូន​អ្នក​ស៊ើប​ការណ៍​យោធា​ទៅ​តំបន់​ជម្លោះ​នោះ​ទេ ហើយ​កម្ពុជា​ជឿ​ជាក់​ថា ការ​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​របស់​ថៃ ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​ឈ្លាន​ពាន​កម្ពុជា​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ថា តុលាការ​ថៃ​នឹង​បន្ត​ដំណើរ​ការ​តាម​ប្រព័ន្ធ​យុត្តិធម៌​ជា​មុន​សិន មុន​នឹង​រដ្ឋាភិបាល​ធ្វើ​អត្ថាធិប្បាយ​ជា​បន្ត​ទៀត៕